ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរនារី​ដោះ​មីន គង់​ សា​រឿ​ន ជីវិត​កំពុង​ជួប​ទុក្ខ​ជា​ទម្ងន់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ វីរនារី​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង គឺអ្នកស្រី​​គង់ សា​រឿ​ន អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ក្អា​ម ​ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប ​មានទុក្ខ​​ជា​​ទម្ងន់​…

ខេត្តស្វាយរៀង​ ៖​ វីរនារី​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង គឺអ្នកស្រី​​គង់ សា​រឿ​ន អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ក្អា​ម ​ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប ​មានទុក្ខ​​ជា​​ទម្ងន់​ ​បន្ទាប់ពី​​​​អ្នក​ស្រី​មាន​ជម្ងឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន​ទៅ​ណា​លែង​រួច​នៅ​តែ​លើ​គ្រែ ចំណែក​ស្វាមី​ឈ្មោះ​ភោគ សំ​អុល អាយុ​៧០​ឆ្នាំ មាន​ជម្ងឺលើសឈាម ទឹកនោមផ្អែម​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ខណៈ​កំពុង​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ ។​

​អ្នក​ស្រី​វីរៈនារី​ដោះ​មីន​គង់​ សា​រឿ​ន បាន​លើកដៃ​សំពះ​អំពាវនាវ​រក​សប្បុរសជន មេត្តា​ជួយ​ឧបត្ថម្ភជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​ស្វាមី​និង​រូប​គាត់​ដោយ​អនុគ្រោះ​​នា​​ជីវិត​ចុង​ក្រោយ​នេះ​ផង​។

​អ្នក​ស្រី​គង់​ សា​រឿ​ន ក៏​បាន​រៀបរាប់​ពី​ជីវៈ​ប្រវត្តិ​របស់​គាត់​ប្រាប់​​ឱ្យ​អ្នក​សារ​ព័ត៌មានកោះសន្តិភាព​​ដឹង​​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ ឆ្នាំ​១៩៧៩ ​អ្នក​ស្រី​បាន​ស្ម​គ្រ័​ចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង ​ហើយ​បាន​ដោះ​មីន​គ្រប់​ប្រភេទ ដោះ​ចម្រូង និង​ប្រមូល​យុទ្ធ​ភ​ណ្ឌ័​មិន​ទាន់​ផ្ទុះ​សម័យ​សង្គ្រាម ជា​រៀងរាល់ថ្ងៃ គ្មាន​ថ្ងៃ​សម្រាក​ទេ​ គឺ​ដោះ​មីន​រយៈពេល​១៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៩២​ទើប​រដ្ឋាភិបាល​រំសាយ​អង្គភាព​ដោះ​មីន​។

​អ្នកស្រី​បាន​​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​ធ្វើការ​ដោះ​មីន​នោះ​ រដ្ឋាភិបាល​បាន​ផ្តល់​គ្រឿង​ឥសរិយយស់​ចំនួន​៦​គឺ ១-​មេដាយ​យុទ្ធ​ជន​ប្តេជ្ញា​ឈ្នះ​១​គ្រឿង ២-​មេដាយ​ការពារ​មាតុភូមិ​មួយ​គ្រឿង ៣-មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​ទី​២​មួយ​គ្រឿង ៤-មេដាយ​វីរៈជន​១​គ្រឿង ​៥-មេដាយ​ស្ថាបនា​ឌិន​១​គ្រឿង​ និង​៦-ព្រះមហាក្សត្រ​បាន​ព្រះរាជ​ប្រទាន មេដាយ​១​គ្រឿង​។

​អ្នកស្រីបាន​បន្ត​ទៀត​ថា ​នៅ​ឆ្នាំ​២០០៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន បាន​សង់ផ្ទះ​ឲ្យ​១​ខ្នង តាម​រយៈ​លោក​ជំទាវ​សង្គហ​បណ្ឌិត​ម៉ែ​ន​ សំ​អន ផ្ទះ​សង់​អំពី​ឈើ ប្រក់ស័ង្ក​សី ជញ្ជាំង​ក្តារ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​ចាស់​ទ្រុឌទ្រោម​បន្តិច​ហើយ ប្រេះ​បែក​ជើង​តាង​អស់ហើយ ពេល​មាន​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​គឺ​មិន​ហ៊ាន​នៅ​លើ​ផ្ទះ​ទេ​ ចុះ​មក​នៅ​ខ្ទម​ខាងក្រៅ​ផ្ទះ ​។

​អ្នក​ស្រី​​បាន​បន្ត​ទៀត​ថា គាត់​មាន​ស្វាមី មានកូន​​ចំនួន​៣​នាក់​ (ស្រី​២​នាក់) មិន​បាន​រៀនសូត្រ​ចេះ​ជ្រៅជ្រះ​ទេ​ ដោយសា​​ជីវភាព​ក្រីក្រមាន​តែ​ដី​លំនៅ​ឋាន​ទំហំ​៣០​ម៉ែត្រ​៤០​ម៉ែត្រ​ប៉ុណ្ណោះ​ គ្មាន​ដីស្រែ​ទេ ទើប​ជីវភាព​លំបាក​ ។ ​បច្ចុប្បន្ន​កូន​ទាំង​៣​នាក់​បាន​រៀប​ការ​អស់ហើយ​ កូន​ស្រី​ទី​១​មាន​ប្តី​ទៅ​រស់នៅ​ខេត្តកំពង់ចាម​ កូនស្រី​ទី​២​មាន​ប្តី​ហើយ​ទៅ​រស់នៅ​ខាង​ប្តី ក្នុងភូមិ​អូរ​ក្អា​ម​ដែរ​ ក៏​ប៉ុន្តែពួកគេ​​មាន​ជីវភាព​ក្រីក្រធ្វើការ​នៅ​ក្នុង​រោងចក្រ​។ រីឯ​កូនប្រុស​ទី៣​មាន​ប្រពន្ធ​ហើយ​ដែរ រស់នៅ​ក្នុង​ឃុំ​សំបួរ​ស្រុក​ស្វាយ​ទាប​ដែរ​ ក៏​ប៉ុន្តែ​មាន​ជីវភាព​ក្រីក្រ ប្រពន្ធ​ធ្វើការ​រោងចក្រ​ពេល​ថ្ងៃ ចំណែក​ប្តី​ធ្វើការ​រោងចក្រ​នៅ​ពេល​យប់​​។ហើយ​សព្វ​​ថ្ងៃ​អ្នកស្រី​បាន​យក​ចៅប្រុស​ម្នាក់​មក​ចិញ្ចឹម​ឈ្មោះ​ទឹម​កក្កដា អាយុ​១១​ឆ្នាំ​ រៀន​ថ្នាក់​ទី​៤ ។

អ្នកស្រីបាន​បន្ត​ទៀត​ថា កន្លង​មក​មានការ​លំបាក​ក្នុង​ជីវភាព​យ៉ាង​ខ្លាំង​ទើបតែ​ខែសីហា​នេះ ​គាត់​បាន​សុំ​ប​ណ្ណ័​សមធម៌​នៅ​ខេត្តស្វាយរៀង​ពេល​ស្វាមី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត អាជ្ញាធរ​ឲ្យ​ប័ណ្ណ​ក្រ​២ បើកប្រាក់​បាន​១៧៧.០០០​រៀល​ ។​ រីឯ​ស្វាមី​គាត់​មាន​ជម្ងឺ​ដេកពេទ្យ​នេះ​រយៈពេល​២​ឆ្នាំ​មក​ហើយ ​បច្ចុប្បន្ន​គឺ​កំពុង​ដាក់​ខ្យល់​​អុក​​ស៊ី​សែន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ហើយ​រូប​គាត់​នៅផ្ទះ​២​នាក់​និង​ចៅ កូនស្រី​នៅ​ថែ​ឪពុក​នៅ​ពេទ្យ កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ​សូម​សប្បុរស​មេត្តា​ជួយ​ដោយ​អនុគ្រោះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ