ថៃ ៖ នៅថ្ងៃព្រហស្បតិ៍ តុលាការកំពូលបានកាត់ទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទកាន់កាប់ភាគហ៊ុនខុសច្បាប់នៅក្នុងក្រុមហ៊ុនទូរស័ព្ទ និងទំនាស់ផលប្រយោជន៍ ហើយបានចេញដីកាចាប់ខ្លួនលោក។
ផ្នែកព្រហ្មទណ្ឌរបស់តុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បាននិយាយថា ខ្លួនបានបន្តការកាត់ក្តីរបស់លោកថាក់ស៊ីន ដោយមិនមានវត្តមានលោក ដូចដែលបានអនុញ្ញាតដោយច្បាប់ថ្មីស្តីពីនីតិវិធីព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយក្នុងឆ្នាំ ២០១៧ ។

លោកថាក់ស៊ីន ត្រូវបានអគ្គព្រះរាជអាជ្ញាចោទប្រកាន់ក្នុងឆ្នាំ២០០៨ ពីបទចោទប្រកាន់មិនត្រឹមត្រូវ និងទំនាស់ផលប្រយោជន៍រវាងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ក្នុងអំឡុងពេលពីរអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រី។
លោកថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដោយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp។ ច្បាប់នេះហាមឃាត់មន្ត្រីរដ្ឋាភិបាលមិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនម៉ៅការរបស់រដ្ឋ។ លោកក៏ត្រូវបានគេចោទប្រកាន់ពីបទទំនាស់ផលប្រយោជន៍ក្នុងការរំលោភក្រមព្រហ្មទណ្ឌ។
ពេលនេះ តុលាការបានរកឃើញថា លោកថាក់ស៊ីន មានពិរុទ្ធភាពដូចការចោទប្រកាន់មែន។
ក្រុមចៅក្រមមកពីតុលាការបានសម្រេចដោយសំឡេងភាគច្រើន ដើម្បីកាត់ទោសលោកថាក់ស៊ីន ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំពីបទកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរស័ព្ទចល័ត និងរយៈពេល៣ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍។
តុលាការក៏បានចេញដីកាចាប់ខ្លួនគាត់ផងដែរ។ ទោះយ៉ាងណាលោកថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ