រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ខាងមុននេះតទៅ ផ្សារទំនើប AEON បានប្រកាសផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រទេសតូចៗ $1 $5 និង $10 សម្រាប់អាប់ត្រឡប់ទៅកាន់អតិថិជនវិញ ដោយប្រើប្រាស់ក្រដាសប្រាក់រៀលជំនួសវិញ ប៉ុន្តែផ្សារទំនើប Aeon នៅតែបន្តទទួលក្រដាសប្រាក់ដុល្លារអាមេរិក គ្រប់ប្រភេទទាំងអស់ពីអតិថិជន ។
ពាក់ព័ន្ធនឹងការផ្អាកអាប់ត្រឡប់ តែបន្តទទួលយកប្រាក់ដុល្លារទាំងបីប្រភេទនេះរបស់ផ្សារទំនើប Aeon នោះ នាព្រឹកថ្ងៃទី៣០ កក្កដា ២០២០ នៅលើគណនីហ្វេសប៊ុកផ្លូវការលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា ៖ «ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណា ដែលគាត់មាន ។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ» ។
លោកជំទាវ ជា សិរី បានបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនិត្យានុកូល និងមានតេជានុភាពធ្វើសេរីកា លើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ” ។
ជាទូទៅជប៉ុន តែងតែគាំទ្រប្រាក់រៀល តាមរយៈការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា ៕
មូលហេតុអ្វីបានជាកម្ពុជាគ្រោងផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារអាមេរិក?


ចែករំលែកព័តមាននេះ