ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ​​ជា​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​កែសម្រួល​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះ​មហន្តរាយ​, វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​កុម្ម​ង់​ដូ ជំនាន់​ទី​១០…

ខេត្តកំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​កែសម្រួល​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះ​មហន្តរាយ​, វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​កុម្ម​ង់​ដូ ជំនាន់​ទី​១០ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើកបរ​-​ជួសជុល​អូ​ប័​រ និង​របៀប​សង្គ្រោះ ជំនាន់​ទី​៤​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ដែល​ទទួល​បានការ​ទុកចិត្ត​ពី​រាជរដ្ឋាភិបាល សម្រេច​កែ​សម្រួល​តម្លើង​ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើង​គោក​។ នេះ គឺជា​ជំហាន​ថ្មី​មួយទៀត​ប្រកបដោយ​មោទនភាព​សម្រាប់​កង​យោធពលខេមរភូមិន្ទ​, សម្រាប់​កងទ័ពជើងគោក ក៏​ដូច​ជា​សម្រាប់​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ផ្ទាល់ ហើយ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ការ​ទទួលស្គាល់​សមត្ថភាព​, ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញភារកិច្ច​កន្លង​មក​របស់​យោធិន​ទូ​ទាំង​អង្គភាព​។

លោក​បញ្ចា​ក់ថា​រហូត​មក​ដល់​ពេល​នេះ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ស្ថិត​ក្នុង​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយ​ទទួល​បានការ​កែសម្រួល​ផ្តើម​ពី​កងអនុសេនាធំ​កងទ័ព​ឆត្រយោង​ក្នុង​ឆ្នាំ​១៩៤៨ និង​បាន​ក្លាយជា​កងវរសេនាធំ​នៅ​ក្នុង​ឆ្នាំ​១៩៩៥ និង​ជា​កងពលតូច​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ក្លាយជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឆ្នាំ​២០២០​នេះ ដែល​ជា​ឆ្នាំ​ពិសេស​មួយ ព្រោះ​ជាមួយនឹង​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ជា​កង​អន្តរាគមន៍​ក្នុង​កម្រិត​រចនាសម្ព័ន្ធ​ចាត់តាំង​ថ្មី កងពល​ក៏​ទទួល​បាន​នូវ​ការ​បំពាក់​ឯកសណ្ឋាន​ថ្មី ដែល​រចនា​ដោយ​នាយទាហាន​របស់​អង្គភាព​ផ្ទាល់​។

ប៉ុន្តែ​បេសកកម្ម គឺ​នៅ​ដដែល គឺ​ការ​ហ្វឹកហ្វឺន​ពង្រឹងកម្លាំង និង​ត្រៀម​អនុវត្ត​បទបញ្ជា ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​សុខ​សន្តិភាព ក៏​ដូច​ជា​ការ​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​។ សំខាន់​ផង​ដែរ​នោះ គឺ​ក្នុង​នាម​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​កងទ័ពជើងគោក ដែល​ទទួល​ភារកិច្ច​ជា​ទ័ព​ជំនាញ អង្គភាព​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស​មិនមែន​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អង្គភាព​ក៏​មាន​ភារកិច្ច​បណ្តុះបណ្តាល​កសាង​សមត្ថភាព​លើ​ជំនាញ​នេះ​សម្រាប់​ទូ​ទាំង​កង​យោធពលខេមរភូមិន្ទ ក៏​ដូច​ជា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងមូល​តែ​ម្តង រួម​ទាំង​កង​នគរបាល​ជាតិ​ផង​ដែរ​។

លោ​កថា​សម្រាប់​រយៈពេល​វែង កំណែទម្រង់កងទ័ព​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ជាតិនិយម ក្នុង​នោះ ទី​មួយ​ត្រូវ​ថែរក្សា​នូវ​ស្មារតី​ឆន្ទៈ​សេ្ន​ហា​ជាតិ​, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សុខ​សន្តិភាព​ជាតិ ឯ​ទី​ពីរ ត្រូវ​ធានា​ឱ្យ​បាន​នូវ​សមត្ថភាព​ម្ចាស់​ការ​លើ​ការ​បំពាក់ និង​ការ​ហ្វឹកហ្វឺន​។ ចក្ខុវិស័យ​របស់​កងទ័ពជើងគោក​ក្នុង​ការ​កែទម្រង់ គឺ​ការ​ហ្វឹកហ្វឺន​ត្រូវធ្វើ​ជា​ជំហាន​ៗ ជា​ពិសេស​ការ​ហ្វឹកហ្វឺន​ទ័ព​ជំនាញ ហើយ​ត្រូវ​ប្រមូលផ្តុំ​ពីលើ​ចុះ​ក្រោម ឱ្យ​សម​ស្រប​នឹង​ធនធាន​របស់​យើង ស្រប​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​ខួប ២០ ឆ្នាំ បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​តម្រូវ​ឱ្យ​ពង្រឹង​ការ​ហ្វឹកហ្វឺន និង​បង្កើន​សមត្ថភាព​លើ​គ្រប់​ផ្នែក​។

លោក​ហ៊ុន ម៉ា​ណែ​ត​ក្នុង​ទិស​ដៅ​នេះ ការ​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ពិសេស គឺ​ស្ថិត​នៅ​ក្នុង​ផែនការ និង​ចក្ខុវិស័យ​នៃ​ការ​ពង្រឹង និង​កំណែទម្រង់ ដើម្បី​ឈាន​ទៅ​ភាព​ម្ចាស់​ការ​ក្នុង​ការ​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ហ្វឹកហ្វឺន​លើ​ជំនាញ​ទ័ព​ពិសេស​នៅ​ក្នុង​កង​យោធពលខេមរភូមិន្ទ​។ និរន្តរភាព​នៃ​ការ​ផ្ទេរ​ចំណេះ​ជំនាញ និង​សមត្ថភាព គ្មាន​អ្វី​ក្រៅពី​ការ​ពង្រឹង​យោធា​ចា​រ្យ និង​សាលា​នោះ​ទេ​។ ដូច្នេះ ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​, កម្មវិធី​សិក្សា និង​យោធា​ចា​រ្យ គឺជា​កិច្ចការ​សំខាន់​។ ទាំងនេះ គឺ​ការ​វិនិយោគ​រយៈពេល​វែង ជា​ការ​កសាង​មូលដ្ឋាន​ជា​ជំហាន​ៗ សំដៅ​ធានា​និរន្តរភាព​។

លោក​បាន​បញ្ចា​ក់​ផង​ដែរ​ថា​នៅ​ក្នុង​ការងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​ហ្វឹកហ្វឺន​ក៏​ជា​កិច្ចការ​សំខាន់​ផង​ដែរ ជា​ពិសេស ឆ្លង​តាម​បទ​ពិសោធន៍​កន្លង​មក ការ​ផ្សារ​ភ្ជាប់​ពី​ការ​ហ្វឹកហ្វឺន​ទៅ​នឹង​ការ​ពិត គឺជា​កត្តា​ចំ​បាច់ ដើម្បី​បង្កើត​នូវ​ភាព​ក្លាហាន និង​ភាព​ថ្នឹក​ប៉ិន​ប្រសប់​។ សូម​ថែ្ល​ង​អំណរ​គុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​សម្តេច និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ផ្តល់​អាទិភាព​ខ្លាំង​ដល់​ការ​រៀបចំ​កម្លាំង​, ការ​ហ្វឹកហ្វឺន​កម្លាំង និង​ការ​បំពាក់​សម្ភារៈ​បម្រើ​ឱ្យ​ការងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។ នៅ​ក្នុង​គ្រោះ​មហន្តរាយ មួយ​វិនាទី​ណា​ក៏​សំខាន់​សម្រាប់​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ដែរ​។ ដូច្នេះ ទន្ទឹម​នឹង​ការ​ការពារ​ជាតិ ការពារ​សុខ​សន្តិភាព ដែល​ជា​ភារកិច្ច​ស្នូល​របស់​កងទ័ព ភារកិច្ច​បន្ថែម​របស់​យើង គឺ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ថា​ទាំង​នៅ​ក្នុង​បេសកកម្ម​ថែរក្សា​ការពារ​បូរណភាព​ទឹកដី​, ការពារ​សុខ​សន្តិភាព ស្ថិរភាព​, ប្រតិបត្តិការ​សង្គ្រោះ​ទឹកជំនន់ អគារ​បាក់ គឺ​សុទ្ធតែ​ជា​ប្រតិបត្តិការ​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ តួយ៉ាង​ការ​ថែរក្សា​បាន​នូវ​ស្ថិរភាព និង​រារាំង​កុំឱ្យ​មាន​សង្គ្រាម គឺ​ដូច​ជា​ការ​ថែរក្សា​ការពារ​បាន​នូវ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​យើង​រាប់​មិន​អស់ ដូច្នេះ​សូម​គ្រប់​បណ្តា​-​ស្ថាប័ន​កងឯកភាព ក៏​ដូច​ជា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងមូល សូម​ពង្រឹង​នូវ​ស្មារតី ឆន្ទៈ មនសិការ​ស្នេហា​ជាតិ ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​សុខ​សន្តិភាព ដែល​បាន​មក​ដោយ​ការ​លំបាក និង​ចូលរួម​ដើម្បី​ជួយ​ប្រទេស​ជាតិ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​យើង​៕

អត្ថបទសរសេរ ដោយ