ទីក្រុងហាណូយ៖ ថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានអនុម័តឱ្យប្រើប្រាស់ឱសថមួយប្រភេទឈ្មោះភីមប្រូរីយ៉ា (Pembroria) របស់ប្រទេសរុស្ស៊ីសម្រាប់ព្យាបាលជំងឺមហារីក។ នេះជាឱសថដែលទើបតែផលិតបានថ្មីៗ។ យោងតាម«គណៈកម្មការឱសថ» ដែលជាស្ថាប័នក្រោមឱវាទរបស់ក្រសួងសុខាភិបាល ឱសថឈ្មោះភីមប្រូរីយ៉ាស្ថិតនៅក្នុងចំណោមវ៉ាក់សាំង និងផលិតផលជីវសាស្ត្រ១៤មុខដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យដាក់លក់នៅលើទីផ្សារចាប់តាំងពីចុងខែតុលា។

ឱសថនេះផលិតដោយក្រុមហ៊ុនលីមីតធីត ឡាយអឺប៊ីឡឺធី ភីខេ១៣៧ (Limited Liability “PK-137”) និងបានចុះបញ្ជីត្រឹមត្រូវនៅប្រទេសអារ៉ាប់រួមរួចហើយ។ ឱសថនេះចំណុះ៤មិល្លីលីត្រមានសារធាតុភីមប្រូលីហ្ស៊ូម៉ាប (pembrolizumab) ទម្ងន់១០០មិល្លីក្រាម។ វាជាប្រភេទឱសថទឹកសម្រាប់បន្តោកសេរ៉ូម ហើយអាចរក្សាទុកបាន២ឆ្នាំចាប់តាំងពីពេលផលិតចេញពីរោងចក្រ។

ឱសថភីមប្រូរីយ៉ាអាចប្រើប្រាស់យ៉ាងទូលំទូលាយ អាចប្រើសម្រាប់ព្យាបាលជំងឺមហារីកច្រើនប្រភេទរួមទាំងមហារីកសួត, មហារីកស្បែក, មហារីកពោះវៀនធំ, មហារីកមាត់ស្បូន និងមហារីកសុដន់ជាដើម។ អាជ្ញាធរសុខាភិបាលវៀតណាមថ្លែងថាការអនុម័តឱ្យប្រើប្រាស់ឱសថនេះនឹងជួយបង្កលក្ខណៈកាន់តែទូលំទូលាយសម្រាប់ការព្យាបាលមហារីកនៅវៀតណាម។

លោកឡេវ៉ាន់ក្វាង (Le Van Quang) ជានាយកមន្ទីរពេទ្យឈានមុខគេផ្នែកមហារីកនៅទីក្រុងហាណូយ។ លោកថ្លែងថាមន្ទីរពេទ្យរបស់លោកនឹងដាក់ឱ្យប្រើប្រាស់ឱសថនេះនៅក្នុងពេលឆាប់ៗនេះ។ ថ្នាំនេះក្នុងមួយអំពូលមានតម្លៃ១៨លានដុង ឬស្មើនឹង៧០០ដុល្លារអាមេរិក។ អ្នកជំងឺត្រូវចាក់ថ្នាំនេះ២អំពូលសម្រាប់ការព្យាបាលមួយលើកៗ។
លោកឡេវ៉ាន់ក្វាង (Le Van Quang) សូមបញ្ជាក់ថាឱសថនេះប្រើសម្រាប់ព្យាបាលជំងឺមហារីកមែន ប៉ុន្តែមិនមែនព្យាបាលឱ្យជាសះស្បើយទាំងស្រុងទេ។ វាអាចជួយកាត់បន្ថយមិនឱ្យជំងឺនេះវិវត្តឆាប់រហ័សពេក។ វិធីព្យាបាលរបស់ឱសថនេះគឺវាទៅភ្ញោចប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពារខ្លួនរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។ នេះបើតាមការផ្សាយរបស់វៀតណាម អ៊ិចប្រែស (Vietnam Express) និងប្រភពដទៃទៀត៕

ចែករំលែកព័តមាននេះ