ទីក្រុងហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា បានរាយការណ៍ថា មានករណីថ្មីចំនួន ៤៥ករណីបន្ថែម ដែលបានផ្សារភ្ជាប់ជាមួយនឹងការចម្លងកូវីដ-១៩ថ្មី ក្នុងសហគមន៍ នៅទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលនៃប្រទេស ដែលចំនួននេះគឺឡើងខ្ពស់បំផុតប្រចាំថ្ងៃ ។
អ្នកឆ្លងថ្មីទាំង៤៥ករណីនេះ មានអាយុចន្លោះពី ២៧ឆ្នាំ ដល់៨៧ឆ្នាំ គឺជាប្រជាជននៅខេត្តក្វាងណាម ត្រូវជាសាច់ញាតិរបស់អ្នកជំងឺ ដែលមកលេង ឬមើលថែអ្នកជំងឺ នៅឯមន្ទីរពេទ្យចំនួន៤ និងសណ្ឋាគារចំនួន០១ នៅដាណាង ។ មន្ត្រីសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកថ្មីនៃការឆ្លងកូវីដ-១៩ សរុបចាប់តាំងពីថ្ងៃសៅរ៍ បានឈានដល់ ៩៣ករណីហើយ ។
ប្រទេសវៀតណាម ចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ-១៩ ជាទ្រង់ទ្រាយធំ នៅទីក្រុង និងខេត្តចំនួន៦ ពិសេសក្នុងរដ្ឋធានីហាណូយ ដោយហាមឃាត់ការប្រមូលផ្តុំធំៗ និងបានជំរុញឲ្យអ្នកដំណើរក្នុងស្រុករាប់ពាន់នាក់ ត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ខណៈដែលប្រទេសវៀតណាមបានប្រកាសយ៉ាងតឹងរ៉ឹង បិទទីក្រុងដាណាង ហើយជើងហោះហើរដឹកអ្នកដំណើរបានផ្អាករយៈពេល១៥ថ្ងៃ ។
សារជាអក្សរ ត្រូវបានផ្ញើទៅគ្រប់ទូរស័ព្ទដៃ របស់ប្រជាជនវៀតណាម ៩៥លាននាក់ នៅទូទាំងប្រទេស ដោយជម្រុញឲ្យអ្នកដែលបានទៅកម្សាន្តនៅទីក្រុងដាណាង ក្នុងខែកក្កដានេះ ឆាប់ទៅពិនិត្យធ្វើតេស្តរក Covid-19 ស្រប់ពេលដែលរលកថ្មីនៃវីរុសនេះ ឆ្លងរាលដាលយ៉ាងរហ័យ ដល់ទីក្រុង និងខេត្តចំនួន៦របស់វៀតណាម ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ ។
អាជ្ញាធរទីក្រុងហាណូយ បានចាប់ផ្តើមធ្វើតេស្ត ប្រជាជនចំនួន ២១.០៦៣នាក់ ដែលទើបតែវិលត្រឡប់មកពីដាណាង នាឱកាសថ្ងៃសម្រាកលំហែកាយសម្រាប់អ្នកដំណើរក្នុងស្រុក ចាប់តាំងពីមានការរឹតត្បិត ។
គិតមកត្រឹមព្រឹក ថ្ងៃទី៣១ ខែកក្កដា ២០២០នេះ ប្រទេសវៀតណាម មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៥០៩ករណី ដោយពុំមានអ្នកស្លាប់ឡើយ ៕



ចែករំលែកព័តមាននេះ