រាជធានីភ្នំពេញ ៖ ដោយសារតែ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកនៅតែបន្តចោទជាបញ្ហាសម្រាប់វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកលែងការបង់ពន្ធចំពោះអាជីកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននិងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍២ខែបន្ថែមទៀត ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលថ្ងៃទី៣១ ខែកក្កដា ២០២០នេះ ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានអោយដឹងថា ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងសង្គម ទាំងក្នុងក្របខ័ណ្ឌ សកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី៥ក្នុងគោលបំណង បន្តជួយស្ដារ និងជំរុញលទ្ធភាពអាជីវកម្ម ធុរកិច្ចអោយងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ។

រាជរដ្ឋាភិបាលសម្រេចលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននិងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត រយៈពេលខែបន្ថែម ពោលគឺ ក្នុងខែ សីហានិងខែកញ្ញា ឆ្នាំ ២០២០ ។
បើតាមលោកស្រី ក្លេខៃ ចិន្តាប្រធានសមាគមសណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សកម្មភាពអាជីវកម្មលើវិស័យសណ្ឋាគារក្នុងប្រទេសកម្ពុជា មានតំបន់ខ្លះស្ងាត់តែតំបន់ខ្លះទៀត ចាប់ផ្ដើមមានភ្ញៀវខ្លះៗវិញក៏ប៉ុន្តែតំបន់ដែលធ្លាប់តែមានភ្ញៀវចូលស្នាក់ពេញក៏ប្រែជាស្ងាត់ និងមានអាជីវកម្មខ្លះត្រូវបានប្រកាសលក់ ជាពិសេសអាជីវកម្មដែលជួលទីតាំងអ្នកដទៃ ។

បើយោងទៅតាមអង្គការទេសចរណ៍ពិភពលោក ដែលផ្សាយដោយសារព័ត៌មាន AFP បានអោយដឹងថា ត្រឹមតែ៥ខែប៉ុណ្ណោះ វិស័យទេសចរណ៍ពិភពលោកបានបាត់បង់ចំណូលរហូតដល់៣២០ពាន់លានដុល្លារអាមេរិក ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចេញដើរកម្សាន្តបានបាត់បង់ប្រមាណ៣០០លាននាក់ ។ យ៉ាងណាក្ដីអង្គការនេះ បានសង្កេតឃើញថាបច្ចុប្បន្នភ្ញៀវទេសចរចាប់ផ្ដើមធ្វើដំណើរកម្សាន្តក្នុងស្រុកបណ្ដើរវិញហើយនៅក្នុងប្រទេសនីមួយៗ ដែលមានស្ថានភាពកូវីដ១៩ប្រសើរឡើង ។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍លោកប៉ាក់ សុខុមរដ្ឋលេខាធិការបានថ្លែងកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២០កម្ពុជាអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ៣ពាន់លានដុល្លារអាមេរិក ហើយភ្ញៀវអន្តរជាតិបរទេស ដែលមកដល់កម្ពុជារំពឹងថានឹងធ្លាក់ចុះរហូតដល់៧០ភាគរយ ខណៈភ្ញៀវក្នុងស្រុកចេញធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាននានាអាចនឹងធ្លាក់ចុះប្រមាណ៥០ភាគរយផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការអនុគ្រោះចំពោះវិស័យកាត់ដេរ និងអាកាសចរផងដែរ ក្នុងពេលដែលវិស័យនេះ ក៏នៅតែទទួលឥទ្ធិពលអាក្រក់ពីជំងឺរាតត្បាតកូវីដ១៩នេះដែរ ដោយបន្តផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារក្នុងអំឡុងពេលកូវីដ១៩នេះ ៕
ចែករំលែកព័តមាននេះ