ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហៅ​ទូត​ជប៉ុន​ទៅ​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​បទ​អត្ថា​ធិ​ប្បាយ​ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្មី​ៗ​​នេះ ក្រសួង​ការ​បរទេស​ចិន​​បានកោះ​ហៅ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ទី​ក្រុង​ប៉េកាំង​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ជុំ​វិញ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ី​ឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ចិន​ស្នើ​សុំ​ឱ្យ​ជប៉ុន​ដក​ពាក្យ​នោះ​មក​វិញ​បើ​មិន​ចង់​ឱ្យ​មាន​បញ្ហា​ជាមួយ​គ្នា​។ នៅ​ក្នុង​បទ​អត្ថា​ធិប្បាយ​នោះ លោក​ស្រី​តាកា​អ៊ីឈិ​ប្រមើល​មើល​អំពី​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តៃវ៉ាន់​។ លោក​ស្រី​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​វាយ​ប្រហារ​តៃវ៉ាន់​អាច​នឹង​ចាត់​ចូល​ទៅ​ក្នុង​ករណី​តស៊ូ​ដើម្បី​ការ​រស់​រាន​មាន​ជីវិត​របស់​ជាតិ…

ទី​ក្រុង​ប៉េកាំង៖ ថ្មី​ៗ​​នេះ ក្រសួង​ការ​បរទេស​ចិន​​បានកោះ​ហៅ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ទី​ក្រុង​ប៉េកាំង​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ជុំ​វិញ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ី​ឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ចិន​ស្នើ​សុំ​ឱ្យ​ជប៉ុន​ដក​ពាក្យ​នោះ​មក​វិញ​បើ​មិន​ចង់​ឱ្យ​មាន​បញ្ហា​ជាមួយ​គ្នា​។ នៅ​ក្នុង​បទ​អត្ថា​ធិប្បាយ​នោះ លោក​ស្រី​តាកា​អ៊ីឈិ​ប្រមើល​មើល​អំពី​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តៃវ៉ាន់​។

ទី​ស្ដី​ការ​ក្រសួង​ការ​បរទេស​ចិន

លោក​ស្រី​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​វាយ​ប្រហារ​តៃវ៉ាន់​អាច​នឹង​ចាត់​ចូល​ទៅ​ក្នុង​ករណី​តស៊ូ​ដើម្បី​ការ​រស់​រាន​មាន​ជីវិត​របស់​ជាតិ ឬ​សុខ​ចិត្ត​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​។ ក្រោយ​មក​ លោក​ស្រី​និយាយ​បញ្ជាក់​ឡើង​វិញ​ត្រង់​ចំណុច​នេះ​។ លោក​ស្រី​ថា​នោះ​ជា​ការ​ប្រមើល​មើល​អំពី​សេណារីយោ​ដ៏​អាក្រក់​បំផុត​ដែល​អាច​នឹង​កើត​មាន​ឡើង​ ហើយ​ជំហរ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​នឹង​រក្សា​ទុក​ដដែល​ ឥត​ផ្លាស់​ប្ដូរ​ទេ​។

ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​អនុ​រដ្ឋ​មន្ត្រី​ចិន លោក​ស៊ុន​វៃ​តុង (Sun Weidong) បាន​កោះ​ហៅ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លោក​កាណា​ស៊ូគិ កេន​ជិ (Kanasugi Kenji)​ ដើម្បី​ជំទាស់​នឹង​ពាក្យ​សម្ដី​របស់​លោក​ស្រី​តាកា​អ៊ីឈិ​។ លោក​ស៊ុន​ចាត់​ទុក​ពាក្យ​សម្ដី​របស់​លោក​ស្រី​តាកា​អ៊ីឈិ​មាន​ចរិត​​បង្ក​អរិភាព​​យ៉ាង​ខ្លាំង​។ លោក​ថា​ពាក្យ​សម្ដី​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង​នយោ​បាយ​រវាង​ចិន និង​ជប៉ុន​ ហើយ​ក៏​ប៉ះ​ពាល់​អារម្មណ៍​របស់​មតិ​សាធារណៈ​ផង​ដែរ​។ ប្រជា​ជន​ចិន​ជាង​១៤០០​លាន​នាក់​​នឹង​មិន​អត់​ឱន​ចំពោះ​ពាក្យ​សម្ដី​នេះ​ទេ​។​

លោក​ស៊ុន​ថ្លែង​បន្ត​ទៀត​ថា​តៃវ៉ាន់​ជា​បញ្ហា​របស់​ប្រទេស​ចិន​សុទ្ធ​សាធ​។ ដូច្នេះ គេ​មិន​ត្រូវ​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ជា​ដាច់​ខាត។ ពុំ​នោះ​ទេ ប្រទេស​ជប៉ុន​ត្រូវ​រ៉ាប់​រង​ទទួល​​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​គ្រប់​យ៉ាង​។​ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ទី​ក្រុង​ប៉េកាំង​ថ្លែង​ថា​លោក​កាណា​ស៊ូគិ​បដិសេធ​មិន​ទទួល​យក​បទ​អន្តរាគមន៍​របស់​អនុ​រដ្ឋ​មន្ត្រី​ចិន​ទេ​ ហើយ​លោក​បាន​បក​ស្រាយ​ឱ្យ​លោក​ស៊ុន​វៃតុង​ស្ដាប់​វិញ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​។​

អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក​ស៊ុន​វៃ​តុង (Sun Weidong) (រូប​ឆ្វេង) និង​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ទី​ក្រុង​ប៉េកាំង លោក​កាណា​ស៊ូគិ កេន​ជិ (Kanasugi Kenji)​ (រូប​ខាង​ស្ដាំ)

ចំណុច​មួយ​ទៀត​ ឆ្លៀត​ពេល​ដែល​ក្រសួង​ការ​បរទេស​​ចិន​ហៅ​ទៅ​ជួប​ហើយ​ លោក​កាណា​ស៊ូគិ​ក៏​បង្ហាញ​ការ​ជំទាស់​នឹង​បទ​អត្ថា​ធិប្បាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​អគ្គ​កុង​ស៊ុល​ចិនប្រចាំ​​ទី​ក្រុង​អូសាកា​ (Osaka) កាល​ពី​សប្ដាហ៍​មុន​។ ពោល​គឺ​បន្ទាប់​ពី​លោក​ស្រី​តាកា​អ៊ី​ឈិ​ឡើង​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​បាន​បន្តិច​​។ លោក​កាណា​ស៊ូគិ​ចាត់​ទុក​ថា​ការ​បង្ហោះ​សារ​នោះ​ហាក់​ដូច​ជា​មិន​សម​រម្យ​បន្តិច​ណាសោះ​។ លោក​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ផ្ដល់​ការ​ឆ្លើយ​តប​ដោយ​សម​ស្រប​ចំពោះ​បញ្ហា​នេះ​។ នៅ​ក្នុង​សារ​របស់​អគ្គ​កុងស៊ុលចិន​​នោះ​ មាន​​​ពាក្យ​មួយ​ឃ្លា​​សរ​សេរ​​ថា​ «បើ​ហ៊ាន​លូក​ក​​គឺត្រូវ​ដាច់​ក​ដោយ​ឥត​បង្អង់​»​​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​អឹន​អេច​ខេ (NHK) និង​ប្រភព​ដទៃ​ទៀត​៕​​

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​នារី​បេះ​ដូង​ដែក​របស់​ជប៉ុន​ដោយ​សារ​លោក​ស្រី​ប្រើ​សម្ដី​មុត និង​ជំហរ​ម៉ឺង​ម៉ាត់​ដូច​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​ម៉ាហ្ការ៉េត​ ថេត​ឆឺ​ (Margaret Thatcher)។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ