កសិករស្រុកសាលាក្រៅ ដាំដំណាំល្មើជាង៥ហិកតា នៅលើដីចម្ការរបស់ខ្លួន ហើយអាចប្រមូលផលក្នុង១ឆ្នាំពីរដង
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ ប្រជាកសិករមួយចំនួន ដែលរស់នៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមបែរមកដាំដំណាំល្មើ ដោយធ្វើការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី លក្ខណៈតៗគ្នា មកដាំដំណាំថ្មីមួយ ដើម្បីលើកកម្ពស់ និងផ្គត់ផ្គង់ជីវភាពសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃរបស់ពួកគេ ហើយក៏បានប្រមូលផលផ្លែបេះលក់ឱ្យឈ្មួញជាបណ្តើរៗ ។

ជាក់ស្តែង កសិករម្នាក់ឈ្មោះ ចែម ចាន់ផៃ ភេទស្រី រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបមុខរបរដាំដំណាំល្មើនៅលើផ្ទៃដីជាង៥ហិកតា ដែលមានដំណាំល្មើចំនួនពីរប្រភេទ គឺពូជបាហ៊ីលឿង និងបាហ៊ីក្រហម ។
ប្រភពបន្តទៀតថា មូលហេតុដែលគាត់ចង់ដាំដំណាំល្មើនេះ ដោយសារវាអាចផ្តល់ផលច្រើន លក់បានក្នុងតម្លៃខ្ពស់ ហើយរយៈពេលមួយរដូវអាចប្រមូលផលបានរហូតដល់ពីរដង គឺលើកទី១ គាត់បានចាប់ផ្ដើមប្រមូលផលក្នុងខែ មិថុនា និងលើកទី២ គាត់នឹងប្រមូលផលនៅក្នុងខែសីហានេះ ។

គួរឱ្យកត់សម្គាល់ឃើញថា នៅឆ្នាំនេះ គាត់ប្រមូលផលបានច្រើនជាងឆ្នាំមុន ដោយសារនៅឆ្នាំមុន ដំណាំល្មើមួយដើមៗ ចេញស្មែងតែមួយ ឬពីរប៉ុណ្ណោះ តែឆ្នាំនេះ ក្នុងមួយដើមអាចចេញបានរហូតដល់បួនស្មែងឯណោះ។
ស្ត្រីកសិករខាងលើ បានរៀបរាប់បន្តទៀតថា ចំពោះការលក់ដូរវិញ គឺគាត់រកទីផ្សារមិនជួបបញ្ហាច្រើននោះទេ គឺមានម៉ូយ និងប្រជាពលរដ្ឋចូលមកទិញដល់ចម្ការខ្លះ និងកម្មង់ទិញតាមទូរស័ព្ទ និងអនឡាញខ្លះ ដោយតម្លៃលក់ក្នុងមួយគីឡួក្រាម៣ម៉ឺនរៀល ។

រីឯការចំណាយក្នុងការថែទាំវិញ ក្នុងមួយឆ្នាំៗ គាត់បើកថវិកាឱ្យទៅកម្មករ និងថ្លៃចំណាយផ្សេងៗ សរុបទាំងអស់ប្រហែល៣០លានរៀល ។ តែចំពោះកម្រៃបានពីការលក់ដូរមានចំនួនប្រមាណ៨០ ទៅ៩០លានរៀលដែរ ។ ពេលខ្លះ បើកាត់មិនទាន់ទេ គាត់អាចយកផ្លែល្មើដែលទុំជ្រុះដីទៅធ្វើជាជីកំប៉ុស្តិ៍ សម្រាប់យកទៅស្រោចតាមគល់ល្មើវិញផងដែរ ។
កសិករខាងលើ ក៏បានអំពាវនាវផ្តាំផ្ញើដល់បងប្អូន និងភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយទាំងអស់ អាចអញ្ជើញចូលទៅលេងនៅក្នុងចម្ការល្មើរបស់គាត់ ដែលមិនពិបាករកនោះទេ គឺមានទីតាំងនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយអាចទិញហូបបាន ព្រោះជាល្មើធម្មជាតិ ថែមទាំងជួយប៉ូវកម្លាំងសុខភាពក្រលៀនថែមទៀតផង ៕









ចែករំលែកព័តមាននេះ