ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុងប៉ោយប៉ែតកំពុងប្រើគ្រឿងចក្រចូកកាយទីតាំងចាក់សម្រាមដ៍ជ្រៅមួយកន្លែង ដើម្បីរុករកបុរសម្នាក់ជាអ្នកឃ្វាលគោ ក្រោយពីបាត់ខ្លួន បន្សល់ទុកដានមួយចំនួននៅទីនោះ ហើយត្រូវបានគេសង្ស័យថា ជនរងគ្រោះលង់លិចក្នុងស្រះចាក់សម្រាមនោះ ។
ករណីភ្ញាក់ផ្អើលខាងលើនេះបានអូសបន្លាយពេលតាំងពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣១កក្កដា ឆ្នាំ២០២០ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលបាត់ខ្លួនខាងលើឈ្មោះកែវ ជួប ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិត្រពាំងសិលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដេញគោទៅឃ្វាលម្តុំកន្លែងកើតហេតុ លុះដល់វេលាម៉ោងប្រហែងជាង៩ព្រឹកថ្ងៃទី៣០ កក្កដា ម្ចាស់គោបានយកបាយទឹកទៅឲ្យជនរងគ្រោះដូចសព្វមួយដង ប៉ុន្តែមិនជួប បែរជាឃើញគោ២ក្បាលធ្លាក់ក្នុងស្រះចាក់សម្រាមនោះទៅវិញ ។ លុះម្ចាស់គោរកគេឯងឱ្យជួយសង្គ្រោះសត្វគោចេញពីទីតាំងកើតហេតុ រួចចុចទូរស័ព្ទរកអ្នកឃ្វាល តែមិនឃើញទៀត បែរជាឃើញមួក និងរំពាត់សម្រាប់ឃ្វាលគោនៅក្នុងស្រះចាក់សម្រាមទៅវិញ ធ្វើឲ្យគ្រប់គ្នាដាក់ការសង្ស័យថាជនរងគ្រោះអាចធ្លាក់លង់លិចនៅទីនោះ។
រហូតមកដល់ព្រឹកថ្ងៃទី៣១ កក្កដា នេះ អាជ្ញាធរក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងសមត្ថកិច្ចទាំងរដ្ឋបាលទាំងព្រំដែននិងយោធានាំគ្នារុករកជនរងគ្រោះដោយប្រើគ្រឿងចក្រចូកកាយក្នុងស្រះចាក់សម្រាមនោះ ក្រែងរកឃើញសពជនរងគ្រោះ ។
តាមប្រភពពីសាច់ញាតិនិយាយថា ជនរងគ្រោះទើបមកនៅក្រុងប៉ោយប៉ែតស៊ីឈ្នួលឃ្វាលគោឲ្យគេប្រហែល១០ថ្ងៃប៉ុណ្ណោះ សង្ស័យជនរងគ្រោះមិនដឹងថាទីតាំងចាក់សម្រាមជ្រៅឬមានទឹក លុះឃើញគោចុះទៅទីនោះក៏រត់ចុះទៅដេញគោ ក៍លង់លិចបាត់ខ្លួនតែម្តង។
គិតមកត្រឹមវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣១ កក្កដា នេះដែរ បើតាមប្រភពពីលោកស៊ា សៅឌី នាយប៉ុស្តិព្រៃគប់នៃនគរបាលការពារព្រំដែនគោកលេខ៩១១ បានឱ្យដឹងថា មកទល់ពេលនេះ គឺនៅតែរកជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ ព្រោះគំនរសំរាម និងស្មៅក្នុងស្រះនោះក្រាស់ពេក ដោយមិនដឹងថា ជនរងគ្រោះលេចបាត់នៅម្តុំណាទេ ខណៈពេលនេះគ្រឿងចក្រនៅបន្តកាយរកដដែល ហើយករណីនេះនៅតែជាព័ត៍មានភ្ញាក់ផ្អើលដដែល ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ