ខេត្តសៀមរាប ៖ ក្នុងដំណាក់កាលនេះ កូវីដ១៩ បានធ្វើឱ្យអាជីវកម្ម និងវិស័យសំខាន់ៗស្ទើរតែមួយផែនដី ត្រូវរងផលប៉ះពាល់ខ្លាំង មនុស្សជាច្រើនត្រូវបាត់បង់ការងារធ្វើ ។ ក្នុងនោះប្រទេសកម្ពុជា ក៏មិនសូវខុសគ្នាឆ្ងាយពីប្រទេសដទៃទៀតលើសាកលលោកដែរ ជាក់ស្តែងវិស័យទេសចរណ៍នេះឯងរងផលប៉ះពាល់ខ្លាំងក្លាណាស់ រីឯភ្ញៀវទេសចរបរទេសវិញថយចុះខ្លាំងគំហុកផងដែរ ។

ជាមួយគ្នានេះដែរ អាជីវកម្មដែលធ្លាប់តែទទួលបានផលពីវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ឬកន្លែងទេសចរណ៍នានាក្នុងប្រទេស ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការលក់នៃសំភារៈនានា ឬក៏គ្រឿងអនុស្សាវរីយ៍ក៏ហាក់មិនសូវជាលក់ដាច់ប៉ុន្មានដែរ ។ អាជីវកម្មលក់កាបូប និងកន្ត្រកដែលធ្វើពីកំប្លោក ដែលពឹងលើការលក់ ទៅឱ្យភ្ញៀវទេសចរបរទេសនោះ ឥឡូវហាក់ស្ងាត់ជ្រងំ ឬក៏អាចនិយាយបានថា លក់មិនសូវដាច់។

បងស្រី សាញ់ ចាណា ជាអ្នកលក់កន្ត្រកនិងកាបូបធ្វើពីកំប្លោកបានឱ្យដឹងថា «មុនកូវីដខ្ញុំអាចលក់បាន មួយថ្ងៃបាន ១០ កន្ត្រកឡើងទៅ ហើយភាគច្រើនលក់ដាច់សម្រាប់ភ្ញៀវទេសចរក្រៅស្រុក។ កន្ត្រកឬកាបូប របស់ខ្ញុំលក់ក្នុងតម្លៃចាប់ពី ២៥ ដុល្លារអាមេរិក ឡើងទៅដល់ ៤៥ ដុល្លារអាមេរិក ហើយអាស្រ័យទៅលើទំហំផងដែរ។ ប៉ុន្តែឥឡូវលក់បាន មួយ ឬពីរទេក្នុងមួយថ្ងៃ»។

ក្នុងការប្រកបអាជីវកម្មនេះ បងស្រីធ្វើការលក់ដូរជិត ៨ឆ្នាំ ហើយ ហើយគាត់បានចាប់ផ្តើមលក់តាមអនឡានជិត មួយឆ្នាំហើយដែរ តែមិនជាសូវផុសខ្លាំងៗ ក៏ព្រោះថាគាត់ក៏ដាក់លក់នៅផ្សាររាត្រីច្រើនដែរ។ គាត់បានជួលតូបក្នុងផ្សាររាត្រីដើម្បីលក់ ប៉ុន្តែគាត់លក់ច្រើនមុខ តែដល់ពេលមានវិបត្តិនេះ គាត់ក៏ផ្អាក ហើយចាប់ផ្តើមលក់តាមអនឡាញច្រើនវិញ»។

បងស្រី ចាណា បានបន្ថែមថា «វាជាការផ្តល់កម្រៃដល់ អ៊ំចាស់ៗផងដែរ ដោយយើងបានផ្តល់ឱ្យគាត់ក្នុងតម្លៃ ១ កន្ត្រក ៤ ម៉ឺនរៀលឡើងទៅ អាស្រ័យតាមកន្ត្រកតូចធំ ដែលពួកគាត់ដេរបាន។ ហើយសំភារៈ យើងផ្តល់ឱ្យពួកគាត់ ប៉ុន្តែក៏មានអ៊ំៗខ្លះ ក៏គាត់ទៅដកកំប្លោកមកខ្លួនឯងដែរ។ ហើយចំពោះម៉ូដខ្ញុំច្នៃឱ្យពួកគាត់ដេរ និងក្រងតាម រីឯដាក់លំអរគឺជាផ្កាជ័រ ។ សម្រាប់មួក ខ្ញុំបានលើកមកពីប្រទេសថៃ ព្រោះ កំប្លោកបើយកទៅធ្វើជាមួយវាធ្ងន់ ដូចនេះមិនអាចពាក់បានទេ។ ចឹងមួកដែលលើកយកមកពីថៃ ធ្វើពីក្រចៅ ឬក្បាសវាស្រាលអាចពាក់បាន។ ខ្ញុំដើរប្រមូលទិញតាមភូមិស្រុក ពីមុនមានអ្នកធ្វើ នឹងលក់មកខ្ញុំច្រើននាក់ណាស់ តែឥឡូវនៅតែអ៊ុៗ បួនប្រាំនាក់នេះទេ រាល់ថ្ងៃ»។

អ៊ំស្រីម្នាក់ក្នុងចំណោមអ្នកដេរប្រាំនាក់បានឱ្យដឹងថា ចំនួន២ថ្ងៃទើបត្បាញបានកន្ត្រកមួយ ហើយបានម្តង លក់បាន ១០ ម៉ឺនរៀលទេ។ អ៊ំស្រី ចន្ទ ដែលមានអាយុ ៦៣ ឆ្នាំនេះ បានមានប្រសាសន៍បន្តថា «ហើយចំនួនលុយដែលខ្ញុំរកបាន គ្រាន់តែទុកទិញបាយម្ហូបញុំា ហើយលុយ ១០ ម៉ឺនរៀល គឺអាចចាយបាន ១០ ថ្ងៃឯនោះ។ ខ្ញុំចុះទៅដកកំប្លោកខ្លួនឯង ជិតៗច្រាំង មិនចាំបាច់ទៅកណ្តាលបឹងទេ ហើយទៅគ្នីគ្នាពីរ ឬបីនាក់ដែរ។ ហើយដកហើយ យើងមិនអាចធ្វើបានភ្លាមៗទេ យើងត្រូវហ៊ាលវាឱ្យស្ងួតសិនទើបអាចចាប់ផ្តើមក្រង និងដេរបាន»។

ពីមុនខ្ញុំ ធ្វើការងារច្រើនណាស់ ខាងលក់ដូរនឹង ប៉ុន្តែដោយឥឡូវមិនមានកម្លាំងដូចពីក្មេងៗទៀតទេ ដូចនេះធ្វើការក្រង ត្បាញ ឬដេរនេះ វានៅតែមួយកន្លែងមិនបាច់ចល័តទៅណាឆ្ងាយ ហើយវាក៏មិនសូវជាប្រើកម្លាំងអ្វីខ្លាំងដែរ៕
ចែករំលែកព័តមាននេះ