ប្រទេសកូរ៉េ ៖ ក្នុងឱកាសកាន់លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ជូនទៅអគ្គលេខាធិការ Ban Ki-moon ផ្ទាល់ដៃនាថ្ងៃទី៣០ កក្កដានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាល និងរីករាយ ក្នុងនាមលោកអគ្គលេខាធិការ ជាមិត្តភក្កិរបស់សម្ដេចតេជោ។

លោកបន្តថា Global Green Growth Institute ដែលលោក បាន គីមូន ដឹកនាំត្រៀមខ្លួនសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងលើគោលនយោបាយ និងហិរញ្ញវត្ថុ ក្នុងវិស័យគ្រប់គ្រងកាកសំណល់ ដើម្បីបំលែងទៅជាថាមពលស្អាត។ លោកបន្តថា ខ្ញុំនៅចងចាំកាលពីឆ្នាំ២០០៧ ក្នុងពេលចាប់ផ្ដើមបំពេញជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ពេលផ្ដល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្ដីមួយ គេឆ្ងល់សួរគាត់ថា ហេតុអ្វីបានក្នុងការិយាល័យគាត់ដាក់តាំងសុទ្ធតែរូបថ្លុកដែលគេហាក់ដូចជាមាក់ងាយគាត់ទៅវិញ?

ហើយខ្លះទៀតគិតថា គាត់មិនអាចបំពេញកិច្ចការដ៏ធ្ងន់នេះបានមួយអាណត្តិផង។ លោក បាន គីមូន បានឆ្លើយថា ពាក្យពេចន៍បន្តុះបង្អាប់ និងមាក់ងាយនេះ គឺជាថាមពល ជាកម្លាំងចិត្តដែលធ្វើឲ្យគាត់រឹតតែខិតខំប្រឹងប្រែង រហូតដល់គាត់ដឹកនាំអង្គការពិភពលោកមួយនេះ ឆ្លងកាត់ព្យុះភ្លៀងជាច្រើនប្រកបដោយជោគជ័យ ក្នុងរយៈពេលពីរអាណត្តិជាប់គ្នា៕ ដោយ ៖ ចន ណារិទ្ធ

ចែករំលែកព័តមាននេះ