ខេត្តព្រះសីហនុ៖ គម្រោងសាងសង់ផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់ឱ្យរួចរាល់មុនចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខនេះ ដែលនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយកោះសន្តិភាពដឹងនៅថ្ងៃទី៣០ខែកក្កដានេះថា ផ្នែកធំៗ នៃគម្រោង សាងសង់ផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ សម្រេចស្ទើរទាំងស្រុងហើយ ។ ក្នុងនោះរួមមាន ការចាក់បេតុងសម្រចបាន ជិត១០០ភាគរយ , ការដាក់លូសម្រេចបាន ១០០ភាគរយ ការរៀបខឿនថ្មក្រានីតសម្រេចបាន ជិត៧០ភាគរយ, ការរៀបកម្រាលថ្មក្រានីតបានជាង៧០ភាគរយ ,ការដាំបង្គោលភ្លើង បំភ្លឺផ្លូវសាធារណៈបានជាង៣៣ភាគរយ និងការបំពាក់អំពូលភ្លើងវៃឆ្លាតបានជាង៤២ភាគរយ។

លោកអភិបាលខេត្តបន្តថា ក្រុមការងារនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា ភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។

លោក គួច ចំរើន បានបញ្ជាក់ថា « កិច្ចការនេះនិងអាចបញ្ចប់នៅម្តុំចូលឆ្នាំខ្មែរ ប៉ុន្តែវាប្រាកដថាមិនស្មើទេ ករណីដាំដើមឈើ ដើមផ្កាយើងអាចរកបានគ្រប់ទាន់ រឺក៏អាចនៅខ្វះតិចតួច » ។

គួរកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ នឹងប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទាំង៣៤ខ្សែស្ថិតក្នុងក្រុងព្រះសីហនុនេះមានប្រវែងជាង៨៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយនឹងត្រូវចំណាយថវិកាចំនួន២៩៤លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន១០០លានដុល្លារ ជាថវិកាសន្សំរបស់ជាតិ ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ