សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានស្នើដល់ប្រមុខការទូតនៃប្រទេសមហាឧស្សាហកម្មនៃក្រុមG7 នូវជំនួយសម្រាប់វាយរុញច្រានការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលបណ្ដាលឲ្យមានការដាច់ភ្លើងក្នុងទូទាំងប្រទេស ពេលរដូវរងាមកដល់។
ថ្លែងក្នុងឱកាសកិច្ចប្រជុំនោះនៅកាណាដា ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីយ៉ូដែរ ផ្ដោតលើកិច្ចសហប្រតិបត្តិការខាងផ្នែកការពារ រដ្ឋមន្ត្រីរូបនោះលោកអានឌ្រីអ៊ីស៊ីប៊ីហាលើកឡើងថា អ៊ុយក្រែនត្រូវជម្នះរដូវរងាដ៏សែនលំបាកនិងតឹងតែងបំផុត។
យើងត្រូវការនូវការជួយទ្រទ្រង់ពីសំណាក់បណ្ដាដៃគូយើង។ កាលពីថ្ងៃទី១២វិច្ឆិកាកាណាដា ប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ហើយមួយថ្ងៃមុននេះអង់គ្លេសសន្យាផ្ដល់ហិរញ្ញវត្ថុជួយដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ។ ទណ្ឌកម្មថ្មីរបស់កាណាដាប្រឆាំងរុស្ស៊ី សំដៅលើមនុស្ស១៣នាក់និងស្ថាប័ន១១ក្នុងនោះភាគច្រើនជាអ្នកចូលរួម ក្នុងការអភិវឌ្ឍកម្មវិធីដ្រូនរបស់រុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ិយ៉ូមិនបានប្រកាសពីការផ្ដួចផ្ដើមគំនិតថ្មីរបស់អាមេរិកឡើយ តែតាមបណ្ដាញសង្គមលោកពោលថា កិច្ចប្រជុំលើកនេះអាចពិនិត្យលើបណ្ដាមធ្យោបាយពង្រឹងកិច្ចការពាររបស់អ៊ុយក្រែន ហើយបញ្ចប់ជម្លោះបង្ហូរឈាម។ លោកបន្តថាសហរដ្ឋអាមេរិកនៅតែតាំងចិត្តធ្វើការជាមួយបណ្ដាដៃគូ ដើម្បីលើកទឹកចិត្តរុស្ស៊ី ឲ្យបន្តការខិតខំប្រឹងប្រែងខាងការទូតហើយចូលរួមដោះស្រាយជម្លោះជាមួយអ៊ុយក្រែនដើម្បីសន្តិភាពដ៏ស្ថិតស្ថេរមួយ ។
កាលពីថ្ងៃទី៨ វិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថ្លែងថា ចង់ស្នើសុំទិញប្រព័ន្ធការពារអាកាសប៉ាទ្រីយ៉ូតអាមេរិកដល់២៥គ្រឿង។ ការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ី លើបណ្ដាញអគ្គិសនីអ៊ុយក្រែនធ្វើឡើងជួនពេលគ្នានឹងការខិតខំប្រឹងប្រែងរបស់ក្រុងគៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី ដណ្ដើយយកទីក្រុងយុទ្ធសាស្ត្រប៉ូក្រូវស្ក៍ភាគខាងកើតប្រទេស។
G7មានប្រទេសជាសមាជិក សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងជប៉ុន ។ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រីអានីតាអាណានក្នុងកិច្ចប្រជុំនេះក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ប្រេស៊ីល ឥណ្ឌា អារ៉ាប៊ីសាអូឌីត ម៉ិចស៊ិក កូរ៉េខាងត្បូងនិងអ៊ុយក្រែនមកចូលរួមដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG7 ចាប់ផ្ដើមពីថ្ងៃទី១១វិច្ឆិកាទៅ៕
CREATOR: gd-jpeg v1.0 (using IJG JPEG v80), quality = 100
ចែករំលែកព័តមាននេះ