រាជធានីភ្នំពេញ ៖ វិបត្តិជំងឺឆ្លងកូវីដ១៩ គិតមកដល់ខែ សីហា២០២០នេះ នៅតែមិនទាន់ប្រសើរឡើងនៅឡើយនៅលើពិភពលោក ហើយជំងឺនេះ បានបន្តរាលដាលនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដែលនឺងធ្វើអោយប្រទេសនីមួយៗកាន់តែធ្លាក់ទៅក្នុងវិបត្តិខ្លាំងឡើងៗ ជាក់ស្ដែងវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដោយរំពឹងថា ភ្ញៀវទេសចរបរទេសចូលកម្ពុជា ក្នុងឆ្នាំ ២០២០នេះ នឹងធ្លាក់ចុះខ្លាំងផងដែរ ហើយភ្ញៀវមកដល់កម្ពុជាយ៉ាងច្រើនបំផុតរំពឹងថាត្រឹម២,៥លាននាក់ប៉ុណ្ណោះ ខណៈឆ្នាំមុនភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជាប្រមាណ៦,៦លាននាក់ ។
បើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងបរិការណ៍នៃជំងឺកូវីដ១៩ឆ្នាំ ២០២០នេះ ទេសចរណ៍កម្ពុចាត្រូវបានព្យាករណ៍មាន៣សេនារីយ៉ូ ៖១) សេនារីយ៉ូទី១ ថយចុះពី៥០ភាគរយទៅ៦០ភាគរយ ហើយរំពឹងថាកម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ២,៥លាននាក់ ២) សេនារីយ៉ូទី២ ថយចុះពី៦០ភាគរយទៅ ៧០ភាគរយ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ២លាននាក់ និងសេនារីយ៉ូទី៣ ថយចុះពី៧០ភាគរយទៅ ៩០ភាគរយ ក្នុងនោះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ ១,៥លាននាក់ប៉ុណ្ណោះ ។
ការព្យាករណ៍របស់ក្រសួងទេសចរណ៍ថា ស្ថិតក្នុងស្ថានភាពមិនច្បាស់នៃជំងឺកូវីដ១៩ កម្ពុជាប្រហែលជាស្ថិតនៅក្នុងសេនារីយ៉ូទី៣ ដែលផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ មានដូចជាទី១ ខាតបង់ចំណូលទេសចរណ៍អន្តរជាតិប្រមាណ៣ពាន់លានដុល្លារអាមេរិក ទី២ រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ( GDP) អាចថយចុះពីជាង១២ភាគរយ មកនៅក្រោម១០ភាគរយ ទី៣ មូលដ្ឋានអាជីវកម្មទេសចរណ៍ ៣.១៣៥ទីតាំង ត្រូវបានបិទនិងផ្អាកដំណើរការ គិតត្រឹមខែកក្កដា ២០២០ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាកងារទេសចរណ៍ កីឡាទេសចរណ៍ និងអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្កាឌិន បុគ្គលិកបម្រើការប្រមាណ១១ម៉ឺននាក់ ប្រហែលពី១៥ភាគរយទៅ២០ភាគរយ នៃកំលាំងពលកម្មបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវបានបញ្ឈប់ការងារ ក្នុងនោះបុគ្គលិកបម្រើផ្នែកសេវារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជាម៉ាស្សា ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្កាឌិន ស្ទើរតែ១០០ភាគរយ និងផ្នែកសេវាកម្មស្នាក់នៅដែលផ្ដោតលើទីផ្សារទេសចរណ៍អន្តរជាតិ ដោយឡែកមគ្គុទ្ទេសក៏ទេសចរប្រមាណជាង៣ភាគរយ ត្រូវបានព្យួរអាជ្ញាបណ្ណទេសចរណ៍ ។
តាមការព្យាករណ៍ដដែលក៏បានបង្ហាញពីស្ថានភាព ទេសចរណ៍ក្នុងឆ្នាំ២០២១ផងដែរ ដោយបានព្យាករណ៍ថានឹងមានកំណើនឡើងវិញក្នុងន្លោះពី២៥ភាគរយ ទៅ៣៥ភាគរយ តែស្ថិតនៅក្នុងបរិមាណតិចនៅឡើយ ក្នុងនោះចំណូលទេសចរណ៍អន្តរជាតិនឹងអាចទទួលបានប្រមាណ២ពាន់លានដុល្លារអាមេរិករួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ១០ភាគរយ និងមុខរបរនិងការងារក្នុងវិស័យទេសរណ៍ប្រមាណ៥០ម៉ឺននាក់ ។
ឆ្នាំ ២០២២ ទេសចរណ៍កម្ពុជាត្រូវបានព្យាករថា នឹងរក្សានូវកំណើនក្នុងន្លោះពី២០ភាគរយទៅ៣០ភាគរយ ហើយឆ្នាំ២០២៣ ដោយសារតែកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ SEA GAME កម្ពុជាព្យាករថានឹងទទួលបានភ្ញៀវអន្តរជាតិពី២,៥លាននាក់ទៅ៣,៥លាននាក់ ។ សូមបញ្ជាក់ផងដែរ កាលពីឆ្នាំ២០០៣កន្លងទៅពិភពលោកក៏បានជួបប្រទះនឹងវិបត្តិជំងឺសារ ដែលធ្វើអោយទេសចរណ៍រងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែកាលនោះ ជំងឺសារមិនធ្វើអោយបិទប្រទេសដូចជំងឺកូវីដ១៩នោះទេ ។
ជំងឺសារបានធ្វើអោយទេសចរអន្តរជាតិថយចុះប្មរាណ៩,៤លាននាក់ និងខាតបង់ចំណូលទេសចរណ៍ប្រមាណពី៣០ពាន់លានទៅ៥០ពាន់លានដុល្លារអាមេរិក ។ចំណែកកូវីដ១៩ បានធ្វើអោយវិស័យទេសចរណ៍ស្ទើរតែធ្លាក់ដល់សូន្យ ជាក់ស្ដែងរយៈពេលតែជិត១ឆមាសនៃឆ្នាំ ២០២០នេះអង្គការទេសចរណ៍ពិភពលោកបានប៉ានប្រមាណថា ធ្វើអោយបាត់ចំណូលទេសចរណ៍អន្តរជាតិប្រមាណ៣២០ពាន់លានដុល្លារអាមេរិក និងបាត់ភ្ញៀវទេសចរអន្តរជាតិប្រមាណ៣០០លាននាក់ ៕
ចែករំលែកព័តមាននេះ