ខេត្តកំពង់ចាម ៖ នៅក្រោមម្លប់ឆត្រតូចមួយ លោកយាយវ័យ៧០ឆ្នាំកំពុងតែអង្គុយលក់ក្រម៉ានៅចិញ្ចើមថ្នល់ផ្លូវបេតុងមុខផ្សារក្បែរ ច្រកចូលប្រាសាទនគរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ។ បើតាមលោកយាយបានពោលថា មានពេលខ្លះលក់ស្ទើរមួយកំណាត់ព្រឹក សូម្បីតែក្រមា១មិនដាច់ក៏មានដែរ។ ទោះបីជាវ័យចាស់បែបនេះទៅហើយគឺមិនដែលស្រណុកឡើយ គឺត្រូវប្រឹងរកលុយ ដើម្បីដោះស្រាយជីវភាពគ្រួសារ។
លោកយាយរ៉េន រ៉ាន់ បានរៀបរាប់ឱ្យកោះសន្តិភាពដឹង ព្រឹកថ្ងៃទី៥ សីហា ២០២០ថា គាត់បានចាប់ផ្ដើមប្រកបរបរលក់ក្រមាខ្មែរ គិតរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយ។ចំណែកប្ដីរបស់គាត់វិញរត់ម៉ូតូឌុបគ្រាន់នឹងបានលុយខ្លះ ដើម្បីដោះស្រាយជីវភាព ទោះបីគាត់មានកូនចំនួន៣នាក់ ក៏ពិតមែនតែកូនទាំងនោះសុទ្ធតែមានជីវភាពក្រដូច្នេះហើយ ទើបគាត់ប្រឹងប្រែងតស៊ូ ដើម្បីរស់បន្តទៀត។
លោកយាយរូបនេះបានរៀបរាប់បន្តទាំងទឹកមុខមិនសប្បាយចិត្តដោយបានលើកឡើងថា «មកដល់ឆ្នាំ២០២០នេះ ខ្ញុំមានអាយុ៧០ឆ្នាំហើយ ព្រមទាំងមានជំងឺលើសឈាមទៀតផង។ រាល់ព្រឹកគាត់ឱ្យប្ដីដែលមានវ័យ៧២ឆ្នាំឌុបចេញពីផ្ទះនៅឃុំកោះរកា ស្រុកកំពង់សៀម មកលក់នៅផ្សារវត្តនគរបាជ័យ ជាក់ស្ដែងនាព្រឹកថ្ងៃទី៥ សីហា គាត់លក់ក្រម៉ាដាច់បានចំនួន៣ ក្នុងនោះ ក្រមាមួយចំណេញ១.០០០រៀល ។មានពេលខ្លះអង្គុយលក់ពីរទៅបីម៉ោងមិនបាច់សូម្បីតែ១០០លុយខ្មែរក៏មាន ដោយសារមិនមានអ្នកមកទិញ។ មានពេលខ្លះ បានឱ្យប្ដីឌុបមកលក់នៅផ្សារព្រែកដើមចាន់ ផ្សារភ្នំប្រុសភ្នំស្រី ផ្សារត្រពាំងថ្ម ឬក៏ជិះរថយន្តឈ្នួលមកនោះនៅរាជធានីភ្នំពេញ ក៏មានដែលអាចចំណេញថវិកាបាន៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកយាយលក់ក្រមាបាននិយាយទាំងដកដង្ហើមធំថា «ចៅប្រុសអើយ!ទោះបីជាខ្ញុំចាស់បែបនេះ ទៅហើយក្តី ដោយមិនបានពឹងទៅលើកូនចំនួន៣នាក់ ដែលពួកគេមានប្ដីប្រពន្ធអស់ហើយ” ព្រោះសុទ្ធតែមានជីវភាពក្រ ហេតុដូច្នេះទើបពួកគាត់ទាំងពីរនាក់(តាយាយ) ត្រូវតែប្រឹងប្រែងរកលុយ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ក្នុងពេលដែលជម្ងឺ covid បានផ្ទុះឡើងគាត់ព្រួយបារម្ភហើយក៏មិនបានចេញទៅលក់ក្រម៉ា ប្រហែលពីរខែទើបតែស្ងប់ស្ងាត់ ក៏បានចេញមកលក់វិញជាបណ្ដើរៗជាមួយនោះក៏មានសាប៊ូសម្រាប់លាងដៃ ធ្វើយ៉ាងណាការពារកុំអោយឆ្លងជំងឺនេះ៕
ចែករំលែកព័តមាននេះ