រាជធានីភ្នំពេញ ៖ ជាការដាស់តឿនពលរដ្ឋខ្មែរឲ្យបន្តអនុវត្តវិធានការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាធ្លាប់លើកសុភាសិតបុរាណ «កុំចាំដល់ឃើញក្តាមឈូសបានស្រកទឹកភ្នែក» នៅក្នុងឱកាសសន្និសីទកាសែតមួយ កាលពីពេលកន្លងមកនេះ និយាយពីស្ថានភាពកូវីដ១៩នៅកម្ពុជា ។
ការលើកឡើងសុភាសិតមួយឃ្លានេះ លោករដ្ឋមន្ត្រីចង់ដាស់តឿនពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺនេះ មកខ្លួនហើយចម្លងទៅសមាជិកគ្រួសារខ្លួន និងសហគមន៍ខ្លួន ពីព្រោះការកើតជំងឺកូវីដ១៩នេះ ជាសោកនាសកម្មធំណាស់ដល់គ្រួសារ និងសង្គមជាតិ ត្បិតអីជំងឺដែលងាយឆ្លងនេះ មិនទាន់មានវាក់សាំងការពារ និងថ្នាំព្យាបាលឡើយ ។
លោកម៉ម ប៊ុនហេង បានឆ្លើយតបចំពោះអ្នកកាសែតដែលបានសួរពីឥរិយាបទរបស់ពលរដ្ឋខ្មែរ ហាក់បានធ្វេសប្រហែសក្រោយពីបានសង្កេតឃើញថា កម្ពុជាបានគ្រប់គ្រងស្ថានការណ៍ ជំងឺកូវីដ១៩ មានប្រសិទ្ធិភាព មិនមានពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺនេះនៅឡើយទេនោះ ។
សម្រាប់មន្ត្រីសុខាភិបាលជំងឺកូវីដ១៩ នៅតែជាហានិភ័យខ្ពស់ ។ ហានិភ័យខ្ពស់ ដោយសារសកលលោក និងប្រទេសជិតខាង នៅតែប្រឈមខ្ពស់ចំពោះជំងឺនេះ ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ពលរដ្ឋខ្មែរជាច្រើនបានប្រតិព្រឹត្តការណែនាំរបស់ក្រសួង ។ លោកបានដាស់តឿនពលរដ្ឋឲ្យចេះការពារខ្លួនដោយខ្លួន មិនគួរទៅកន្លែងណាដែលមានការប្រឈម នឹងការឆ្លងនោះឡើយ ។ លោកឡើងថា ប្រសិនបើភោជនីយដ្ឋានមួយ គ្មានទឹកអាកុលលាងដៃ តុអង្គុយមិនឃ្លាតពីគ្នាទីធ្លាគ្មានអនាម័យ សូមពលរដ្ឋកុំចូលទទូលទាននៅអាហារដ្ឋាននោះ។
លោកថា «យើងទទួលទានដើម្បីសុខភាព បើទៅទទួលទានប្រឈមជំងឺ សូមកុំទៅ» ។ ការឈប់សម្រាកនាពាក់កណ្តាលខែសីហាខាងមុខនេះ ជាឱកាសមួយដែលមានការព្រួយបារម្ភពីឆ្លងជំងឺកូវីដ១៩ ខ្លាំង ប្រសិនបើពលរដ្ឋមិនយកចិត្តទុកដាក់អនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនោះ ។
ជាការពិត អាជ្ញាធរពាក់ព័ន្ធទាំងឡាយបានដាក់ចេញ វិធានការណែនាំ ការបង្ការ ទប់ស្កាត់នៅក្នុងឱកាសឈប់សម្រាកនោះហើយ ប៉ុន្តែអ្វីដែលគេមើលថា ជាប្រវិធានមានប្រសិទ្ធភាព គឺឥរិយាបថ ការអនុវត្តរបស់បុគ្គលម្នាក់ៗនោះទេ។
ជាការសង្កេត ទោះមានវិធានការ បម្រាបយ៉ាងណាក្តី នៅពេលមានមនុស្សច្រើន នៅតាមកន្លែងលក់ដូរ កន្លែងស្នាក់ និងតាមមធ្យោបាយធ្វើដំណើរ ហាក់បានភ្លេចខ្លួន និងធូរលុងភ្លេចការណែនាំរបស់អាជ្ញាធរ ។ ដូចជា ទឹកអាកុលនៅទីតាំងនោះមានមិនគ្រប់គ្រាន់ បន្ទប់ទឹកគ្មាន អនាម័យមិនបានសំអាតញឹកញាប់ ខ្វះកន្លែងអង្គុយតម្រូវឲ្យមនុស្សប្រជ្រៀតគ្នាជាដើម។
ដូច្នេះនៅក្នុងស្ថានការណ៍បែបនេះ បើសិនជាពលរដ្ឋខ្លួនឯងមិនបានគិតដល់ចំនុចងាយរងគ្រោះទេនោះ ភ្លេចគិតដល់កូវីដ១៩នោះ ការប្រឈមនឹងឆ្លងជំងឺនេះដល់សហគមន៍ នឹងអាចកើតមានឡើង ។ ចូលចាំថារហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៅតែប្រើពាក្យដដែលថា «ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ យើងត្រូវបន្ត គម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ជាដើម» ។
ក្រសួងនៅតែដាស់តឿនឲ្យពលរដ្ឋ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ តាមការសាកសួររបស់ពលរដ្ឋដែលមានបំណងដើរកមន្សាន្តនៅក្នុងឱកាសឈប់ជំនួសពេលចូលឆ្នាំថ្មីកាលពីខែមេសានោះ នៅខេត្តតាមខេត្តដែលជាតំបន់ទេសចរណ៍ខ្លះដូចជាមណ្ឌលគិរី រតនគិរី ជាដើមនោះ ថាកន្លែងស្នាក់នៅបានកក់ពេញអស់ហើយ ដូច្នេះចំនួនពលរដ្ឋទៅដើរកម្សាន្តនៅទីនោះប្រាកដជាមិនតិចទេ។
ការដើរលេងកម្សាន្តជាផ្នែកសំខាន់មួយដើម្បីលើកកម្ពស់ដង្ហើមសេដ្ឋកិច្ចជាតិ ជំរុញចំណូលដល់សហគមន៍ ជាសេចក្តីសុខ ការសប្បាយរីករាយរបស់ពលរដ្ឋ ប៉ុន្តែចូលកុំភ្លេចជំងឺកូវីដ១៩។ ប្រទេសវៀតណាមនិងប្រទេសថៃ នៅក្បែរកម្ពុជា បានស្ថិតនៅក្នុងស្ថានភាពអាសន្នចំពោះបញ្ហាកូវីដ១៩នេះ ៕
ចែករំលែកព័តមាននេះ