ទីក្រុងប៉ារីស ៖ ការបោះឆ្នោតជាសកលរបស់ទស្សនាវដ្តីបារាំង France Football បានប្រកាសថា ការឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំ ២០០៨ ឬ Ballon d’Or 2008 របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo (កាលនៅជាកីឡាកររបស់ក្រុម Manchester United) គឺជាការឈ្នះល្អបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីពានរង្វាន់មួយនេះ ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៦។ នេះបើតាមការចេញផ្សាយផ្ទាល់ពីគេហទំព័រ Ballon d’Or កាលពីថ្ងៃទី២៨ ខែតុលា។
ឆ្នាំ ២០០៨ គឺជាការឈ្នះ Ballon d’Or លើកដំបូងបង្អស់ក្នុងអាជីពរបស់ Ronaldo និងបានយកឈ្នះលើការឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ កាលពីឆ្នាំ ២០១២ របស់កីឡាករ Lionel Messi នៅក្នុងការបោះឆ្នោតពីអ្នកគាំទ្រទូទាំងពិភពលោក។
ដើម្បីអបអរសាទរប្រវត្តិសាស្ត្រខ្លួន ទស្សនាវដ្តី France Football ដែលជាអ្នកបង្កើតពានរង្វាន់ Ballon d’Or បានផ្តួចផ្តើមរៀបចំពានរង្វាន់ដ៏ពិសេសមួយ ដែលត្រូវបានហៅថា «B.O.A.T» ឬពានរង្វាន់ Ballon d’Or ដែលល្អបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្រ។
ខុសប្លែកពី Ballon d’Or ប្រចាំឆ្នាំ ដែលបោះឆ្នោតជ្រើសរើសអ្នកឈ្នះដោយគណៈកម្មការជំនាញជាអ្នកសារព័ត៌មានកីឡាអន្តរជាតិចំនួន ១០០ រូប ប៉ុន្តែពានរង្វាន់ B.O.A.T អ្នកឈ្នះ ត្រូវសម្រេចទាំងស្រុងតាមរយៈការបោះឆ្នោតពីអ្នកគាំទ្រនៅទូទាំងពិភពលោក ដោយការបោះឆ្នោតនីមួយៗមានតម្លៃ១អឺរ៉ូ និងបោះឆ្នោតលើការប្រកួតប្រជែងរវាងអតីតកីឡាករធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or ចាប់ពី ២ ដងឡើងទៅ។
ដូច្នេះមានន័យថា កីឡាករឈ្នះ Ballon d’Or ប្រចាំឆ្នាំចាប់ពី ២ ដងឡើងទៅទាំងអស់ និងត្រូវបោះឆ្នោតជ្រើសរើសយកអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ B.O.A.T។ ជាការកត់សម្គាល់ ពានរង្វាន់ B.O.A.T មិនមែនជាពានរង្វាន់ថ្មីមួយទៀតនោះទេ ប៉ុន្តែគឺជាការទទួលស្គាល់តាមរយៈការបោះឆ្នោតពីអ្នកគាំទ្រទូទាំងពិភពលោក ដើម្បីជ្រើសរើសរដូវកាលឈ្នះ Ballon d’Or ដ៏ល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ដែរថា សម្រាប់ពានរង្វាន់កីឡាករបាល់ទាត់ពិភពលោកឆ្នើមបំផុតប្រចាំឆ្នាំ ឬ Ballon d’Or ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នៅតែបន្តឈរជាកីឡាករឈ្នះពានរង្វាន់នេះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោល ៨ លើក តាមពីក្រោយដោយខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ចំនួន ៥ លើក។ ចំណែកខ្សែប្រយុទ្ធអង់គ្លេស Harry Kane គឺជាអ្នកឈ្នះចុងក្រោយគេប្រចាំឆ្នាំ ២០២៦៕



ចែករំលែកព័តមាននេះ