ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​ខ្មែរ​ចំណាកស្រុក​ប្រកាស​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​លើ​បញ្ហា​ព្រំដែន​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្ដេច​តេ​ជោ បាន​ប្រកាស​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​លើ​បញ្ហា​ដោះស្រាយ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ។ យោង​តាម​ញត្តិ​គាំទ្រ​របស់​មូលនិធិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្ដេច​តេ​ជោ បាន​ប្រកាស​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​លើ​បញ្ហា​ដោះស្រាយ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ។ យោង​តាម​ញត្តិ​គាំទ្រ​របស់​មូលនិធិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​2020 បាន​ប្រកាស​គាំទ្រ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ញត្តិ​បន្ត​ថា​៖« យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ សូម​សម្តែង​ការ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជា​ពិសេស​ចំណាត់ការ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​» ។

មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​សូម​ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញា​ធរមាន​សម​ត្ថិ​ក​ច្ច​ក្នុង​ការ​ចាប់ខ្លួន​បុគ្គល រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​កម្ពុជា ជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ការ​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ ។

សេចក្តីថ្លែងការណ៍​ដែល​បុគ្គល រ៉ុ​ង ឈុ​ន បាន​ចេញផ្សាយ​ជា​សាធារណៈ​កន្លង​មកនេះ​បាន​ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ និង​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កិច្ច​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​ចេតនា​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​រក្សាសុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ​មាតុភូមិ ។

មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន សូម​រក្សា​ជំហរ​គាំទ្រ​រាជរដ្ឋាភិបាល និង​សូម​អំពាវនាវ​ដល់​សាធារណ មតិ​ជាតិ អន្តរជាតិ មេត្តា​កុំ​ជឿ​លើ​ការ​ផ្សាយ​ព័ត៌មាន​បំផ្លើស​ដែល​មាន​លក្ខណៈ​ញ៉ុះ​ញ៉​ង់​របស់​បុគ្គល រ៉ុ​ង ឈុ​ន បណ្ដាញសារព័ត៌មាន​នានា​សមាគម​ន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការ​បំភ័ន្ត បំភិតបំភ័យ មួលបង្កាច់ និង​បំពុល​សាធារណជន បង្ក​ឱ្យ​មាន​ភាព​ចលាចល អ​ស្ថិរភាព និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នោះ​ឡើយ​។

មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បន្ត​អនុវត្ត​ច្បាប់​ជា​ធរមាន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ ។

លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ដោយ​ញុះញង់ ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា ។ មុន​ពេល​មានការ​ឃាត់ខ្លួន​នេះ លោក រ៉ុ​ង ឈុ​ន បាន​ចុះ​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ញុះញង់​ថា ការ​បោះបង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា​-​វៀតណាម បាន​ចូល​មក​ដី​កម្ពុជា​ក្រោម​ប្រហែល​៥០០​ម៉ែត្រ ។

ភ្លាម​ៗ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​នេះ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ប្រកាស​ទាត់​ចោល​នូវ​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុ​ង ឈុ​ន ដោយ​ចាត់​ទុក​ថា ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស ។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចាត់​ទុក​ថា​ការ​ផ្សាយ​របស់​លោក រ៉ុ​ង ឈុ​ន មាន​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភាន់​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ