រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ ដែលកំពុងអង្គុយនៅលើម៉ូតូ ។ ពេលឆក់បានសម្រេចហើយក៏ព្យាយាមជិះម៉ូតូគេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅក្បែរខាងក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូឈ្មោះ ហេង ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ទី២ជាអ្នកធ្វើសកម្មភាពឆក់មានឈ្មោះ សុខ ឃីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

តាមសម្តីពីនារីរងគ្រោះឈ្មោះ ស្រីការ អាយុ១៨ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងនិងមិត្តភក្តិប្រុសស្រីចំនួន៣នាក់ទៀត ជិះម៉ូតូចំនួន២គ្រឿង ។ ដោយនាងនិងមិត្តភក្តិស្រីម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ១P-៨៧៦៥ និងមិត្តភក្តិប្រុសស្រី២ទៀត បានជិះម៉ូតូមួយគ្រឿងផ្សេងទៀត ។ ពួកគេទើបតែមកពីដើរលេង និងបំណងត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុ ពួកគេក៏ឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីអោយមិត្តភក្ដិស្រីម្នាក់របស់នាង ចូលទៅទិញថ្នាំលេបនៅគ្លីនិកឯកជនចំណុចខាងលើ ។ ពេលនោះនាងបានអង្គុយរង់ចាំនៅលើម៉ូតូ និងបានយកទូរស័ព្ទដៃមួយគ្រឿងម៉ាក oppo មកចុចមើលលេង ។
ខណៈនោះ ក៏ស្រាប់តែក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១IJ-៣៦២៦ ។ ជិះមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនាងបានសម្រេច និងព្យាយាមជិះរត់គេចខ្លួន ។ ភ្លាមៗនោះ នាងក៏បានស្រែកឆោឡោ បង្កឲ្យចោរទាំង២នាក់ភ័យស្លន់ស្លោ ក៏បានដួលម៉ូតូនៅចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ជួយស្ទាក់ចាប់បានជនសង្ស័យម្នាក់ដែលជាអ្នកធ្វើសកម្មភាព ។

ចំណែកឯបក្ខពួកម្នាក់ទៀត ក៏បានលើកម៉ូតូបន្តជិះរត់គេចខ្លួនជាបន្តទៀត ។ ពេលនោះមិត្តភក្ដិរបស់នាងក៏បានជិះម៉ូតូដេញតាមពីក្រោយ ។ រហូតចោរម្នាក់នោះភ័យស្លន់ស្លោ ក៏បានផ្ដួលម៉ូតូប៉ងរត់ដោយថ្មើរជើង ក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនភ្លាមៗ នៅត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយកែងនឹងផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីជាបន្តទៀត ៕



ចែករំលែកព័តមាននេះ