ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញកម្ពុជា កំពុងកំពុងស្រាវជ្រាវផលិតពូជក្រូចពោធិ៍សាត់គ្មានជំងឺ

11 នាទី មុន

ដើម្បី​លើក​ស្ទួយ​ផលិតកម្ម​ដំណាំ​ក្រូចពោធិ៍សាត់ ដែល​ជា​ដំណាំ​មាន​សក្តានុពល​នៅ​ខាង​ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស អ្នកជំនាញ​កម្ពុជា​នៅ​ពេល​នេះ កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ផលិត​ពូជ​ដំនាំ​នេះ ដោយ​គ្មាន​ជំងឺ​ម្យ៉ាង​គឺ​ជំងឺ​ស្លឹក​ប្រាក់ ដែល​ជា​ជំងឺ​រុក្ខជាតិ​តែង​យាយី​ដំនាំ​មួយ​ប្រភេទ​នេះ ។

បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២៦​ថា ក្រូចពោធិ៍សាត់ គឺជា​ផ្លែ​ឈើ​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​សារៈសំខាន់​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ប៉ុន្តែ បច្ចុប្បន្ន ចម្ការ​ក្រូចពោធិ៍សាត់​របស់​កសិករ​ជា​ច្រើន​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​ស្លឹក​ប្រាក់​(Huanglongbing: HLB) ដែល​បង្ក​ឡើង​ដោយ​បាក់តេរី Candidatus Liberibacter asiaticus និង​ចម្លង​ដោយ​សត្វល្អិត Asian Citrus Psyllid (Diaphorina citri)​។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ពេល​នេះ​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា បាន​ចាប់ផ្តើម​អនុវត្ត​ការ​ស្រាវជ្រាវ​ផលិត​ពូជ​ក្រូចពោធិ៍សាត់​គ្មាន​មេរោគ ដោយ​ប្រើប្រាស់​បច្ចេកទេស​ជាលិកា​វប្បកម្ម (Tissue Culture) ក្នុង​គោលបំណង​ផលិត​កូន​ក្រូច​ដែល​មាន​សុខភាព​ល្អ គ្មាន​ជំងឺ និង​មានគុណ​ភាព​ខ្ពស់​សម្រាប់​ការ​ដាំ​ដុះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ដំណើរការ​ស្រាវជ្រាវ​នេះ ការ​ជ្រើសរើស​ជាលិកា​ពី​គ្រាប់ពូជ ត្រូវ​បាន​អនុវត្ត​ដោយ​យកចិត្តទុកដាក់ និង​មានការ​សម្រិតសម្រាំង​យ៉ាង​ម៉ត់ចត់ ព្រោះ​ការ​បង្កាត់​ពូជ​ដោយ​លំអង (Cross-pollination) អាច​បណ្តាល​ឱ្យ​មានការ​ប្រែប្រួល​លក្ខណៈ​ហ្សែ​ន (Genetic variation) ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​លក្ខណៈ​ពិសេស​របស់​ពូជ​ដើម ។

ប្រភព​ដដែល​បាន​បន្ថែម ប្រសិនបើ​ការ​ស្រាវជ្រាវ​ទទួល​បាន​ជោគជ័យ ស្ថាប័ន​នេះ​នឹង​អាច​ផលិត​កូន​ក្រូចពោធិ៍សាត់​ដែល​គ្មាន​ជំងឺ​រក្សា​បាន​នូវ​រសជាតិ​ដើម មានគុណ​ភាពល្អ និង​ផ្តល់​ទិន្នផល​ខ្ពស់ ។

ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​នឹង​បន្ត​អភិវឌ្ឍ​បច្ចេកទេស​ដាំ​ដុះ និង​ការ​គ្រប់គ្រង​ជំងឺ ដើម្បី​ជួយ​កសិករ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ HLB និង​លើកកម្ពស់​ផលិតភាព​ដំណាំ ហើយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា ក៏​មាន​ផែនការ​ស្រាវជ្រាវ និង​បង្កាត់​ពូជ​ក្រូចពោធិ៍សាត់​ថ្មី​ដែល​មាន​ភាព​ធន់​នឹង​ជំងឺ HLB តែ​ទោះជា​យ៉ាងណា ការ​ស្រាវជ្រាវ​នេះ​ត្រូវការ​រយៈពេល​វែង ដោយ​ត្រូវ​ធ្វើការ​ដាំ​សាកល្បង និង​តាមដាន​ការ​លូតលាស់ ភាព​បន្សាំ និង​សមត្ថភាព​ធន់​នឹង​ជំងឺ​របស់​ពូជ​ថ្មី មុន​នឹង​អាច​ណែនាំ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>