អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បានចំណាយប្រាក់ជាង ៧លានដុល្លារអាមេរិកទិញនាវាកម្សាន្តឯកជនដ៏ប្រណីតថ្មីមួយ ដើម្បជាការអបអរសាទរ ការឈ្នះពានរង្វាន់លីគកំពូល Serie A រដូវកាលនេះ របស់ខ្លួនជាមួយក្លិបសេះបង្កង់ Juventus។
រំលឹកជូនថា Juventus ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯកលីគកំពូល Serie A បន្ទាប់ពីបានយកឈ្នះលើក្រុម Sampdoria ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ហើយវាជាការឈ្នះពានរង្វាន់លីគលើកទី៧ ក្នុងអាជីពបាល់ទាត់របស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ជាមួយក្លិប Man United, Real Madrid និង Juventus។
មិត្តស្រីរបស់ C.Ronaldo នាង Georgina Rodriguez បានចែករំលែករូបភាពមួយចំនួននៅលើបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួន ពីដំណើរកម្សាន្តរបស់ពួកគេរួមនិងកូនៗទាំង៤នាក់ នៅលើនាវាដ៏ប្រណីតថ្មីជាលើកដំបូងនៅសប្តាហ៍នេះ នៅឯកំពង់ផែ Azimut-Benetti ក្នុងទីក្រុង Viareggio ប្រទេសអ៊ីតាលី។
នាវាថ្មីនេះ មានឈ្មោះថា Azimut-Benett ផលិតដោយក្រុមហ៊ុនអ៊ីតាលី Versilia shipyards មានម៉ាស៊ីនចំនួន២ ដែលមានកម្លាំង ១,៩០០សេះ ធ្វើឡើងពីសរសៃកាបូនមានទំងន់ ៩៣តោន។ វាមានកាប៊ីនប្រណីត (Cabins) ចំនួន៥, បន្ទប់ទឹកចំនួន៦ ហើយក៏មានផ្ទះបាយទំនើបមួយ ក៏ដូចជាកន្លែងសំរាកលំហែពីរកន្លែងដ៏ធំទូលាយ ជាពិសេសបន្ទប់ទទួលទានអាហារដ៏មានផាសុខភាពបំផុត៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ