ខេត្តកំពង់ឆ្នាំង ៖ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់មន្ត្រីផលិតកម្មនិងបសុព្យាបាលទាំង៨ស្រុកក្រុង សូមយកចិត្តទុកដាក់ចុះព្យាបាលជំងឺសត្វរបស់ប្រជាពលរដ្ឋឲ្យដល់មូលដ្ឋាននិងទាន់ពេលវេលា ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានមានប្រសាសន៍បែបនេះ នាឱកាសចែកវ៉ាក់សាំង ថ្នាំព្យាបាល ថ្នាំសំលាប់មេរោគ និងសំភារៈបរិក្ខារបសុពេទ្យដល់មន្ត្រីផលិតកម្មបសុព្យាបាលទាំង៨ស្រុក-ក្រុង ដើម្បីយកទៅព្យាបាលការពារដល់សត្វរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៃការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបន្តថា ជាការពិតណាស់ សត្វពាហនៈ ដែលជាកម្លាំងអូសទាញ ដ៍ចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សានេះ ។ ហេតុនេះហើយសូមមន្ត្រីផលិតកម្មបសុព្យាបាលទាំងអស់ ពេលទទួលបានថ្នាំ និងសំភារៈបរិក្ខារទាំងនេះ សូមយកទៅចាក់ថ្នាំការពារនិងព្យាបាលដល់សត្វរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា មិនត្រូវយកទៅទុកចោលនោះឡើយ ។

លោកបានបន្តទៀតថា ម្យ៉ាងវិញទៀតប្រភេទថ្នាំខ្លះត្រូវការកន្លែងសុវត្ថិភាពដូចជាកម្រិតអង្សា ត្រជាក់ជាដើម ។ មន្ត្រីផលិតកម្មតាមមូលដ្ឋានត្រូវផ្ដល់ដំណឹងជាបន្ទាន់បើសិនមានបញ្ហាផ្ទុះជំងឺលើសត្វពាហនៈនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានដឹងដល់ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តចេញអន្តរាគមន៍ជាបន្ទាន់ផងដែរ ។

ដោយឡែកលោក គ្រឹង សំអាត ប្រធានការិយាល័យបសុព្យាបាល ក៏បានរាយការណ៍ផងដែរថា ពេលនេះជារដូវធ្លាក់ភ្លៀង សត្វពាហនៈរបស់ប្រជាពលរដ្ឋច្រើនកើតមានជំងឺបូសខ្យល់, សារទឹក និងអុតក្តាមជាដើម ។ កន្លងមក មន្ត្រីការិយាល័យរបស់លោកក៏បានចុះអន្តរាគមន៍ជួយចាក់ថ្នាំការពារនិងព្យាបាលដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋទាំង 8 ស្រុកក្រុងជាបន្តបន្ទាប់ ។ ចំពោះថ្នាំដែលបានយកចែកជូននៅពេលនេះគឺថ្នាំការពារជំងឺសារទឹក ជំងឺបូសខ្យល់ និងអុតក្តាមព្រមជាមួយនេះក៏មានថ្នាំសម្រាប់បាញ់សម្លាប់មេរោគនៅតាមទ្រុង នៅតាមកសិដ្ឋាននិងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ