ទីក្រុងអូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ចេញប្រតិកម្មខ្លាំងៗតបទៅអ្នកព្រួយបារម្ភ ឬរិះគន់អំពីបញ្ហាសិទ្ធិមនុស្ស ឬនីត្យានុកូលភាព (ភាពត្រូវច្បាប់) នៃករណីដែលយោធាអាមេរិកបាញ់ប្រហារអូប័រសង្ស័យដឹកគ្រឿងញៀន។ អ្នកដែលសម្ដែងការព្រួយបារម្ភគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកទៅទៀត។ ប្រមុខការទូតអាមេរិក លោករូប៊ីអូ (Rubio) ថ្លែងថាអឺរ៉ុបមិនចាំបាច់ប្រដៅអាមេរិកឱ្យធ្វើបែបនេះ ឬបែបនោះនៅក្នុងការការពារសន្តិសុខជាតិរបស់ខ្លួន (អាមេរិក) នោះទេ។

លោករូប៊ីអូបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជីប្រាពីរ (G7) ដែលរៀបចំឡើងនៅប្រទេសកាណាដា។ ប្រធានបទសំខាន់ៗនៅក្នុងការជជែកគ្នានោះរួមមានបញ្ហាអ៊ុយក្រែន និងហ្កាហ្សា។ ប៉ុន្តែប្រទេសខ្លះឆ្លៀតរំលេចឱ្យឃើញការព្រួយបារម្ភរបស់ខ្លួនអំពីការបាញ់ប្រហារអូប័រសង្ស័យដឹកគ្រឿងញៀន។ រដ្ឋមន្ត្រីការបរទេសបារាំងថ្លែងថាការវាយប្រហារនោះរំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យបណ្ដាដែនដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងនៅសមុទ្រការីប៊ីនព្រួយបារម្ភ។

យោធាអាមេរិករហូតមកទល់នឹងពេលនេះបានវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនយ៉ាងតិច១៩ករណីស្លាប់មនុស្សយ៉ាងតិច៧៦នាក់នៅសមុទ្រការីប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិចខាងកើត។ ក្រោយពេលចាកចេញពីកាណាដា លោករូប៊ីអូថ្លែងប្រាប់អ្នកសារព័ត៌មានថាគ្មាននរណាម្នាក់យកករណីបាញ់ប្រហារនោះទៅជជែកគ្នាជាមួយលោកនៅក្នុងកិច្ចប្រជុំទេ។ លោកសូមការពារនូវអ្វីដែលលោកចាត់ទុកថាជាសង្គ្រាមប្រឆាំងនឹងក្រុមភេរវកម្មគ្រឿងញៀន។ លោកថាអឺរ៉ុបក៏មិនរួចខ្លួនដែរ ពួកឈ្មួញគ្រឿងញៀនដឹកជញ្ជូនទំនិញរបស់ពួកគេឆ្លងកាត់ប្រទេសវេណេហ្ស៊ូអេឡាទៅអឺរ៉ុប។ លោកយល់ថាពួកគេគួរអរគុណអាមេរិកវិញទើបត្រូវ។

ប្រតិកម្មតបទៅនឹងការព្រួយបារម្ភទាំងនេះ លោករូប៊ីអូថ្លែងថាសហភាពអឺរ៉ុបគ្មានសិទ្ធិបកស្រាយច្បាប់អន្តរជាតិឱ្យអាមេរិកស្ដាប់នោះទេ។ ពួកគេពិតជាមិនយល់ពីរបៀបការពារសន្តិសុខជាតិរបស់អាមេរិកបែបណាឡើយ។ ប្រធានកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) ថ្លែងថាការវាយប្រហារទាំងនោះអាចធ្វើទៅបានលុះត្រាតែនៅក្នុងស្ថានភាពវាយដើម្បីការពារខ្លួន ឬក៏ឆ្លងកាត់ការអនុម័តយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមុនសិន។

ចំពោះការផ្សព្វផ្សាយរបស់ទូរទស្សន៍ស៊ីអឹនអឹន (CNN) ដែលថាអង់គ្លេសសម្រេចព្យួរទុកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអាមេរិកដើម្បីជាការបញ្ចេញប្រតិកម្មតបទៅនឹងការបាញ់ប្រហារអូប័រសង្ស័យដឹកគ្រឿងញៀន លោករូប៊ីអូថ្លែងថានោះជាព័ត៌មានមិនពិតទេ។ លោកអះអាងថាអាមេរិក និងអង់គ្លេសនៅតែជាដៃគូដ៏រឹងមាំជានិច្ច។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ទូក ឬអូប័រសង្ស័យដឹកគ្រឿងញៀនត្រូវបានបាញ់ប្រហារដោយមីស៊ីល
ចែករំលែកព័តមាននេះ