ឧទ្យានុរក្សកម្ពុជាម្នាក់ទទួលពានរង្វាន់អន្តរជាតិសម្រាប់ការចូលរួមចំណែកអភិរក្សធនធានព្រៃឈើ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ស៊ីន សត្ថា ដែលជាឧទ្យានុរក្ស មួយរូបធ្វើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលគាំទ្រដោយអង្គការ WWF បានទទួលពានរង្វាន់ Dr Rimnington សម្រាប់ការចូលរួមចំណែក ក្នុងការអភិរក្សធនធានព្រៃឈើ ដែលផ្តល់ជម្រកដល់សត្វព្រៃ ដែលរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ ដូចជាដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង រមាំង និងឈ្លួសជាដើម។ នេះបើយោងតាមការប្រកាសរបស់ WWF ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ចំទិវាឧទ្យានុរក្សអន្តរជាតិ ។

ពានរង្វាន់ដែលលោកស៊ីន សត្ថា ទទួលបាននាពេលនេះជាពានរង្វាន់កម្រិតអន្តរជាតិ បានទទួលស្គាល់ដល់សមិទ្ធិផលដែលលោកបានសម្រេចបានដោយមានការប្រឈម និងហានិភ័យខ្ពស់ក្នុងការចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលប្រជាសហគមន៍មូលដ្ឋានពឹងអាស្រ័យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។

នៅក្នុងពិភពលោកប្រារព្ធទិវាឧទ្យានុរក្ស អង្គការ WWF បានប្រកាសថាលោក ស៊ីន សត្ថា បានទទួលជ័យលាភីក្នុងចំណោមឧទ្យានុរក្សក្នុងពិភពលោក។ ឧទ្យានុរក្សជាប្រភេទអ្នកធ្វើការ ប្រឈមគ្រោះថ្នាក់ខ្លាំង ត្រូវធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីការពារធនធានធម្មជាតិ ទាំងក្នុងទឹក លើគោក និងក្នុងកអាកាស។ ពិភពលោកបានកំពុងប្រារព្ធទិវាឧទ្យានុរក្សនាពេលនេះ ហើយអង្គារ WWF នៅក្នុងប្រទេសកម្ពុជា បានសម្តែងការកោតសរសើរដល់ពលីកម្មរបស់ឧទ្យានុរក្សនៅក្នុងប្រទេសនេះ។

សម្រាប់ WWF ឧទ្យានុរក្សនៅកម្ពុជា បានកំពុងពុះពារនិងប្តេជ្ញាចិត្តដើម្បីបុព្វហេតុការពារធនធាននិងវប្បធម៌នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនិងមេគង្គនៃប្រទេសកម្ពុជា។

លោក សេង ទៀក នាយកអង្គការWWF ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា «យើងខ្ញុំសូមកោតសរសើរចំពោះការើះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត» ។

WWF បានផ្តល់ការគាំទ្រនូវរាល់សម្ភារៈ គ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានាដល់មន្ត្រីមន្ត្រីឧទ្យានុរក្សនិងមន្ត្រីឆ្មាំទន្លេសរុបចំនួន២៧១នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន កិច្ចការងារល្បាត និងចុះពិនិត្យជាប្រចាំក្នុងតំបន់ការពារ៕

ចែករំលែកព័តមាននេះ