ខេត្តកែប ៖ អាជ្ញាធរខេត្តកែបកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានបើកយុទ្ធនាការចាក់ វ៉ាក់សាំងគោក្របីការពារជំងឺអុតក្ដាមជូនដល់ប្រជាពលរដ្ឋនៅភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែប។ យោងតាមរបាយការណ៍លោក ផឹង បូរិន្ទ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានឲ្យដឹងថា ខេត្តកែបមានស្រុក១ និងក្រុង១ មានឃុំសង្កាត់ចំនួន៥ និងភូមិចំនួន១៨។ ប៉ុន្តែជាការចាំបាច់ភ្នាក់ងារពេទ្យសត្វប្រចាំភូមិទាំង១៨ត្រូវបានមកទទួលសម្ភារបសុព្យាបាលសត្វ។

លោក ផឹង បូរិន្ទ ប្រធានមន្ទីរកសិកម្មខេត្តកែបបាននិយាយប្រាប់ឲ្យដឹងថា សំណាប និងសន្ទូង ដែលមានផ្ទៃដីចំនួន៤៥ហិកតា កំពុងទទួលរងផលប៉ះពាល់គ្រោះរាំងស្ងួតតែមិនខូចខាតទេ។ លោក ផឹង បូរិន្ទ និយាយប្រាប់ឲ្យដឹងថា ដោយឡែកការចាក់វ៉ាក់សាំងដល់សត្វពាហនៈ ជូនដល់ប្រជាពលរដ្ឋ នៅភូមិភ្នំលាវ មានចំនួន១០០ក្បាល ដែលមានមន្ត្រីពេទ្យសត្វរួមទាំងមន្ត្រីបសុព្យាបាលសត្វ មកពីមន្ទីរកសិកម្មខេត្ត។ លោក ផឹង បូរិន្ទ និយាយថា ការចាក់ចាក់វ៉ាក់សាំងដល់សត្វគោក្របី ជូនដល់ប្រជាពលរដ្ឋនេះការពារជំងឺអុតក្ដាម។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ប្រាប់ដល់ក្រុមពេទ្យសត្វទាំង១៨ភូមិមកទទួលសម្ភារបសុព្យាបាលសត្វ ថាធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីការពារជំងឺអុតក្ដាមកំឲ្យមានការឆ្លង ឬកើតបន្តនៅក្នុងភូមិសាស្ត្រខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ក្រុមពេទ្យមកពីភូមិចំនួន១៨ទូទាំងខេត្តកែបថា មិនត្រឹមតែការពារដល់សត្វគោក្របីទេ ក្នុងនោះត្រូវមានការប្រុងប្រយត្ន័ខ្ពស់ទៅលើអនាម័យមនុស្សផងដែរ ព្រោះជំងឺឆ្លងកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលជាសកលមិនទាន់រកថ្នាំបង្ការបាននៅឡើយទេ។ ឯកឧត្តម សោម ពិសិដ្ឋ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំសង្កាត់ទាំងអស់ចូលរួមសហការជាមួយមន្ត្រីបសុព្យាបាលសត្វយកគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាមឲ្យបានគ្រប់គ្នា៕ ដោយ ៖ កែវ ឆាត
ចែករំលែកព័តមាននេះ