ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះដែលបានបាត់កង់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្ត បានតាមប្រមាញ់ចាប់ចោរលួចកង់ នៅកណ្តាលក្រុងសៀមរាប រហូតឈានដល់ឃាត់ខ្លួនបានក្មេងប្រុសចំនួន៤នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ចំណែកវត្ថុតាងប្រគល់ឱ្យម្ចាស់ដើមវិញ ។

ជាទូទៅ បើនិយាយពីរឿងចោរលួចកង់ប្រហែលជាគ្រប់គ្នាយល់ថា ការលួចកង់ជារឿងតូចតាច តែបើនិយាយពីតម្លៃកង់វិញ គ្រាន់តែស៊េរីក្រោមគេក៏៥០០ទៅ៦០០ដុល្លារដែរ ។ បើស៊េរីខ្ពស់បន្តិច មានតម្លៃចាប់ពីរាប់ពាន់ដុល្លាររហូតដល់ជាង២ម៉ឺនដុលា្លរក៏មាន ។ ម៉ូតូឯណាថ្លៃស្មើកង់នោះ បើផ្អែកទៅលើតម្លៃកង់ខាងលើនេះ ទើបដឹងថា ឈ្មោះថាចោរលួចកង់មិនធម្មតាទេ ។
សមត្ថកិច្ចប្រាប់កោះសន្តិភាពថា កង់ដែលចោរក្មេងនេះលួចជាកង់ខ្មែរ លួចកង់អ្នកក្រ ។ កង់ខ្លះថ្លៃ២៥ដុល្លារ៣០ដុល្លារ ។ មានកង់មួយម៉ាកអាកៃថ្លៃជាង៣០០ដុល្លារ ។

ក្រុមចោរលួចកង់ទាំងនេះ ត្រូវបានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅដីឡូត៍មួយក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ តាមកត់សម្គាល់ ចោរណាលួចកង់ ជំនាញខាងលួចតែកង់ ។ ឯចោរណាលួចម៉ូតូ ជំនាញលួចតែម៉ូតូ អត់មើលឃើញកង់ទេ ទោះកង់នោះថ្លៃជាងម៉ូតូក៏ដោយ ។
អនុសេនីយ៍ទោ សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីម្ចាស់កង់ឈ្មោះ យិន ប៊ុណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ លោកបានដឹកនាំកម្លាំងការិយាល័យចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោងប្រមាណ៣និង២៥នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ជនសង្ស័យទាំង៤នាក់ សុទ្ធតែយុវវ័យឬហៅក្មេងស្ទាវ ដែលត្រូវបានចាប់ឃាត់ខ្លួននេះមាន៖
១-ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង
សៀមរាប ។ ២-ឈ្មោះ ពៅ វិន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិតាចេត ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ។ ៣-ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និង៤-ឈ្មោះ ម៉ៅ ជុំ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ។

លោកនាយការិយាល័យឲ្យដឹងទៀតថា ពេលសាកសួរជនសង្ស័យទាំង៤នាក់សារភាពថា ពួកខ្លួនពិតជាបានលួចយកកង់របស់គេប្រាកដមែន មិនដែលលួចម៉ូតូទេ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះដែរ សមត្ថកិច្ចក៏បានដកហូតកង់៦គ្រឿង ក្នុងនោះ២គ្រឿងត្រូវបានជនសង្ស័យលួចយកកាលពីវេលាម៉ោងប្រមាណ៣និង២៥នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលបានរកឃើញក៏ប្រគល់ឱ្យម្ចាស់វិញ ។ ជនសង្ស័យទាំង៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ចែករំលែកព័តមាននេះ