ខេត្តបន្ទាយមានជ័យ ៖ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសលើបញ្ហាគ្រឿងញៀនកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ក្នុ្ងរយៈពេល២ថ្ងៃនេះ បានចុះបំបែក សំបុកជួញដូរគ្រឿងញៀនមួយកន្លែងនិងចាប់ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនបានសរុបចំនួន១៩នាក់ ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថានៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះបង្រ្កាបកន្លែងផ្ទះជួញដូរគ្រឿងញៀន១កន្លែង នៅចំណុចស្ថានីយ៍រថភ្លើងសិរីសោភ័ណ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ទី១. ឈ្មោះ អ៊ុក ប្រុស ហៅជ័យ ភេទប្រុសអាយុ២២ឆ្នាំ, ២. ឈ្មោះ រុំ សារៈ ភេទប្រុស អាយុ៣១ឆ្នាំ និងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហមមានអក្សរWY ចំនួន២គ្រាប់ ។
ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក ផាន់ ភីរម្យ ព្រះតរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ កម្លាំងនគរបាលយើងបានចុះឆែកឆេរលំនៅដ្ឋានមុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះស៊ូ សៀង ភេទស្រី អាយុ៦១ឆ្នាំ នៅចំណុចស្ថានីយ៍រថភ្លើងសិរីសោភ័ណ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះដែរ តែម្ចាស់បានរត់គេចខ្លួនបាត់ពេលដឹងថាកម្លាំងនគរបាលចុះទៅ ។
ក្នុងការឆែកឆេរនេះ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនដែលទៅទិញថ្នាំញៀនពីឈ្មោះ ស៊ូ សៀង និងបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៧នាក់បន្ថែមទៀត សរុប១៩នាក់ រួមទាំងដកហូតម៉ូតូបានជាច្រើនគ្រឿង ទូរស័ព្ឌដៃចំនួន២គ្រឿង និងថ្នាំញៀនចំនួន២គ្រាប់ ។ លោកនាយការិយាល័យ បានបញ្ជាក់ថាជនសង្ស័យនិងអ្នកប្រើប្រាស់គ្រឿងញៀនទាំង១៩នាក់ រួមទាំងវត្ថុតាងម៉ូតូបានជាច្រើនគ្រឿង ទូរស័ព្ឌដៃចំនួន២គ្រឿងនិងថ្នាំញៀនចំនួន២គ្រាប់ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣០ខ ខែមករា ឆ្នាំ២០១៥នេះផងដែរ ។
ចែករំលែកព័តមាននេះ