ខេត្តប៉ៃលិន ៖ ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងតែវាយលុកពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការលំបាកក្នុងចេញទៅធ្វើការងារសម្រាប់ចិញ្ចឹមជីវិត ខណៈប្រជាពលរដ្ឋក្រីក្រកម្ពុជាជាច្រើនទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ដោយឡែកមានប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងប៉ៃលនបានអះអាងថា ខ្លួនស្ថិតក្នុងជីវភាពខ្វះខាត តែអត់ទទួលបានប័ណ្ណសមធម៌ អ្វីនោះទេ ទើបនាំគ្នាលើកដៃសំពះសុំការអន្តរាគមន៍ពីអាជ្ញាធរខេត្តក៏ដូចជាថ្នាក់លើតែម្តង។

ជាស្តែងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ រស់នៅចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដាច់ចិត្តនាំគ្នាទៅជួបភ្នាក់ងារសារព័ត៌មាន ដើម្បីរៀបរាប់ឱ្យបានឮដល់អាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់លើជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈពួកគាត់មានការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បើតាមការរៀបរាប់ពីបុរសចំណាស់ម្នាក់ឈ្មោះ គង់ ឈិន អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះ ជៀប យូរាជ្យ អាយុ៦៧ឆ្នាំ, ឈ្មោះ ចៅ ង៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ខន កញ្ញារិទ្ធ អាយុ២១ឆ្នាំ និងឈ្មោះ ឈៀង ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុខ អាយុ៤៨ឆ្នាំ ក្នុងចំណោម៥គ្រួសារ ដោយទាំងអស់គ្នារស់នៅក្នុងភូមិខាងលើបានរៀបរាប់ឱ្យដឹងដូចៗ គ្នាថា ពួកគាត់រស់នៅក្នុងភូមិនេះជិត២០ឆ្នាំមកហើយ ដោយមានសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់គឺជាសមាជិករបស់ភូមិខាងលើប្រាកដមែន។

ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃក្នុងចំណោមពួកគាត់ខ្លះជាកម្មករដើរស៊ីឈ្នួលដាំពោត កាច់ពោត និងដកដំឡូងឱ្យគេ ដោយក្នុង១ថ្ងៃទទួលបានប្រាក់កម្រៃ ត្រឹមតែ១៥ ០០០រៀល ទៅ២០ ០០០រៀល ប៉ុណ្ណោះ ពេលខ្លះអត់បានចេញទៅធ្វើការដោយសារមានជំងឺក៏បណ្តាលឱ្យខ្វះខាតផងដែរ។ ចំណែក កូនតូចៗរបស់ពួកគាត់ទាំងអស់គឺអត់បានរៀនសូត្រនឹងគេនោះទេ ដោយសារតែផ្លូវទៅសាលរៀន ឆ្ងាយ ណាមួយស្ថិតក្នុងជីវភាពខ្វះខាត។ ពួកគាត់បញ្ជាក់ថា កាលពីមុនខាងអាជ្ញាធរភូមិ ធ្លាប់ហៅទៅជួប ខណៈពេលគេបើកប្រាក់ឧបត្ថម្ភរដូវកាលកូវីដ-១៩ ឱ្យប្រជាពលរដ្ឋក្រីក្រសម្រាប់ ខែមុនដែរ តែរង់ចាំមើលរហូតអត់ធ្លាប់ទទួលប្រាក់នឹងគេនោះទេ។

ចំពោះជីវភាពប្រចាំថ្ងៃ អ្នកខ្លះដើររើសខ្យង ក្តាម នៅតាមអូរ និងជីកខ្នែងទំពាំងព្រៃ នៅតាមគុម្ពឫស្សីក្បែរមាត់អូរ ដើម្បីយកទៅលក់ដូរ ក្នុង១គីឡូក្រាមតម្លៃត្រឹមតែ១០០០រៀល។ តែរហូតមកដល់ពេលនេះ គេឈប់ទិញទំពាំង ទើបលំបាកក្នុងការលក់ដូរ ទិញម្ហូបអាហារប្រចាំថ្ងៃ។ ដោយឡែកគ្រួសារខ្លះ មានចៅៗ នៅក្នុងបន្ទុក ខណៈឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការងារនៅប្រទេសថៃ ហើយមិនអាចត្រឡប់មកវិញបាន ដោយសារតែជាប់គាំងនឹងបញ្ហាជំងឺកូវីដ-១៩ ក៏មិនសូវមានថវិកាផ្ញើមកជូនពួកគាត់ ដើម្បីផ្គត់ផ្គង់ជីវភាពស្ថិតនៅក្នុងគ្រាលំបាកខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ប៉ែន ចាន់ថន សមាជិកភូមិប៉ាងរលឹម បានឱ្យដឹងថា មូលហេតុ ដែលគាត់ អត់បានហៅប្រជាពលរដ្ឋទាំងនោះទៅសម្ភាសន៍ធ្វើប័ណ្ណសមធម៌ ដោយសារតែសង្កេតឃើញគ្រួសារខាងលើមួយចំនួនមានជីវភាពធូរធា ហើយអ្នកខ្លះ ពេលចុះទៅយកព័ត៌មានដើម្បីធ្វើប័ណ្ណពួកគាត់បែរជាជាប់លេងល្បែងទៅវិញ។ ចំណែកអ្នកខ្លះទៀត មានប្រាក់ខែគ្រប់គ្រាន់ និងមានកូនៗចេញទៅធ្វើការរកស៊ីនៅប្រទេសថៃ ហើយមានប្រាក់ចងការឱ្យគេ។ អ្នកខ្លះទៀតមានដីខ្លួនឯងសម្រាប់បង្កបង្កើនផល និងអ្នកខ្លះមានលទ្ធភាពជួលដីជួលផ្ទះគេស្នាក់នៅក្បែរផ្សារថែមទៀត។

បើតាមលោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែរថា ខាងលោកអត់ទាន់ដឹងរឿងមានប្រជាពលរដ្ឋក្រីក្រអត់ទទួលបាននូវប័ណ្ណសមធម៌នោះទេ ចាំចុះទៅស៊ើបមើល ចំពោះគ្រួសារខាងលើដែលឮដំណឹងថា ស្ថិតក្នុងជីវភាពខ្វះខាត តែអត់ទទួលបាននូវប័ណ្ណសមធម៌។ លោកបន្តទៀតថា ខាងលោកនឹងដឹកនាំក្រុមការងារគណៈកម្មាការចុះទៅពិនិត្យនៅថ្ងៃខាងមុខឆាប់ៗនេះ ដើម្បីធ្វើបទសម្ភាសន៍ថាតើជាប់ ឬធ្លាក់៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ