ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ (កម្ពុជា) និងខេត្តចម្ប៉ាសាក់ (ឡាវ) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១០ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកអាលុនសៃ ស៊ូនណាក់ឡាត អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងមានការចូលរួមពីគណៈប្រតិភូនៃខេត្តទាំងពីរយ៉ាងច្រើនកុះករ ។

ស្ថិតក្នុងស្មារតីនៃអង្គប្រជុំនោះ គឺក្នុងគោលបំណងស្នូលពង្រឹង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធានា សន្តិសុខ និងសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សម្រេចបានផលប្រយោជន៍ និងការអភិវឌ្ឍន៍រួមគ្នាសម្រាប់ប្រជាជននៃខេត្តទាំងពីរ ។ កិច្ចប្រជុំនេះ ជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្តទាំងពីរក្នុងការប្រែក្លាយព្រំដែនរួមឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ៕



ចែករំលែកព័តមាននេះ