សិង្ហបុរី ៖ កាលពីថ្ងៃពុធ តុលាការសិង្ហបុរី បានពិន័យប្រាក់ចំនួន ១៥,០០០ ដុល្លារសិង្ហបុរី (១០,៨៨៥ ដុល្លារអាមេរិក) លើក្មួយប្រុសរបស់នាយករដ្ឋមន្ត្រី Lee Hsien Loong គឺលោក Li Shengwu បន្ទាប់ពីរកឃើញថា គាត់មានកំហុសក្នុងការមើលងាយតុលាការចំពោះការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឆ្នាំ២០១៧។

នៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក Li ដែលជាកូនប្រុសរបស់លោក Lee Hsien Yang ដែលជាបងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី បានរិះគន់ប្រព័ន្ធតុលាការរបស់ប្រទេសសិង្ហបុរីថា មានការបត់បែនមិនត្រង់ ហើយឆាប់សម្រេចក្តីពេក។

ការសរសេរបង្ហោះនោះ ក៏មានភ្ជាប់ទៅនឹងអត្ថបទយោបល់ខែមេសា ឆ្នាំ២០១០ ក្នុងកាសែត New York Times ដែលមានចំណងជើងថា «ការត្រួតពិនិត្យនៅប្រទេសសិង្ហបូរី»ដែលបានរិះគន់ «ច្បាប់សារព័ត៌មានតឹងរឹង» របស់ប្រទេសសិង្ហបុរី។
ចៅក្រមតុលាការជាន់ខ្ពស់ លោក Kannan Ramesh បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់លោកថា៖ «វាច្បាស់ណាស់ថា ការបង្ហោះនេះ បង្ហាញនូវអត្ថន័យថាប្រព័ន្ធតុលាការមិនឯករាជ្យ លំអៀង និងងាយទទួលឥទ្ធិពល ឬសម្ពាធពីរដ្ឋាភិបាល ដែលជាកន្លែងនីតិវិធីរបស់មេដឹកនាំត្រូវបានប្រើប្រាស់។ វាគួរអោយអាសូរណាស់ ដែលនេះធ្វើឱ្យអន្តរាយដល់ទំនុកចិត្តរដ្ឋបាលយុត្តិធម៌«។

ចៅក្រមបាននិយាយថា លោកបានរកឃើញថា លោក Li មានពិរុទ្ធភាពពីរឿងអាស្រូវការមើលងាយតុលាការ តាមរយៈសារបង្ហោះហ្វេសប៊ុកមួយនោះ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក តុលាការក៏បានបញ្ជាឱ្យលោក Li បង់ប្រាក់ចំនួន ១៦,៥៧០ដុល្លារសិង្ហបុរី ជាថ្លៃពិន័យស្របច្បាប់៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ