រាជធានីភ្នំពេញ ៖ នៅពិភពលោកនាពេលបច្ចុប្បន្ន នៅតែមានការចំលងនៃជំងឺកូវីដ១៩នេះ យ៉ាងខ្លាំងក្លានៅឡើយទេ ហើយប្រទេសប្រមាណជា ៤៣ ភាគរយ ដែលចំលងចូលក្នុងសហគម ក្នុងនោះការចំលងតាមបែបជាក្រុមៗមាន ៣៧ភាគរយ ហើយដោយឡែកប្រទេសដែលឆ្លងបែបរាយប៉ាយ តូចៗឬក៏ជាករណីនាំចូលអីហ្នឹង គឺមានប្រមាណជា ១៦ភាគរយ នៅក្នុងសាកលោក ។ នេះជាការលើកឡើងរបស់មន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក៏បានកត់សម្គាល់ឃើញថា បងប្អូនមួយចំនួនហាក់ធ្វេសប្រហែស ដោយគាត់ចេញក្រៅធ្វើដំណើរមិនបានពាក់ម៉ាស់ការពារ ឬក៏មិនបានពាក់ម៉ាស់ការពារពេលជួបជុំគ្នាច្រើននៅខាងក្រៅ ដែលកត្តានេះក្រសួងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះបងប្អូនអាចភ្លេចកូវីដ១៩ ដែលវីរុសនេះមិនដែលភ្លេចយើងឡើង ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា «នៅក្នុងប្រទេសយើងឃើញថា ការប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតរបស់វីរុសកូវីដ១៩នេះ គឺបងប្អូនប្រជាពលរដ្ឋមានការចូលរួមខ្លាំង ក្នុងការអនុវត្តនូវវិធានការណ៍បានយ៉ាងល្អប្រសើរ ដោយមានការចូលរួមយ៉ាងសកម្ម និងការយល់ដឹងយ៉ាងល្អប្រសើរពីប្រជាពលរដ្ឋអំពីហានិភ័យ ក៏ដូចជាការចំលងនៃវីរ៉ុសកូវីដ១៩នេះ។

ទន្ទឹមនឹងនេះកិច្ចការពារនៃការចំលងវីរុសនេះ ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយតាមរយៈការចុះបំពេញទស្សនៈកិច្ចទៅតាមបណ្តារាជធានី ខេត្តក្នុងរយៈពេលកន្លងទៅនេះ ក៏បានបង្ហាញច្បាស់ដែលថា បងប្អូនប្រជាពលរដ្ឋនៅតាមសហគមនានា ក៏បានយល់ដឹងអំពីបញ្ហានៃការចំលង និិងវិធានការណ៍ការពារនេះច្រើន»។ លោកស្រី បន្តថា «ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងសង្កេតឃើញថា កំណើននៃការនាំចូលនៃវីរុសនេះ អ្នកផ្ទុកនៃជំងឺនេះ ដូចនេះបងប្អូនប្រជាពលរដ្ឋយល់ឃើញថា ករណីទាំងនោះជាករណីនាំចូលមកពីក្រៅ ហើយនៅក្នុងសហគម មិនមានការចំលងនូវវីរុសកូវីដ១៩ នេះទេ ដូចនេះការគិតបែបនេះ ខ្លួនខ្ញុំផ្ទាល់យល់ឃើញថា ការគិតបែបនេះជាហានិភ័យធំណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសវាជាហានិភ័យមួយដែលបង្ករលក្ខណៈឱ្យមានការងាយស្រួលនៃការចំលងនូវជំងឺនេះ ចូលទៅក្នុងសហគមរបស់យើងប្រសិនបើ ក៏ព្រោះថា បើគាត់នៅតែគិតបែបនេះ នឹងធ្វើឱ្យគាត់មានការធ្វើប្រហែស ធ្វើឱ្យគាត់មានការភ្លេច អំពីវិធានការណ៍នៃការការពារ និងភ្លេចអំពីបញ្ហានៃការចំលង នៃជំងឺនេះពីបគ្គលមួយទៅបុគ្គលមួយ នៅក្នុងសហគម ដែលវាជាការកង្វះខាតនៃការអនុវត្តនូវវិធានការណ៍ការពារខ្លួនរបស់បងប្អូនយើងដែរ»។

លោកស្រីបានបន្ថមថា «ហើយយើងក៏សង្កេតឃើញហើយថា បច្ចុប្បន្ននេះបងប្អូនយើងមួយចំនួន គឺគាត់មិនមានប្រើប្រាស់ម៉ាស់ការពារខ្លួនគាត់ទេ នៅពេលគាត់ធ្វើដំណើរចេញទៅក្រៅ ឬក៏មានការជួបជុំគ្នានៅខាងក្រៅដែលមានគ្នាច្រើននោះ មិនឃើញគាត់មានការប្រើប្រាស់ម៉ាស់ទេ ដូចនេះជា ចំណុចមួយ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋសូមលោកមេត្តាបន្ត អនុវត្តនូវវិធានការណ៍ការពារខ្លួនឱ្យបានម៉ត់ចត់ជាទីបំផុត ដោយយើងត្រូវគិតថាជំងឺនេះមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
ដោយហេតុថា បច្ចុប្បន្ននេះមានការរកឃើញ និងកំពុងមានការព្យាបាល នៃការនាំចូលពីក្រៅក៏ពិតមែន ក៏ប៉ុន្តែនេះជាសញ្ញាមួយដែលមកពញ្ញាក់ និងប្រាប់យើងហើយថា ជំងឺនេះមិនទាន់ទៅណាឆ្ងាយពីយើងទេ ។ ដូចនេះលិទ្ធភាពនៃការចំលងជំងឺនេះ នៅតែមាន ហើយការចំលងនេះ វាអាចនឹងកើតឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅពេលបងប្អូនយើងធ្វើការចល័ត ឬធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតនោះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺនាពេលខាងមុខនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យមានការឈប់សំរាកសងចូលឆ្នាំ ដែលមានរយៈពេលយូរ ដូចនេះអ្នកខ្លះនឹងអាចធ្វើដំណើរកំសាន្ត ជាលក្ខណៈគ្រួសារ ឬក៏ជាក្រុមក្តីតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាជាបងប្អូនទៅដល់ទីណាក៏ដោយ ក៏កុំភ្លេចអំពីកិច្ចការពារខ្លួន ធ្វើមិចកុំឱ្យមានការចំលងជំងឺនេះ»។
លោកស្រីនៅតែបន្តរំលឹកនូវវិធានការណ៍ការពារ ៣យ៉ាង ៖ ១- ត្រូវអនុវត្តអនាម័យដៃជានិច្ច ដោយលាងដៃជាមួយសាប៊ូ ឬលាងជាមួយនឹងអាល់កុល ឱ្យបានញឹកះញ៉ាប់ជាទីបំផុត ហើយជៀសវាងការយកដៃរបស់យើង ទៅប៉ះលើផ្ទៃមុខ។ ២- ការប្រើប្រាស់ម៉ាស់ វាជាការចាំបាច់បំផុត នៅពេលគ្រប់ពេលធ្វើដំណើរ ជាពិសេសនៅពេលប្រើប្រាស់សេវាសាធារណៈ និងនៅក្នុងពេលដែលមានមនុស្សម្នាកុះករឬច្រើន គឺសុំបងប្អូនពាក់ម៉ាស់ជានិច្ច ។
ហើយនៅពេលបងប្អូន ក្អកឬកណ្តាស់ ត្រូវមានក្រមា ឬក្រដាស់ដើម្បីខ្ទប់មាត់របស់យើង ដើម្បីជៀសវាងតំណក់ទឹកមាត់របស់យើងទៅប៉ះអ្នកដទៃ។ ៣- ត្រូវរក្សាគន្លាត ឱ្យឆ្ងាយពីអ្នកដទៃ ឬនៅពេលអ្នកជួបជាមួយនរណាម្នាក់ ដោយឈរ ១មែ៉ត្រ កន្លះឡើងទៅ ។
ហើយជៀសវាងការចាប់ដៃគ្នា ព្រោះខ្ញុំសង្កេតឃើញថាមានការចាប់ដៃគ្នានៅឡើយពេលជួបគ្នា។
សូមជម្រាបជូនផងដែរថា ហើយថ្មីៗនេះដែរ នៅប្រទេសវៀតណាមបានផ្ទុះនៃការចំលងវីរុសនេះ ក្នុងខេត្តមួយរបស់ខ្លួន រហូតរដ្ឋាភិបាលប្រទេសនេះបានប្រកាសដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕
ចែករំលែកព័តមាននេះ