រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រមួយគ្រឿងរេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងធ្វើអោយអ្នកបើករថយន្ត រងរបួសធ្ងន់ទៀតផង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ កក្កដា ឆ្នាំ២០២០ ក្នុងបុរីពិភពថ្មី គំរោង១ ផ្ទះលេខ០១A ផ្ទះលេខ៣៦ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ប្រភពឱ្យដឹងថា រថយន្តបង្កពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-5748 បើកបរ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង៤០ឆ្នាំ បានឡើងបើករថយន្តចេញពីផ្ទះគាត់នៅម្តុំបុរីខាងលើ តាមផ្លូវលេខ ០១A ក្នុងទិសដៅ ពីត្បូងទៅជើង ដោយសង្ស័យថា អ្នកបើកបរស្រវឹងផងនោះ ទើបធ្វើអោយរថយន្តរេចង្កូតទៅខាងស្តាំដៃឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុករះរបងរបស់ផ្ទះលេខ១៩បណ្តាលអោយបាក់របងដែករេលអស់២ផ្ទាំង ពេលនោះ រថយន្តមិនទាន់អស់ល្បឿន ក៏បន្តរេចង្កូតទៅខាងឆ្វេងដៃម្តងជ្រុលទៅបុកម៉ូតូឆាលីមួយគ្រឿងដែលចតមុខផ្ទះ លេខ៣៥ បណ្ដាលឲ្យរងការខូចខាត ហើយរថយន្តនៅតែមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទុបផ្ទះលេខ៣៦ដែល ម្ចាស់ចាក់សោចោលរងការខូចខាតផ្ទះផ្នែកខាងមុខយ៉ាងដំណំ ព្រមទាំងធ្វើឲ្យរថយន្តរងការខ្ទេចស្រុញផ្នែកខាងមុខ កល់ជាប់ទៅមុខលែងរួច។

ប្រភពឱ្យដឹងទៀតថា ហេតុការណ៍នេះធ្វើអោយអ្នកបើករថយន្ត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ក្នុងហេតុការណ៍នេះដែល សំណាងល្អ គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សដទៃទៀត។ ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុពិនិត្យមើលនិងទាក់ទងខាងជំនាញចរាចរណ៍ អោយចុះទៅធ្វើការវាស់វែងផងដែរ ស្រាប់តែមានតំណាងភាគីខាងរថយន្តបង្កចេញមុខមកសម្របសម្រួល ដោយសុខចិត្តទុករថយន្តបង្កនៅផ្ទះកើតហេតុទាំង៣ល្វែង រង់ចាំម្ចាស់ផ្ទះមកដល់ពួកគាត់និងដោះស្រាយគ្នាសងសំណងដែរខូចខាតខាត ដោយមិនអោយសមត្ថកិច្ចចូលរួមនោះទេ ៕



ចែករំលែកព័តមាននេះ