រាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ជំងឺកូវីដ១៩ មិនទាន់មានស្ថាប័នណាមួយព្យាករណ៍ថា អាចនឹងស្ងប់ស្ងាត់ ឬអាចគ្រប់គ្រងបានអំពីការរីករាលបាននោះទេ ។ សម្រាប់ប្រទេសកម្ពុជា បើជំងឺកូវីដ-១៩នេះ បន្តអូសបន្លាយយូរថែមទៀតអាចនឹងធ្វើវិស័យទេសចរណ៍ក្នុងចំណោម វិស័យផ្សេងទៀត ប្រឈមមុខនឹងការបាត់បង់អ្នកជំនាញក្នុងផ្តល់សេវា ខណៈសព្វថ្ងៃនេះអ្នកជំនាញសង្កេតឃើញសញ្ញានៃការផ្តាស់ប្តូរការងារចាប់ផ្តើមហើយ ។
លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី៧ សីហានេះថា ស្ថិតកាលៈទេសៈបច្ចុប្បន្នតំបន់វប្បធម៌ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ (សៀមរាប) ឃើញថា មានភាពស្ងប់ស្ងាត់ ហើយអ្នកផ្តល់សេវាតូចធំបានទទួលរងផលប៉ះពាល់ខ្លាំងមានអ្នកខ្លះព្យួរ និងខ្លះទៀតបានបិទទ្វារផ្អាកធ្វើអាជីវកម្មជាដើម។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាគូមានប្រសាសន៍ថា ទោះបីពួកគាត់ត្រូវបិទទ្វារអាជីវកម្ម តែពួកគាត់ត្រូវការចំណាយទៅលើអគ្គិសនី ដើម្បីរក្សាសម្ភារៈទុកឱ្យល្អ ។ គាត់ត្រូវជួយដល់បុគ្គលិកខ្លះទៀតនៅប្រាក់បៀរវត្សតិច ឬច្រើនមួយចំណែកផ្សេងទៀត ដើម្បីរក្សាសុខភាពសហគ្រាសរបស់ពួកគាត់ ។ លោកស្រីបានបន្តថា «តាមការប្រមើមើលទៅមិនល្អប្រសើរ នៅក្នុងរយៈពេលខ្លីនេះទេ បើស្ថានការ (កូវីដ១៩) នៅបន្តអូសបន្លាយអាចធ្វើឱ្យមនុស្សបាត់បង់ការងារច្រើន ហើយប្រឈមមុខនឹងការប្រឹងរស់ថា ត្រូវរស់តាមរបៀបផ្សេងគ្នា ។ អីចឹងអាចប្រឈម និងការបាត់អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ពួកគាត់អាចផ្លាស់ប្តូរការងារ អ្នកណាអាចធ្វើអ្វីបានគាត់នឹងទៅធ្វើ» ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន សង្កត់ធ្ងន់ថា «យើងអាចប្រឈមមុខនឹងការបាត់បង់អ្នកជំនាញ នៅពេលណាស្ថានការណ៍ប្រសើរឡើងវិញនៅឆ្នាំណាមួយនោះ។ យើងតាមរកអ្នកជំនាញទាំងនោះមានការពិបាក (គ្រប់ផ្នែក)។គាត់ជ្រុលធ្វើការផ្លាស់ប្តូរការងារទៅហើយ គាត់អាចមិនត្រលប់មកវិញទេ។ អ្នកជំនាញតាមផ្នែកនីមួយៗនៅក្នុងវិស័យទេសចរណ៍មានការបណ្តុះបណ្តាលមានរយៈពេលយូរទម្រាំបានធនធានមនុស្សជាទីគាប់ចិត្ត»។
បើតាមប្រធានសមាគមរូបនេះ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍មានការផ្លាស់ប្តូរការងារខ្លះៗហើយ ទៅធ្វើការងារខុសពីជំនាញ ខណៈការជួយរបស់ម្ចាស់សហគ្រាសមិនអាចជួយឱ្យគាត់រស់បានដូចពេលមុនៗ។ លោកស្រីបានបន្តថា « យើងឃើញពួកគាត់មានការផ្លាស់ប្តូរការងារខ្លះៗហើយ។ អ្នកណាស្វែងរកការងារនៅទីណាបាន គាត់ចេះតែស្ទុះស្ទារដើម្បីរស់ ព្រោះថាអ្វីដែលក្រុមហ៊ុនជួយជាថវិកាខ្លះៗ មិនអាចឱ្យគាត់អាចរស់បាន ហើយម្ចាស់សហគ្រាសខ្លះមិនអាចបន្តនូវការជួយដល់ពួកគាត់ក៏មានដែរ។ ពួកគាត់ដែលស្ទុះស្ទារទៅរកអាជីពផ្សេងនោះ សុទ្ធតែខុសជំនាញទាំងអស់។ ដូចនេះយើងមានការបារម្ភមែនទែន នៅពេលស្ថានការណ៍មានភាពប្រសើរឡើងវិញ គាត់អាចអត់ត្រលប់មកវិញ»។
លោកស្រីបានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះតទៅមុខ យើងប្រឈមការបាត់បង់អ្នកជំនាញបន្តិចម្តងៗ ព្រោះថាម្ចាស់សហគ្រាសទាំងអស់គាត់ទៅមិនរួច(ចំណាយ)អស់រយៈពេលជាច្រើនខែមកហើយនៅក្នុងការជួយចេញការចំណាយដល់អ្នកជំនាញទោះបីតិចក្តីច្រើនក្តី ព្រោះសហគ្រាសគ្មានប្រាក់ចំណូល។
បើស្ថានភាពនៃជំងឺកូវីដ -១៩ នៅតែបន្តអូសបន្លាយបែបនេះ ពិតណាស់យើងនឹងបាត់បង់ធនធានមនុស្សដែលមានជំនាញនៅក្នុងវិស័យទេសចរណ៍។អីចឹងទល់តែយើងមានយន្តការអ្វីមួយជួយពួកគាត់ ធ្វើយ៉ាងម៉េចអាចរក្សាពួកគាត់ឱ្យនៅក្នុងដំណាក់កាលនេះ កុំឱ្យគាត់ប្តូរការងារ។ បើមិនចឹងទេ យើងប្រឈមមុខបាត់បង់អ្នកជំនាញហើយ»៕
ចែករំលែកព័តមាននេះ