រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់មានជំងឺឆ្កួតជ្រូកប្រចាំកាយ ខណៈដើរចេញពីផ្ទះនាវេលារំលងអធ្រាត្រ ហើយក៏ត្រូវរថភ្លើងបុក និងកិន បណ្តាលឲ្យដាច់ដៃជើងរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតនៅពេលរថយន្តគ្លីនិករស្មីដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ករណីនេះ កើតឡើងកាលពីម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា ការដែលត្រូវរថភ្លើងបុក និងកិននេះ ទំនងជាយុវជនខាងលើ ត្រូវជំងឺធ្វើទុក្ខក៏ប្រកាច់នៅលើផ្លូវដែក ហើយគាប់ជួនពេលនោះ រថភ្លើងក៏បានមកដល់ រួចក៏បុក និងកិនជនរងគ្រោះតែម្ដង ។
សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះឈ្មោះ អ៊ុន រ៉ាវី ហៅស្វិត ភេទប្រុស អាយុ២៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតីផងដែរ មានបងប្អូនចំនួន៣នាក់(ស្រី២នាក់) ។ ជនរងគ្រោះជាកូនទី២ រស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ចំណែកម្តាយឈ្មោះ ម៉ៅ ធូ អាយុ៥០ឆ្នាំ ជាកម្មករ រីឯឪពុកឈ្មោះ អ៊ុន វុទ្ធា អាយុ៥៩ឆ្នាំ ប្រកបរបររត់ម៉ូតូឌុប។គ្រួសារខាងលើនេះ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមក្រុមគ្រួសារឲ្យដឹងថា គ្រប់ៗគ្នាកំពុងលង់លក់ក្នុងដំណេក និងមិនបានដឹងថាជនរងគ្រោះចេញទៅក្រៅផ្ទះពីពេលណាទេ រហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ទើបមានអ្នកជិតខាងរត់ទៅដាស់ហៅប្រាប់ថា ជនរងគ្រោះត្រូវរថភ្លើងកិន ក៏មានការឆោឡោឡើងតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះបានរថយន្តរបស់គ្លីនិក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលបានបាត់បង់ជីវិតទៅហើយ ទើបដឹកសពត្រឡប់យកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង ។
តាមប្រជាពលរដ្ឋឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេតែងតែឃើញជនរងគ្រោះដើរតាមផ្លូវក្នុងមូលដ្ឋានខាងលើ ឯយប់ឡើងជួនកាលទៅអង្គុយលេងតាមផ្លូវដែកមុខផ្ទះជួល ។ នៅយប់ថ្ងៃកើតហេតុ
នោះ នាវេលាម៉ោងប្រហែល១ទៅ២រំលងអធ្រាត្រ មានរថភ្លើងមួយខ្សែបើកចូលស្ថានីយភ្នំពេញ។ លុះនៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ក៏មានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះមានស្នាមរបួសដាច់ដៃដាច់ជើង ប្រកាច់ននៀលនៅតាមផ្លូវដែក ដែលសន្និដ្ឋានថា ត្រូវរថភ្លើងបើកបុក និងកិន។

ប្រភពដដែលបន្តថា ភ្លាមៗនោះផងដែរ អ្នកឃើញក៏រត់ទៅដាស់ក្រុមគ្រួសារ ហើយដឹកជនរងគ្រោះតាមរថយន្តគ្លីនិកយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ទៅហើយ ទើបដឹកសពយកទៅតម្កល់នៅវត្តពោធិ៍ចិនតុង រួចរាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ដើម្បីចុះមកធ្វើការពិនិត្យ ។
នៅវត្តពោធិ៍ចិនតុង ម្តាយជនរងគ្រោះស្រែកទ្រហោយំ ដង្ហោយរកសប្បុរសជនមេត្តាជួយដល់គ្រួសារគាត់ផង ព្រោះគ្រួសារគាត់ក្រីក្រណាស់ ពុំមានលុយធ្វើបុណ្យសពកូនឡើយ ៕
ចែករំលែកព័តមាននេះ