ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​១​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន កំពុង​សប្បាយ​រីករាយ​ប្រមូល​ផលដំណាំ​សណ្តែកបាយ​របស់​ខ្លួន​ជាង​៥​ហិ​កតា

1 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​មួយ​គ្រួសារ កំពុង​ញាប់ដៃ​ញាប់​ជើង ដោយ​ជួល​កម្មករ និង​ហៅ​ម៉ាស៊ីន​ឱ្យមក​ប្រមូល​ផល​សណ្តែកបាយ នៅ​ក្នុង​ចំការ​របស់​ខ្លួន ដើម្បី​លក់​ឱ្យ​ឈ្មួញ យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុម​គ្រួសារ បន្ទាប់​ពី​បាន​ដាំ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​ចំការ​សណ្តែកបាយ មានឈ្មោះ អ៊ឹ​ង ថា​ល់ ភេទ​ប្រុស រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ដីចំការ​ផ្ទាល់ខ្លួន​ចំនួន​ជាង​៥​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន គេ​នាំ​គ្នា​ដាំ​ដំណាំ​ដែល​ដូច​ៗ​គ្នា ដោយ​អ្នកខ្លះ​ដាំពោត​ក្រហម ខ្លះ​ទៀត​ដាំដំឡូង​មី និង​ដាំ​ស្វាយកែវ​រមៀត​ជាដើម ទើប​លោក​បែកគំនិត​រក​នឹកគិត​ថា តើ​គួរ​ដាំ​ដំណាំ​ណា ដែល​គេ​មិនសូវ​ដាំ​ច្រើន ដើម្បី​ងាយស្រួល​រក​ទីផ្សារ​លក់ដូរ​ឱ្យ​បាន​តម្លៃ​ខ្ពស់​ល្អ​ប្រសើរ ទើប​ទិញ​ពូជ​គ្រាប់​សណ្តែកបាយ​យក​មក​ដាំ​នៅ​លើ​ដី​របស់​ខ្លួន​តែ​ម្តង ។ លោក​ពិតជា​បាន​សម្តែង នូវ​ការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ផលដំណាំ​សណ្តែកបាយ​របស់​ខ្លួន ដែល​នៅ​ឆ្នាំ​២០២៦​នេះ គឺ​ទទួល​បាន​ទិន្នផល​ខ្ពស់ ខណៈ​ដែល​ផ្ទៃមេឃ​បាន​ធ្លាក់​ភ្លៀង​ជា​រឿយ​ៗ ហើយ​រហូត​មក​ដល់​ពេល​នេះ ល្មម​ដល់​លោក​ត្រូវ​តែ​ប្រមូល​ផល ដោយ​ជួល​ម៉ាស៊ីន​ច្រូត និង​កម្មករ​មួយ​ចំនួន ដើម្បី​ប្រញាប់​លក់​យក​ថវិកា​ផ្គត់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក អ៊ឹ​ង ថា​ល់ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដំណាំ​សណ្តែកបាយ​របស់​ខ្លួន គឺ​មិន​មានការ​ថយ​ចុះ​នូវ​ទិន្នផល​ឡើយ គឺ​អាច​ទទួល​បាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ៗ​ដែរ គឺ​ជិត​១​តោន ក្នុង​១​ហិ​កតា ហើយ​ក៏​ថ្លឹង​លក់​ឱ្យ​ឈ្មួញ​បាន​តម្លៃ​ប្រហែល ៣០០០​រៀល ក្នុង​១​គីឡូក្រាម ។ លោក​បាន​បន្ថែម​ទៀត​ថា ទាំង​ទិន្នផល និង​តម្លៃ​ទីផ្សារ​នា​ឆ្នាំ​ថ្មី​នេះ គឺ​ល្អ​ប្រសើរ​សម្រាប់​កសិករ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

ម្យ៉ាងវិញទៀត ដំណាំ​សណ្តែកបាយ​នេះ ពិតជា​ផ្តល់​ផលប្រយោជន៍​ច្រើន​ទាំង​ផ្លែ និង​ដើម​ផង​ដែរ ដោយសារ​ក្រោយ​ពី​បាន​ផ្តល់​ផល​ផ្លែ​រួច​ហើយ គឺ​ដើម​របស់​វា​ពិតជា​អាច​ផ្តល់​ជា​ជីជាតិ​ដល់​ដី អាច​ឱ្យ​ដី​ធូរ​ល្អ ដែល​អាច​ឱ្យ​គាត់​ដាំ​ដំណាំ​ផ្សេង​ទៀត​ទទួល​បាន​ទិន្នផល​ខ្ពស់ ៕