ខេត្តព្រះសីហនុ ៖ ក្រោយភ្លៀងមួយមេធំ បណ្តាលឱ្យជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវជាតិលេខ៤ ម្តុំភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២០ ហើយត្រូវបានថ្នាក់ដឹកនាំខេត្ត-ស្រុក និងមានការចូលរួមពីផ្នែកឯកជន ដូចជាលោកឧកញ៉ាទៀ វិចិត្រ ជាដើម បានប្រើគ្រឿងចក្រកាយរំដោះទឹកកុំឱ្យជន់លិច។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដែលអញ្ជើញចុះដោះស្រាយការងារនេះផ្ទាល់ ជាមួយលោកសរ កក្កដា អភិបាលស្រុកព្រៃនប់ បានមានប្រសាសន៏ថា បញ្ហានេះត្រូវបានដោះស្រាយហើយ មិនប៉ះពាល់ដល់ចរាចរណ៏តាមផ្លូវជាតិទេ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឲ្យម្ចាស់ដីនៅចំណុចនោះរៀបចំប្រព័ន្ធលូបង្ហូរទឹកឲ្យបានត្រឹមត្រូវចៀសវាងការជន់លិចប៉ះពាល់លើផ្លូវជាតិលេខ៤ ឬប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ