ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​អន្តរជាតិ​បន្ត​ឡើងថ្លៃ ក្រោយ​លោក ត្រាំ ចុះហត្ថលេខា​បើក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក​ឡើង​វិញ

3 ម៉ោង មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ៥ លើក សម្រាប់​ការ​ជួញដូរ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​ជាង ៣…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ៥ លើក សម្រាប់​ការ​ជួញដូរ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​ជាង ៣ ស​ប្តា​ហ៍ ដោយសារ​ការ​រំពឹង​ទុក​ថា ការ​បើក​ដំណើរការ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឡើង​វិញ នឹង​ចាប់ផ្តើម​លំហូរ​ទិន្នន័យ​សេដ្ឋកិច្ច​ឡើង​វិញ ក៏​ដូច​ជា​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ពី​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed)​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

តម្លៃ​មាស​អន្តរជាតិ​ភ្លាម​ៗ បាន​កើនឡើង​ដល់ ៤ ២០៧​ដុល្លារ​ក្នុង​១​អោន ឬ ៥ ០៦៨​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម ០១:៣៧​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា (​ម៉ោង​នៅ​កម្ពុជា​) ដែល​ជា​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​។

លោក Jigar Trivedi អ្នកវិភាគ​ស្រាវជ្រាវ​ជាន់ខ្ពស់​ក្រុមហ៊ុន Reliance Securities បាន​លើក​ឡើង​ថា មាស​កំពុង​តែ​បន្ត​កើនឡើង​តម្លៃ​របស់​ខ្លួន ដែល​ជំរុញ​ដោយ​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់ Fed​។ វិសាលភាព​តម្លៃ​សម្រាប់​កម្រិត​ខ្ពស់​ជាង ៤ ៣០០​ដុល្លារ​/​អោន ឬ ៥ ១៨០​ដុល្លារ​/​តម្លឹង ត្រូវ​បាន​រំពឹង​ទុក​នៅ​ចុងឆ្នាំ​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បាន​ចុះហត្ថលេខា​លើ​ច្បាប់ ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​អា​មេ​រិ​ក (Shutdown) រយៈពេល​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក ដោយ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ មក​ម្ល៉េះ​។ ការ​បិទ​រដ្ឋាភិបាល​អា​មេ​រិ​ក បាន​បញ្ឈប់​ការ​ចេញផ្សាយ​ទិន្នន័យ​សេដ្ឋកិច្ច​សំខាន់​ៗ រួម​ទាំង​របាយការណ៍​ប្រាក់បៀវត្សរ៍ និង​អតិផរណា​ផង​ដែរ​។

យោង​តាម​បណ្តា​អ្នក​សេដ្ឋកិច្ច ៨០% ដែល​ត្រូវ​បាន​ស្ទង់​មតិ​ដោយ Reuters បានឱ្យ​ដឹង​ថា Fed នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន ២៥​ពិន្ទុ​មូលដ្ឋាន​ម្តងទៀត នៅ​ខែ​ក្រោយ ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​ការងារ​ដែល​កំពុង​ចុះ​ខ្សោយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ៦០% ធៀប​នឹង​ឆ្នាំ​មុន ដោយ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ៤ ៣៨១​ដុល្លារ​/​អោន ឬ ៥ ២៧៨​ដុល្លារ​/​តម្លឹង កាលពី​ថ្ងៃ​ទី​២០ ខែតុលា កន្លង​ទៅ ដោយសារ​តែ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម រួម​ទាំង​ក្តី​រំពឹង​កាន់តែ​ខ្លាំង​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស Fed ពី​បណ្តា​វិនិយោគិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ