កម្ពុជានាំចេញផលិតផលកសិកម្មក្នុងឆ្នាំ ២០២៥ កើនឡើង ៣០ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១៣…
រាជធានីភ្នំពេញ ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១៣…
រាជធានីភ្នំពេញ ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង ។

លោក ប្រាក់ ដាវីដ ឱ្យដឹងទៀតថា ជាក់ស្តែងក្នុងឆ្នាំ ២០២៤ កន្លងទៅវិស័យកសិកម្មបន្តរួមចំណែក 16.7 ភាគរយ នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ ពាន់លានដុល្លារ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១២លានតោនទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥.៣ពាន់លានដុល្លារអាមេរិក ។ ក្នុងរយៈ ៩ខែ ក្នុងឆ្នាំ ២០២៥ កម្ពុជានាំចេញផលិតផលកសិកម្ម ១១លានតោន ដែលកើនឡើងប្រមាណជា ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ដែលនេះគឺជាបញ្ជាក់ពីគុណភាព និងភាពទាក់ទាញនៃផលិតផលកម្ពុជា លើទីផ្សារអន្តរជាតិ ។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា វិស័យកសិកម្មនៅកម្ពុជាសម្រេចបានគួរជាទីមោទកច្រើនឆ្នាំកន្លងមកនេះ ដោយបានជំរុញប្រទេសកម្ពុជា ចេញផុតពីស្ថានភាពខ្វះស្បៀង ដោយពឹងផ្អែកជំនួយស្បៀងពីបរទេស មកជាការធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈដែលថៃបានបិទព្រំដែនជាឯកតោភាគី អស់រយៈពេលជាច្រើនខែកន្លងមកនេះ នេះគឺជាការបង្ហាញភាពធន់ និងខ្លាំងនៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ ។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅកោះពេជ្រ លោករដ្ឋលេខាធិការ ក្រសួងកសិកម្ម រំពឹងថានឹងផ្សារភ្ជាប់ខ្សែរចង្វាក់តម្លៃផ្សារភ្ជាប់នូវដៃគូនានា ដើម្បីយើងអាចអភិវឌ្ឍន៍ កាន់តែផ្តល់ភាពរីកចម្រើន ជាពិសេសការជំរុញការកែច្នៃកសិផលដែលកម្ពុជាមានឱ្យមានកាន់តែខ្ពស់ ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនកម្ពុជា ៕

ចែករំលែកព័តមាននេះ