រាជធានីភ្នំពេញ ៖ ការជួញដូរផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជាបានដំណើរជាធម្មតា ទោះបីជានៅក្នុងពេលជំងឺកូវីដ១៩ នេះក្តី ។ ក្រុមហ៊ុនដែលបានលក់ហ៊ុនលើផ្សារមូលបត្រកម្ពុជាថា តម្លៃហ៊ុនរបស់គេបានឡើងជាបន្តបន្ទាប់ ទោះជាមានជំងឺកូវីដ១៩ក្តី ។

ការឡើងថ្លៃហ៊ុន ជាការបង្ហាញពីជំនឿទុកចិត្តរបស់អ្នកវិនិយោគិត ឬអ្នកលេងហ៊ុន ចំពោះផ្សារមូលបត្រកម្ពុជា ។ គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ការជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណជា ១០ម៉ឺនដុល្លារអាមេរិក ។
លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន របស់ធនាគារអេស៊ីលីដា បានឲ្យតម្លៃថា តម្លៃហ៊ុនរបស់អេស៊ីលីដា បានកំពុងដំណើរល្អលើផ្សារហ៊ុន ។
លោកស្រីបញ្ជាក់ថា ពេលផ្តើមដំណើការលើផ្សារដំបូងនៅក្នុងខែឧសភា គឺមួយហ៊ុនថ្លៃ ១៦ ២០០រៀល ប៉ុន្តែមកដល់ថ្ងៃទី៣០ កក្កដា មួយហ៊ុនបានឡើងក្នុងរង្វង់១៧ ០០០ ឬ ១៨ ០០០រៀល ។

បុគ្គលិកធនាគារអេស៊ីលីដា បានបញ្ជាក់ថា «ជាទូទៅកូវីដ១៩នេះ មិនបានប៉ះពាល់ដល់ផ្សារហ៊ុនអេស៊ីលីដាទេ ពីព្រោះការជួញដូរគេធ្វើតាមអនឡាញ ។ អ្នកជួញដូរមិនបាច់ទៅជួបជុំគ្នាឡើយ ពួកគាត់អាចជួញដូរតាមទូរស័ព្ទដៃរបស់ពួកគាត់នៅគ្រប់កន្លែងនិងគ្រប់ពេលវេលា» ។ មានក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋចំនួន១២ កំពុងដំណើរការលក់ហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា ក្នុងនោះ៦ស្ថាប័ន បានធ្វើការលក់មូលបត្រកម្មសិទ្ធ និង៦ស្ថាប័នលក់មូលបត្របំណុល ។ ក្រុមហ៊ុនលក់មូលបត្រកម្មសិទ្ធមាន ធនាគារអេស៊ីលីដា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រោងចក្រភីភីអេសភី កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនហ្គ្រេនធីន និងរដ្ឋករទឹកស្វយ័តភ្នំពេញ។
ចំណែកស្ថានប័នលក់មូលបត្របំណុលមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សញ្ញាបណ្ណសាជីកម្ម អេប៊ីអេ ធនាគារភ្នំពេញពាណិជ្ជ «ភីភីស៊ីប៊ែង» ម.ក អ អិម អេ (ខេមបូឌា)ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ។
គេហទំព័ររបស់ធនាគារអេស៊ីលីដា បានបង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកក្កដានេះ ទំហំទឹកប្រាក់ជួញដូររបស់ធនាគារនេះ មានប្រមាណ ១០ពាន់លានរៀល ។ ធនាគារអេស៊ីលីដា មានវិនិយោគិតប្រមាណ៣ពាន់នាក់បានចុះបញ្ជីជួញដូរ ។
លោកស្រី ប៊ុត ប៊ុនសីហា បានលើកឡើងថា ជាទ្រឹស្តីអ្នកសេដ្ឋកិច្ចខ្លះថា នៅពេលមានផលលំបាក ឬឧបសគ្គ ដូចជា ពេលកូវីដ១៩នេះ ជាឱកាសល្អទៅវិញនោះទេសម្រាប់ការវិនិយោគ ។ លោកស្រីហាក់ចង់សំដៅដល់ថា ពេលកូវីដ១៩នេះ ជាឱកាសល្អសម្រាប់ការជួញដូរផ្សារហ៊ុនផងដែរ ។
មន្ត្រីរបស់គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ការជួញដូរជាមធ្យម ប្រចាំថ្ងៃមានប្រមាណជា ១០ម៉ឺនដុលារនៅខែកក្កដានេះ គឺប្រហាក់ប្រហែលនិង រយៈពេលមុនពេលកើតមានកូវីដដែរ ។
មន្ត្រីបានបញ្ជាក់តាមប្រព័ន្ធសង្គមថា «ជាការពិតកូវីដបានធ្វើឲ្យប៉ះពាល់ដល់ថ្លៃ ភាគហ៊ុននៅលើផ្សារយើងខ្លាំងនៅ អំឡុងខែមីនា និងមេសាដោយកាលនោះថ្លៃជាមធ្យមធ្លាក់ចុះប្រមាណ២០% ។ បច្ចុប្បន្នថ្លៃភាគហ៊ុនជាទូទៅបាន ងើបឡើងមកវិញទោះបីមិនទាន់ដល់កម្រិតដូចដើម ប៉ុន្តែខ្ញុំជឿជាក់ថា ថ្លៃនឹងប្រសើរឡើងវិញស្របពេលដែលក្រុមហ៊ុន ចុះបញ្ជីកំពុងត្រៀមនឹងប្រកាសពីលទ្ធផលហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ ក៏ដូចជាចែកភាគលាភប្រចាំឆ្នាំ២០១៩នាពេលឆាប់ៗនេះ»។
ចែករំលែកព័តមាននេះ