ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុករលាប្អៀរ ធ្វើការដេញតាមចាប់ខ្លួនបានកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៩ មករា ២០១៥ ស្ថិតនៅចំណុចក្រុងវិហារយីស៊ូ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពយកកាំបិតភ្ជង់.កនារីម្នាក់ប្លន់យកម៉ូតូ តែមិនបានសម្រេច ។
ប្រភពបានឱ្យថា ជនសង្ស័យឈ្មោះម៉េស ចាន់ធូ អាយុ២០ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ចាម តែបានមកស្នាក់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស៊ីឈ្នួលយាមវិហារយីស៊ូឱ្យគេនៅភូមិកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះឈ្មោះសឿ កុលីន អាយុ១៧ឆ្នាំ ។
លោកបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង០៧ និង៣០នាទីយប់នោះ នារីរងគ្រោះត្រឡប់មកពីរៀននៅសាលាវិទ្យាល័យព្រះបាទសុរាម្រិត បានមកឈប់ម៉ូតូនៅក្នុងដីភូមិមុខផ្ទះ ស្រាប់តែពេលនោះមានជនសង្ស័យខាងលើ បានស្ទុះចេញពីក្បែរអណ្តូងទឹក យកកាំបិតមកភ្ជង់.កកុំឱ្យស្រែក តែនាងបានស្រែកឱ្យគេជួយ ។ ពេលនោះជនសង្ស័យបានវាសកាំបិតមុតដាច់.កនារីរងគ្រោះចេញឈាមរហាម ហើយជនសង្ស័យបានគេចខ្លួនបាត់តែម្តង ។
ប៉ុន្តែភ្លាមៗនោះដែរ មន្ត្រីនគរបាលមូលដ្ឋាននិងស្រុកបានសហការគ្នារុករករហូតជាង០២ម៉ោង ទើបចាប់ជនសង្ស័យបាន ខណៈដែលជននេះលបត្រឡប់ចូលមកពួននៅកន្លែងដែលខ្លួនយាមនៅវិហារយ៉ីស៊ូវិញ ។ តាមព័ត៌មានជំហានដំបូងថា ជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូ តែពេលឆ្លើយចំពោះមុខសមត្ថកិច្ចថា ភ្ជង់ប្លន់យកកងដៃប្លាទីនទេ ។
ជនសង្ស័យបានឆ្លើយទៀតថា ពេលខ្លួនត្រូវបានគេជួលឱ្យមកយាមនៅវិហារ «ជំនុំទួលខ្សាច់» ហើយឃើញនារីនោះមានពាក់កងដៃ លុះយប់ឡើង ខ្លួនបានយកខ្សែនីឡុងយកទៅពួកចាំនាងចេញពីសាលា ដើម្បីប្លន់យកកងដៃលក់ផ្ញើប្រាក់ទៅម្តាយនៅស្រុកដែលជំពាក់លុយគេ ខ្លួនមិនបានប្រើកាំអារ.កចង់ប្លន់ម៉ូតូនោះទេ ។
ទោះយ៉ាងណា ខ្សែនីឡុងដែលជនសង្ស័យអះអាងថា ជាឧបករណ៍រិត.កបំណងប្លន់ សមត្ថកិច្ចរកមិនឃើញទេ ឃើញតែកាំបិតកៃមួយ និងទូរសព្ទ័មួយគ្រឿងជ្រុះក្នុងព្រៃ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ