សហរដ្ឋអាមេរិក ៖ WWE កំពុងមានគម្រោងរៀបចំការប្រកួតចូលនិវត្ដន៍មួយ សម្រាប់អ្នកកីឡាកាសដ៏ល្បីល្បាញ ដែលទទួលបានការស្រឡាញ់ និងចូលចិត្តពីអ្នកគ្រប់គ្នា «Rey Mysterio» នៅឆ្នាំ ២០២៧។
Rey Mysterio គឺជាអ្នកកីឡាកាសដ៏មានឥទ្ធិពលម្នាក់ ដែល WWE បានបញ្ចូលឈ្មោះ ទៅក្នុងបញ្ជីកិត្តិយសដ៏ខ្ពង់ខ្ពស់ ឬ Hall of Fame តាំងពីឆ្នាំ ២០២៣ បើទោះបីជាលោកមិនទាន់ចូលនិវត្តន៍ក៏ដោយ។ ទោះយ៉ាងណាក៏ដោយ បើតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ថា ឆ្នាំ ២០២៧ អាចជាឆ្នាំនៃការលាពីអាជីពកីឡាឈឺសាច់មួយនេះរបស់អ្នកកីឡាកាសមាឌល្អិតចិត្តធំរូបនេះ។
ជាមួយអ្វីៗគ្រប់យ៉ាងដែល Rey Mysterio សម្រេចបាន នៅក្នុងការនាំយកម៉ាស់មុខឱ្យមានភាពល្បីល្បាញក្នុងពិភពចំបាប់លំដាប់កំពូល ចាប់តាំងពីស្ថាប័ន WCW រហូតដល់ WWE និងគ្រប់ស្ថាប័ន និងទីកន្លែងទាំងអស់ដែលលោកបានទៅដល់នោះ ពិតណាស់វាជាស័ក្តិសមទទួលបានការរៀបចំការលាដ៏គួរឱ្យចងចាំមួយ។
បើតាមប្រភពពី The Sportster បានរាយការណ៍ថា អ្នកកីឡាកាសម្នាក់ក្នុងចំណោម ៤ នាក់ ទំនងនឹងក្លាយជាគូប្រកួតចុងក្រោយរបស់ Rey Mysterio មុនពេលប្រកាសចូលនិវត្តន៍ជាផ្លូវការ ដោយអាចជា Dominik Mysterio, Randy Orton, CM Punk និងCody Rhodes។
គួរបញ្ជាក់ថា Rey Mysterio មានឈ្មោះពិតថា Oscar Gutierrez Rubio កើតនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ១៩៧៤ នៅទីក្រុង Chula Vista រដ្ឋកាលីហ្វ័រញ៉ា គឺជាអ្នកចំបាប់សញ្ជាតិអាមេរិកដើមកំណើតម៉ិកស៊ិកក៏ល្បីល្បាញនៅលើពិភពលោក។ លោកក្លាយជាអ្នកចំបាប់អាជីពនៅឆ្នាំ ១៩៨៩ និងបានចូលរួមជាមួយស្ថាប័នជាច្រើន ជាពិសេស WWE ដោយឈ្នះខ្សែក្រវាត់ជាច្រើន រួមទាំង World Heavyweight Championship ២ សម័យកាលផងដែរ។
ភាពល្បីល្បាញរបស់ Rey Mysterio ផ្អែកទៅលើភាពរហ័សរហួន និងស្នៀតប្រយុទ្ធខុសប្លែកពីអ្នកកីឡាកាសដទៃទៀត ហើយអ្វីដែលអ្នកគាំទ្របំភ្លេចមិនបាននោះគឺ ក្បាច់ប្រចាំត្រកូល «619» យ៉ាងទាក់ទាញបំផុត៕




ចែករំលែកព័តមាននេះ