ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះ​ឆេះ​ដ៏​​ខ្លាំង​​២ ឆក់​យក​ជីវិត​មនុស្ស​​៧៣នាក់ ​​របួស​ជាង​៣.៧០០​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ការ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​២​ ត្រូវ​បាន​លាន់ឮ កាលពី​ថ្ងៃ​ទី​៤ ខែ​​សីហា​ ឆ្នាំ ២០២០ នៅ​ក្រុង​​បេ​រូត រដ្ឋធានី​លី​បង់​។…

ប្រទេស​លី​បង់ ៖ ការ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​២​ ត្រូវ​បាន​លាន់ឮ កាលពី​ថ្ងៃ​ទី​៤ ខែ​​សីហា​ ឆ្នាំ ២០២០ នៅ​ក្រុង​​បេ​រូត រដ្ឋធានី​លី​បង់​។ តាម​ការ​វាយតម្លៃ​ដំបូង​ថា ការ​ផ្ទុះ​ឆេះ​ដ៏​សាហាវ​២ ដែល​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​ក្នុង​ពេល​ភ្លាម​ៗ ត្រូវ​បាន​ស្ដាប់​ឮ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ក្រុង​បេ​រូត​។ វា​កើត​មាន​ក្នុង​តំបន់​កំពង់​ផែ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​៧៣​នាក់ ​និង​របួស​ជាង​៣.៧០០​នាក់​។

បណ្ដា​រូបភាព​វី​ដេ​អូ​ និង​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​ភ្លើង​កំពុង​ឆេះ​ និង​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ទៅ​លើ​អាកាស ព្រមទាំង​ការ​បំផ្លាញ​ដ៏​ធំធេង​។ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​​រូបភាព​នានា នៃ​មនុស្ស​ច្រើន​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក ហើយ​មនុស្ស​មួយ​ចំនួន​រង​របួស​ឈាម​ហូរ​ដាប​ខ្លួន​។ ប្រជាជន​ច្រើន​នាក់​ដែល​រង​របួស បាន​នាំ​គ្នា​ដើរ​តាម​ដង​វិ​ថី​នានា​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​។

ប្រធានាធិបតី​លី​បង់​លោក​ MICHEL AOUN​​ នាយប់​ថ្ងៃ​ទី​៤ ខែ​​សីហា បាន​កោះ​កិច្ចប្រជុំ​បន្ទាន់​មួយ របស់​ក្រុមប្រឹក្សា​ការពារ​ជាន់ខ្ពស់​។ ចំណែក​នាយក​រដ្ឋមន្ត្រី​លោក ​HASSAN DIAB បាន​ប្រកាស​ទិវា​កាន់​ទុ​​ក្ខ​ជាតិ​មួយ​នា​ថ្ងៃ​ទី​៥ ​សីហា​។

រដ្ឋមន្ត្រី​សុខាភិបាល​លី​បង់​លោក​ហា​ម៉ា​ដ​ហា​សាន់ ​អះអាង​ថា នោះ​ជា​គ្រោះ​មហន្តរាយ​ដ៏​សែន​ទារុណ​មួយ​។ បណ្ដា​សាកសព​ឃើញ​រាយ​ប៉ាយ​នៅ​លី​ដី បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ និង​ឃ្លាំង​នានា​រង​ការ​បំផ្លាញ​អស់​គ្មាន​សល់​។ នៅ​កំពង់​ផែ​ក្រុង​បេ​រូត ​គេ​ស្ដាប់​ឮ​ការ​ផ្ទុះ​ដ៏​ខ្លាំង​២​នា​ថ្ងៃ​ទី​៤​សីហា បណ្ដាល​ឲ្យ​មានការ​បំផ្លាញ​ធំធេង​ និង​នាំ​ឲ្យ​មានការ​ជ្រួលច្របល់​នៅ​ក្នុង​រដ្ឋធានី​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​ផ្នែក​សន្តិសុខ​លី​បង់​ម្នាក់​និយាយ​ថា ការ​ផ្ទុះ​ដ៏​ខ្លាំង​អាច​បណ្ដាល​មក​ពី​បណ្ដា​វត្ថុ​ធាតុ​ផ្ទុះ ដែល​ចា​ប់រិប​អូស​យក​បាន​ហើយ​យក​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​អាប់​បា​ស់ុ​អ៊ី​ប្រា​ហ៊ីម​អគ្គនាយក​ផ្នែក​សន្តិសុខ​ដែល​ទៅ​កាន់​កន្លែង​ផ្ទុះ​ឆេះ​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ថា ការ​ផ្ទុះ​ហាក់ដូចជា​បណ្ដាល​មក​ពី​បណ្ដា​វត្ថុ​ធាតុ​ផ្ទុះ​ដែល​ចា​ប់រិប​អូស​យក​បាន​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ និង​យក​ទៅ​ស្តុក​ទុក ក្នុង​ឃ្លាំង​មួយ​នៃ​កំពង់​ផែ​នោះ​។ ប៉ូលិស​កំពុងធ្វើការ​ស៊ើ​ប​អង្កេត​រក​ប្រភព​ពិត​នៃ​ការ​ផ្ទុះ​ឆេះ​ទាំងនេះ​។

តាម​ពិត​ទៅ​គ្រឿងផ្ទុះ​នីត្រាត​អា​ម៉ូ​នី​ញ៉ូ​ម ​ដល់​ទៅ​ប្រមាណ​ជា​២.៧៥០​តោន​ត្រូវ បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ​នៃ​កំពង់​ផែ​។ នាយក​រដ្ឋមន្ត្រី​លី​បង់​ថ្លែង​ថា វា​ជា​រឿង​មិន​អាច​ទទួលយក​បាន ដែល​គ្រឿង​ផ្ទុះ​នីត្រាត​អា​ម៉ូ​នី​ញ៉ូ​ម​ដល់​ទៅ​២.៧៥០​តោន​យក​ទៅ​ស្តុក​ទុក ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយ​ក្នុង​ឃ្លាំង​មួយ ដោយ​គ្មាន​វិធានការ​ប្រុង​ប្រយ័ត្ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ