រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ វិស័យ​កសិកម្ម​នៅ​មាន​សក្តានុពល​អាច​ស្តារ​សេដ្ឋកិច្ច​នា​សម័យ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​សំខាន់​ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​កំពុង​រង​គ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា កម្ពុជា​បាន​ចាត់​ទុក​វិស័យ​កសិកម្ម គឺជា​វិស័យ​នាំមុខ​មួយ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត ដែល​បាន​រួម​វិភាគទាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ របស់​ប្រទេស​កម្ពុជា និង​បាន​រួមចំណែក​ក្នុង​កំណើន​ផលទុនជាតិ ហើយ​វិស័យ​នេះ​ក៏​បាន​ជួយ​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដែល​មាន​ជីវភាព​រស់នៅ​ពឹង​អាស្រ័យ​លើ​ការងារ​កសិកម្ម ។

ហើយ​មាន​តែ​វិស័យ​កសិកម្ម​ទេ ដែល​នៅ​មាន​សក្តានុពល​អាច​ស្តារ​សេដ្ឋកិច្ច​នា​សម័យ​កូ​វី​ដ​១៩ ។ ដោយ​សម្លឹង​ឃើញ​ថា វិស័យ​កសិកម្ម​មិន​បាន​រង​គ្រោះ​ព្រោះ​ជំងឺ​រាតត្បាត​នេះ រាជរដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​ក្នុង​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន​ធន់ និង​ការ​ប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​សំដៅ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

ដើម្បី​សម្រេច​បាន និង​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​នេះ​គោលដៅ​ចម្បង​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​គឺ ៖ ទី​១- ជំរុញ​កំណើន​នៃ​តម្លៃបន្ថែម​សរុប​របស់​វិស័យ​កសិកម្ម​ឱ្យ​កើន​ក្នុង​រង្វង់​៣% ក្នុង​មួយ​ឆ្នាំ ទី​២- ផលិតភាព​ពលកម្ម​កសិកម្ម​ត្រូវ​រុញ​ឱ្យ​កើន​ពី​១៨៣៩ ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៩ ដល់ ៤ ៦២៥ ដុល្លារ​អា​មេ​រិ​ក​/​ម្នាក់​/​ឆ្នាំ នៅ​ឆ្នាំ​២០៣០​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឆ្លើយ​តប និង​សំនួរ​ជា​ច្រើន​ទាក់ទង​នឹង​វិស័យ​នេះ លោក​បានឱ្យ​ដឹង​ថា «​កសិកម្ម​នៅ​តែ​សំខាន់​នា​ពេល​នេះ គឺ​ដោយសារ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​បាន​ធ្លាក់​ចុះ​ពោល គឺ​មាន​តែ​វិស័យ​កសិកម្ម​ទេ​ដែល​នៅ​មាន​សក្តានុពល​អាច​ស្តារ សេដ្ឋកិច្ច​នា​ពេល​នេះ​បាន​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​ធ្លាក់​ចុះ -១,៩% នា​ឆ្នាំ​២០២០ នេះ​ដែល​ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​អាច​មាន​កំណើន​ជា​អវិជ្ជមាន ហើយ​វិស័យ​កសិកម្ម​នឹង​អាច​មាន​កំណើន​ប្រមាណ​ជាង + ១% ។ សក្តានុពល​កសិកម្ម​នៅ​រឹង​មាំ លទ្ធភាព​ផលិត​នៅ​មាន​ច្រើន ពលកម្ម​ចំណាកស្រុក​បាន​ហូរ​ចូល​មក​វិញ​ដែល​ទាំងនេះ នឹង​អាច​ជួយ​រុញ​វិស័យ​កសិកម្ម ឱ្យ​រីក​លូតលាស់​បាន ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩​នេះ​។

កសិករ​មានឱកាស​ច្រើន​ជាង​មុន​ក្នុង​ការ​បង្កើន​ផលិតកម្ម​ដំណាំ​ស្បៀងអាហារ​ត្រី​សាច់ ដោយហេតុ​ថា​មាន​តម្រូវការ​ច្រើន​ពី​អ្នក​ប្រើប្រាស់ ក្នុង​ខណៈ​ពេល​ដែល​ការ​នាំ​ចូល​ត្រូវ​បាន​ថយ​ចុះ (​បញ្ហា​កូ​វី​ដ​១៩​នា​ពេល​កន្លង​មក បាន​ធ្វើ​ឱ្យ​ថមថយ​ការ​ដឹក​ជញ្ជូន​ទំនិញ ក៏​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​)​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្នុង​រយៈពេល​នេះ​ក៏​មាន​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​តែ​បញ្ជា​ទិញ​ទំនិញ ស្បៀង​ពី​កម្ពុជា​ដដែល (​អង្ករ ពោត ដំឡូង​មី ស្វាយ ចេក ។​ល​។​) មិន​មានការ​ថយ​ចុះ​ឡើយ ហើយ​ក៏​មានការ​កើន​នូវ​បរិមាណ​ច្រើន​ជាង​មុន​។

ជា​រួម លទ្ធភាព​នៃ​ផលិតកម្ម​កសិកម្ម​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​បាន ដូច​ជា​អង្ករ ត្រី សាច់ ផ្លែ​ឈើ​មួយ​ចំនួន​ដែល​មាន​សក្តានុពល​។ ប៉ុន្តែ ក៏​មានការ​នាំ​ចូល​នូវ​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​មិន​មានការ​ផលិត​ច្រើន​ផង​ដែរ ពិសេស​នៅ​ពេល​ដែល​មានការ​ពាក់ព័ន្ធ​នឹង​រដូវ​កាល​ដាំ​ដុះ ដែល​កម្ពុជា​មិន​អាច​ដាំ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីផ្សារ​កសិកម្ម​ប្រកបដោយ សក្តានុពល​នៅ​កម្ពុជា​រួម​មាន ទីផ្សារ​អង្ករ ពោត ដំឡូង​មី ស្វាយ ចេក កៅស៊ូ ចន្ទី​ម្រេច ផល​វារីវប្បកម្ម ជាដើម​។​ល​។ ហើយ មុខ​ផលិតផល​ជា​ទំនិញ​កសិកម្ម​ទាំងនេះ អាច​មានការ​ប្រកួតប្រជែង​បាន ពិសេស​ភាព​អនុ​គ្រោះជា​ច្រើន ដែល​រាជរដ្ឋាភិបាល បាន​ផ្តល់​ជូន​នា​ពេល​កន្លង​មក (​ភាព​អនុគ្រោះ​ក្រោម​ច្បាប់​វិនិយោគ និង​ការ​សម្រួល​បន្ថែម​ទៀត​នា​ពេល​ថ្មី​ៗ​នេះ​) ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ