ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកប៊ូ ប៊ុនណារ៉ាត អាយុ៥១ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិសង្កែរ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមានប្រសាសន៍ថា លោកគ្រូបានចំណាយពេលជាង២០ឆ្នាំធ្វើជាគ្រូបង្រៀនចំណេះដឹងដល់កុមារនៅក្នុងសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ លើពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរាតត្បាតរហូតបិទសាលាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរនោះ លោកគ្រូ (ប៊ូ ប៊ុនណារ៉ាត) ក៏បានបង្កើតគំនិតថ្មីមួយ គឺបង្កើតកន្លែងចិញ្ចឹមបង្កង ដើម្បីជួយដល់កូនសិស្ស និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជំរុញឲ្យអ្នកភូមិក្នុងសហគមន៍ចូលរួមក្នុងការចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងពេលកំពុងជួបវិបត្តិកូវីដ១៩នេះ។

លោក ប៊ុន ណារ៉ាត បន្តទៀតថា លោកបានចាប់ផ្តើមចិញ្ចឹមបង្កងតាំងពីខែតុលា ឆ្នាំ២០១៩មកម្ល៉េះ គឺបានទិញពូជបង្កងទឹកសាបអូស្ត្រាលីមកបញ្ចឹម ដោយសារបង្កងអូស្ត្រាលីវាធន់នឹងអាកាសធាតុ បន្សាំបាននឹងការបម្រែបម្រួលអាកាសធាតុ ។ ដោយឆ្លៀតពេលទំនេរពីការងារសាលា លោកគ្រូក៏បង្កើតស្រះចិញ្ចឹមបង្កងនេះឡើងក្នុងគោលបំណង ដើម្បីបង្កើនជីវភាពក្នុងគ្រួសារឲ្យបានប្រសើរតែប៉ុណ្ណោះ។

លោកគ្រូបន្តថា ប៉ុន្តែពេលដែលមានផ្ទុះជំងឺកូវីដ១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំក៏បានប្រកាសបិទសាលារៀនផ្អាកមិនឲ្យបង្រៀនសិស្ស ។ ពេលនោះលោកក៏បានចាប់ផ្តើមពង្រីកស្រះចិញ្ចឹមបង្កង ទាំងស្រះសិប្បនិម្មិត និងស្រះធម្មជាតិ ដោយបង្កាត់បានកូនបង្កងជាច្រើនម៉ឺនកូន។
ទោះបីជាចំនួនកូនបង្កងមិនទាន់គ្រប់គ្រាន់ សម្រាប់ចិញ្ចឹមក្នុងស្រះរបស់លោកក៏ដោយ ក៏លោកប៊ូ ប៊ុនណារ៉ាត បានលក់ចែកកូនបង្កងជូនទៅប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីពង្រីកការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។ ហើយលោកបានដាក់ឈ្មោះទីតាំងចិញ្ចឹមបង្កងរបស់លោកថា «សហគមន៍ចិញ្ចឹមបង្កងឈើទាល» តាមឈ្មោះសាលារៀន ដែលលោកបង្រៀន។
ដោយសារមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកក៏មានមហិចតានឹងបង្កើតសួនកសិកម្មចម្រុះនាពេលអនាគតទៀត។

លោកគ្រូ បានឲ្យដឹងទៀតថា ចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០នេះតទៅ គាត់មានកូនបង្កងសម្រាប់លក់ (ពូជបង្កងអូស្ត្រាលី និងបង្កងទឹកសាប) ជារៀងរាល់ខែ ចាប់ពី២,០០០ក្បាលទៅ៥,០០០ក្បាលក្នុង១ខែ ហើយកូនបង្កង១ក្បាលតម្លៃចាប់ពី១,៧០០រៀលទៅ៤,០០០រៀល។ កូនបង្កងនីមួយៗ មានប្រវែងចន្លោះពី២,៥សង្ទីម៉ែត្រទៅ០៦សង្ទីម៉ែត្រ សម្រាប់ប្រជាកសិករនៅក្នុងសហគមន៍លក់កូនជូន ហើយបង្រៀនរបៀបចិញ្ចឹម ថែទាំ និងការដាក់ចំណី ការរៀបចំស្រះ ឬអាងសិប្បនិម្មិត និងស្រះធម្មជាតិ និងតាមស្រែ ហើយនេះគឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិមួយផលិតផលមួយឲ្យមានប្រសិទ្ធភាព។

ដើម្បីចូលរួមកាត់បន្ថយការនាំចូលបង្កងពីប្រទេសជិតខាង លោកប៊ូ ប៊ុនណារ៉ាត បានសំណូមពរក្រសួងកសិកម្ម និងស្ថាប័នជំនាញ ជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងជួយបំផុសប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យចូលរួមក្នុងការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយនៅតាមសហគមន៍ក្នុងខេត្ត ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍ និងនៅទីផ្សារក្នុងខេត្តផងដែរ៕
ចែករំលែកព័តមាននេះ