រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមនៅថ្ងៃនេះ មានការបញ្ចេញមតិផ្សេងៗ ជុំវិញករណីជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់ ហើយត្រូវបានស្ត្រីម្នាក់រើសបាន ហើយក៏ត្រូវបានបុរសម្នាក់ឈ្មោះ យឹម វុទ្ធី ក្នុងនាមជាដើមបណ្តឹង បានប្តឹងផ្តល់ពីបទ «លួចចិញ្ចៀនពេជ្រ និងជំរិតទារប្រាក់» ។
នៅថ្ងៃទី៣០ កក្កដា ២០២០នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបំភ្លឺថា កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃ ២,៦៥៤ដុល្លារ ពេលដែលចតឡាននៅជិតផ្ទះ ។ ដល់ពេលព្រឹកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានរកចិញ្ចៀនដែលខ្លួនពាក់នៅនឹងដៃពុំឃើញ ហើយបានទៅរកនៅកន្លែងដែលខ្លួនចតឡាន នាពេលយប់នោះតែពុំឃើញសោះ ។
ក្រោយមកឈ្មោះ យឹម វុទ្ធី ក៏សុំពិនិត្យទិន្នន័យក្នង Camara សុវត្ថិភាពរបស់ម្ចាស់ផ្ទះអ្នកជិតខាង(រើសជញ្ចៀនបាន) តែត្រូវម្ចាស់ផ្ទះបដិសេធ ដោយសម្អាងថា Camera សុវត្ថិភាពខូច ។ លោកបានបន្តទៅសុំម្ចាស់ Camera សុវត្ថិភាពអ្នកជិតខាងម្នាក់ទៀត ដើម្បីពិនិត្យតាមដានរកអ្នកដែលរើសយកចិញ្ចៀននោះ ។ ជាលទ្ធផលក្នុង Camera សុវត្ថិភាពនោះ បានថតជាប់សកម្មភាពរបស់ឈ្មោះ ជើង សៀមឆេង (ត្រូវជាម្ដាយរបស់ឈ្មោះ សេង កុសែន និងប្រពន្ធឈ្មោះ លី ស្រីអូន) ដែលរើសយកចិញ្ចៀន ។
ឈ្មោះ យឹម វុទ្ធី បានទៅជួបឈ្មោះ ជើង សៀមឆេង សាកសួរអំពីចិញ្ចៀន តែត្រូវគាត់បានប្រាប់ថា គាត់ពិតជារើសបានចិញ្ចៀននោះប្រាកដមែន តែគាត់បានប្រគល់ឲ្យទៅកូនប្រុសរបស់គាត់ឈ្មោះ សេង កុសែន បាត់ទៅហើយ ក្រោយមកលោកបានជួបជាមួយប្រពន្ធ សេង កុសែន ឈ្មោះ លី ស្រីអូន សុំលេខទូរស័ព្ទទំនាក់ទំនង ដើម្បីសុំចិញ្ចៀនវិញ តែគាត់ពុំព្រមឲ្យលេខទូរស័ព្ទប្ដីគាត់ឡើយ ។
ឈ្មោះ យឹម វុទ្ធី បានព្យាយាមទទូចសុំលេខប្ដីគាត់ជាច្រើនលើករួចមក គាត់បានខលទៅប្ដីគាត់ ដើម្បីឲ្យប្ដីគាត់ខលត្រឡប់មកវិញ ពេលនោះឈ្មោះ សេង កុសែន បានប្រាប់ថា គាត់បានលក់ចិញ្ចៀននោះ ឲ្យទៅមិត្តភក្ដិគាត់ក្នុងតម្លៃ៦០០ដុល្លារ ហើយបើចង់បានចិញ្ចៀននោះវិញ គឺតម្រូវឲ្យបង់លុយតាមរយៈធនាគា ABA ចំនួន៦០០ដុល្លារ ដើម្បីយកលុយទៅប្រគល់ឲ្យទៅមិត្តភ័ក្រខ្លួនវិញ ពេលនោះឈ្មោះ យឹម វុទ្ធី បានសួរគាត់ថា មិត្តភក្ដិគាត់នៅទីណា, ឈ្មោះអីក៏គាត់មិនប្រាប់ដែរ គឺគាត់មានចេតនានិយាយពង្វៀង ។
លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានសម្រេចដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធី ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំកសាងសំណុំរឿង តាមនីតិវិធីច្បាប់ និងបានស្នើសុំការអង្កេតបឋមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន និងសូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃរឿងហេតុដោយពុំមូលដ្ឋាន ភស្តុតាង និងការស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់ ។
ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ«សេង សុវណ្ណ មង្គល» បានបង្ហោះថា កាលពីព្រលប់ថ្ងៃទី២៨ កក្កដា ២០២០នេះថា «ឯណាយុត្តិធម៌ ! ម្ដាយខ្ញុំរើសបានចិញ្ចៀនកណ្តាលថ្នល់សោះ មិនដឹងថា ចិញ្ចៀនបុគ្គលណាទេ តែបែរជាលោកផ្កាយ២ ចោទថា ម្ដាយខ្ញុំជាអ្នកលួចចិញ្ចៀនទៅវិញ ។ រូបភាពមានហើយហេតុអីបានថា គ្រួសារខ្ញុំលួចចិញ្ចៀន ប្រទេសខ្មែរមានយុត្តិធម៌ទេ ? សម្រាប់គ្រួសាររបស់ខ្ញុំ តើគ្រួសាររបស់ខ្ញុំទទួលបានយុត្តិធម៌យ៉ាងណា» ។
ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ចេញជាយោបល់ថា «បើតាមខ្ញុំ មើលភស្តុតាងក្នុង Camera មានជាក់ស្តែង ឃើញនឹងភ្នែកច្បាស់ ប៉ុណ្ណឹងហើយ លោកផ្កាយ គាត់ហ៊ានប្តឹង ក្នុងលក្ខណៈបំបែកសំណុំរឿងទៀត ។ គួរតែ លោកផ្កាយ ធ្វើការសម្របសម្រួល នឹងលោកយាយ ទើបជាការប្រសើរ និងមានភាពថ្លៃថ្នូរ ក្នុងនាមជាអ្នកមានឋានៈ ក្នុងសង្គមកុំយកផ្កាយមកធ្វើស្រែបុណ្យ ធ្វើបាបរាស្ត្រទន់ខ្សោយបែបនេះមិនល្អទេ» ។
ទោះជាយ៉ាងនេះក្តី ផេកហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសរសេរថា តើការរើសទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃ នៅតាមផ្លូវ ដែលគេជ្រុះហើយអាចក្លាយជាបទល្មើសដែរ ឫទេ ?
ឧបមាថា លោក (ក) ធ្វើដំណើរតាមផ្លូវហើយរើសបានកាបូបមួយ ដែលនៅក្នុងកាបូបនោះមានលុយ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងទៀត។ ប៉ុន្តែគាត់មិនបានប្រកាសជាសាធារណៈ សួររកម្ចាស់កាបូបនេះទេ ។ ក្រោយមកម្ចាស់កាបូបលុយនោះ ឃើញលោក (ក) កាន់កាបូបនោះ ។ សួរថា តើលោក (ក) នឹងជាប់សង្ស័យថា ជាអ្នកលួចទ្រព្យសម្បត្តិគេទេ ?
អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ បើតាមបញ្ញត្តិ មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើលួចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។
បើទោះបី ជាវត្ថុ ឬទ្រព្យសម្បត្តិនោះ លោក (ក) ជាអ្នករើសបានក៏ដោយ តែយើងមិនបានប្រកាសជាសាធារណៈ ដើម្បីប្រាប់ដល់ម្ចាស់ឲ្យបានដឹងហើយ នៅពេលដែលម្ចាស់កាបូបនោះ រកឃើញគឺគេចាត់ទុកថា លោក (ក) ជាអ្នកលួចដែរ ព្រោះថាលោក (ក) នៅពេលដែលរើសកាបូបនោះបាន គឺគាត់ប្រាកដជាដឹងថា កាបូបនោះជាកម្មសិទ្ធិរបស់អ្នកដទៃរួចទៅហើយ ។ ដូច្នេះមានន័យ ថាលោក (ក) មានចេតនាលួចរបស់គេហើយ នេះគ្រាន់តែរើសបានផង កុំថាឡើយដល់ទៅលួចរបស់អ្នកដទៃ ៕
https://www.facebook.com/100008295409899/videos/pcb.3030645207221963/3030621603890990/?type=3&theater




ចែករំលែកព័តមាននេះ