ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappé ខាត​ធ្ងន់ និង​រង​ការ​ខឹ.ងសម្បារ​ពី​ប្រជាជន​ចិន ជុំវិញ​ការ​និយាយ​មិន​គប្បី​លើ​លោក ម៉ៅ សេ​ទុង

7 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កីឡាករ​បាល់ទាត់ Kylian Mbappé កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ និង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ បាន​ហៅ​អតីត​មេដឹកនាំ​កំពូល​ចិន លោក ម៉ៅ សេ​ទុង ថា «​ជន​ផ្តាច់​ការ​ចិន​» នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង BBC កាលពី​ថ្ងៃ​ទី​២៧ ខែតុលា កន្លង​ទៅ​។

នៅ​ក្នុង​វី​ដេ​អូ​ជជែក​កម្សាន្ត (Podcast) ភាសា​បារាំង​មួយ ដែល​ក្រោយមក​ត្រូវ​បាន​លុប​ចេញ​វិញ​ភា្ល​ម​ៗ Mbappé បាន​និយាយ​អំពី​រូប​ថ្លុក (Meme) ដែល​គេ​បាន​កាត់ត​មុខ​របស់​ខ្លួន​យក​ទៅ​ដាក់​លើ​រូបភាព​របស់​អតីត​មេដឹកនាំ​ចិន លោក ម៉ៅ សេ​ទុង​។ ខ្សែប្រយុទ្ធ​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ បាន​និយាយ​ថា «Meme ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សើច​ខ្លាំង​ជាងគេ គឺ​វី​ដេ​អូ​បង្ហាញ​ពី​បុរស​ម្នាក់ ខ្ញុំ​គិត​ថា​ជា​មេដឹកនាំ​ផ្តាច់​ការ​ចិន​»​។ រូប​ថ្លុក​នេះ គឺជា​ផ្នែក​មួយ​នៃ​រឿង​កំប្លែង​ដែល​គេ​និយាយ​លេង​ត​ៗ​គ្នា​ពី​ការ​ហៅ Mbappé ថា ជន​ផ្តាច់​ការ ដោយសារ​រូបគេ​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​ក្នុង​ពិភព​បាល់ទាត់​។

ទោះ​យ៉ាង​ក៏​ដោយ ពាក្យ​សម្តី Mbappé បាន​បង្ក​ជា​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​លទ្ធផល​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​សូមទោស​ជា​សាធារណៈ​។ «​ការ​បញ្ចេញមតិ​របស់ខ្ញុំ គឺ​មិន​បាន​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​ទេ ហើយ​ឥឡូវនេះ​ខ្ញុំ​យល់​ថា​វា​បាន​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន និង​សហគមន៍​ចិន​ជុំវិញ​ពិភពលោក​។ ខ្ញុំ​សូមទោស​ចំពោះ​អ្នក​គ្រប់​គ្នា ដែល​ពាក្យ​សម្ដី​របស់ខ្ញុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​»​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់ Mbappé​។

ជាមួយ​គ្នា​នោះ​ដែរ លី​គ​បាល់ទាត់ La Liga របស់​ប្រទេស​អេ​ស្ប៉ា​ញ ក៏​បាន​ចេញ​សេចក្តី​សុំ​ទោស​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា ខ្លួន​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អាក់អន់ស្រពន់ចិត្ត ដែល​ការ​អធិប្បាយ​ថ្មី​ៗ​របស់ Mbappé បាន​បង្ក​ឡើង​នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​ជនជាតិ​ចិន​។

ប្រតិកម្ម​នៅ​ក្នុង​ប្រទេស​ចិន​មើលឃើញ​ថា ការ​អត្ថាធិប្បាយ​នេះ​ជា​ការ​ប្រមាថ​ដល់​ប្រវត្តិសាស្ត្រ និង​អារម្មណ៍​របស់​ប្រជាជន​ចិន ដោយសារ​តែ​លោក​ប្រធាន ម៉ៅ សេ​ទុង នៅ​តែ​ជា​រូបតំណាង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ​។

ការ​អត្ថាធិប្បាយ​នេះ ក៏​បាន​ធ្វើ​ឱ្យ Mbappé ខាតបង់​យ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុមហ៊ុន​ធំ​ៗ​នៅ ចិន​ដូច​ជា ក្រុមហ៊ុន​ភេសជ្ជៈ Dongpeng, ក្រុមហ៊ុន​ផលិតផល​ទឹកដោះគោ Mengniu និង Shanghai Milkground បាន​ប្រកាស​ផ្អាក ឬ​បញ្ចប់​កិច្ចសន្យា​ពាណិជ្ជកម្ម​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម​លំដាប់​ពិភពលោក​រូប​នេះ ភ្លាម​ៗ​តែ​ម្តង​។

លើស​ពី​នេះ​ទៀត ស្ថានីយទូរទស្សន៍​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជា​ច្រើន បាន​ប្រកាស​ផ្អាក​ផ្សាយ​ការ​ប្រកួត​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga របស់​ក្រុម Real Madrid និង​កម្មវិធី​ទាំងអស់​ពាក់ព័ន្ធ​នឹង Mbappé​។ សហព័ន្ធ​បាល់ទាត់​ចិន ក៏​បាន​ចេញ​មុខ​វាយប្រហារ និង​ទាមទារ​ឱ្យ​មានការ​សុំ​ទោស​ជា​ផ្លូវការ​ផង​ដែរ (​មុន​ពេល Mbappé ចេញ​សេចក្តីថ្លែងការណ៍​សូមទោស​)៕