ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​ចង់​បាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​អាមេរិក​ដោយ​សន្តិ​វិធី

20 ម៉ោង មុន

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ប្រទេស​អ៊ីរ៉ង់​ចង់​ចរ​ចា​ជា​មួយ​អាមេរិក​​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ដោយ​សន្តិ​វិធី​។ ប៉ុន្តែ​​អ៊ីរ៉ង់​មិន​អាច​​បន្ទន់​ជំហរ​របស់​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​សាអ៊ីត ខា​ទី​ហ្សា​ដេ (Saeed Khatizadeh)​។ អាមេរិក អឺរ៉ុប…

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ប្រទេស​អ៊ីរ៉ង់​ចង់​ចរ​ចា​ជា​មួយ​អាមេរិក​​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ដោយ​សន្តិ​វិធី​។ ប៉ុន្តែ​​អ៊ីរ៉ង់​មិន​អាច​​បន្ទន់​ជំហរ​របស់​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​សាអ៊ីត ខា​ទី​ហ្សា​ដេ (Saeed Khatizadeh)​។ អាមេរិក អឺរ៉ុប និង​អ៊ីស្រា​អែល​ចោទ​ប្រកាន់​ថា​អ៊ីរ៉ង់​ប្រើ​ប្រាស់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​គ្រាន់​តែ​ជា​ការ​បិទ​បាំង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ធាតុ​ពិត​អ៊ីរ៉ង់​ចង់​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែរ​។

អ៊ីរ៉ង់​អះ​អាង​ថា​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​​បង្កើត​ឡើង​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល​ មាន​ន័យ​ថា​សម្រាប់​ផលិត​ថាម​ពល​អគ្គិ​សនី​។ កាល​ពី​ខែ​តុលា លោក​ដូណាល់​ត្រាំ​ប្រកាស​ថា​អាមេរិក​ត្រៀម​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អ៊ីរ៉ង់​​ជា​និច្ច​ឱ្យ​តែ​អ៊ីរ៉ង់​​​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ពេល​ណា​មួយ​។ ​លោក​​​​ថា​លោក​កំពុង​លា​ដៃ​ដ៏​ធំ​ដើម្បី​ត្រៀម​ស្វា​គមន៍​មិត្ត​ភាព​-​សហ​ការ​ជា​មួយ​អ៊ីរ៉ង់​។

អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អាមេរិក​និយាយ​ត្រឡប់​ត្រឡិន​​បាត​ដៃ​ជា​ខ្នង​ដៃ
អនុ​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​ខាង​លើ​នេះ​ថ្លែង​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​និយាយ​ម្ដង​បែប​នេះ ម្ដង​បែប​នោះ​​ផ្ដាំ​តាម​ប្រទេស​អន្តរ​ការី​​ពាក់ព័ន្ធ​នឹង​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​។ មុន​ពេល​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​រវាង​អ៊ីរ៉ង់​ និង​អ៊ីស្រា​អែល​​កាល​ពី​ខែ​មិថុនា​ អ៊ីរ៉ង់ និង​អា​មេ​រិក​​ធ្លាប់​ជួប​គ្នា​ចំនួន​៥​ដងដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​។ ថ្ងៃ​នេះ អនុ​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​សូម​បញ្ជាក់​ជា​ថ្មី​ថា​ទី​ក្រុង​វ៉ា​ស៊ីន​តោន​និយាយ​ក្រឡិច​ក្រឡុច​នៅ​ក្នុង​ភាសា​ការទូត​។ ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​ត្រូវ​ជាប់​គាំង​ចាប់​តាំង​ពី​សង្គ្រាម​ខែ​មិថុនា​។​

​តាម​មើល​ទៅ ប្រទេស​ទាំង​២​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ទេ​ព្រោះ​​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​​ដែល​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​បាន​រួច​រាល់​។ ​​​អ៊ីរ៉ង់​អះ​អាងថា​​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល​។ ហេតុ​នេះ​​អាមេរិក​ទាម​ទារ​ឱ្យ​អ៊ីរ៉ង់​បញ្ជូន​ប្រដាប់​ប្រដារ​សម្រាប់​ចម្រាញ់​នុយ​ក្លេអ៊ែរ​ទៅ​ចម្រាញ់​នៅ​ប្រទេស​ដទៃ​ក្រោម​ការ​ឃ្លាំ​មើល​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​។​ អា​មេ​រិក​អះអាង​ថា​ធ្វើ​ដូច្នេះ​ដើម្បី​ធានា​ថា​អ៊ីរ៉ង់​មិន​អាច​ផលិត​អាវុធ​នុ​យក្លេអ៊ែរ​។ ការ​ទាម​ទារ​នេះ​ត្រូវ​អ៊ីរ៉ង់​បដិសេធ​ជា​ដាច់​ខាត​។

អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ច្រាន​ចោល​ការ​ចរ​ចា​គ្នា​ជា​ថ្មី
កាល​ពី​សប្ដាហ៍​មុន អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ លោក​អាយ៉ា​តូឡា អាលី ខា​មេនី (Ayatollah Ali Khamenei) ដែល​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ ឬ​អារ​កាត់​លើ​បញ្ហា​គ្រប់​យ៉ាង​នៅ​អ៊ីរ៉ង់​​រួម​ទាំង​​​នយោបាយ​ការ​បរទេស​ និង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ផង​ដែរ​នោះ​​​បាន​បដិ​សេធ​​​មិន​ចរ​ចា​ជា​មួយអាមេរិកជា​ដាច់​ខាត​បើ​ចរ​ចា​ក្រោម​រូប​ភាព​ជា​ការ​គំរាម​កំហែង​។​ អនុ​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​គ្មាន​ផែន​ការ​ផលិត​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ទេ​។ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ធានា​អះ​អាង​ប្រាប់​ពិភព​លោក​អំពី​ជំហរ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ