ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ដែលមានមុខរបរលក់សត្វចង្រិត ត្រូវជនមិនស្គាល់មុខស្ទាក់វាយប្លន់យកម៉ូតូស៊េរីទំនើបបានដោយសុវត្ថិភាព ពេលគាត់ជិះត្រឡប់មកពីលក់សត្វចង្រិតវិញ នៅវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី៣០ កក្កដា នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ដោយជនសង្ស័យបានបន្សល់ទុកម៉ូតូកញ្ចាស់១គ្រឿងនៅកន្លែងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចមើលនិងធ្វើការស្រាវជ្រាវ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាយ ស្រីមុំ ស្រីអាយុ៣៧ឆ្នាំ មានមុខរបរលក់សត្វចង្រិត រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ។ ម៉ូតូដែលត្រូវចោរប្លន់ម៉ាក់ហុងដាឌ្រីមពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-2188។ ប្រភពបានឱ្យដឹងទៀតថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ដែលអង្គុយសំកុកនៅលើម៉ូតូកញ្ចាស់មួយគ្រឿងជាស្រេច ចាំស្ទាក់វាយប្លន់នៅតាមផ្លូវ ពេលគាត់ជិះម៉ូតូត្រឡប់មកពីលក់ចង្រិតវិញ។
ជននោះ បានប្លន់យកម៉ូតូស្ត្រីរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព តែបានបន្សល់ទុកម៉ូតូកញ្ចាស់មួយគ្រឿងនៅទីនោះ។ស្ត្រីរងគ្រោះឈ្មោះ សាយ ស្រីមុំ បានរាយការណ៏ប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃគាត់តែងងើបនៅវេលាទៀបភ្លឺដើម្បីដឹកចង្រិតទៅលក់នៅផ្សារព្រៃចែក នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ហើយនៅព្រឹកកើតហេតុ ក៏គាត់បានដឹកចង្រិតទៅលក់ដូចសព្វដងដែរ។ គាត់និយាយថា នៅព្រឹកកើតហេតុ ពេលលក់ចង្រិតអស់ទាំងព្រលឹម គាត់ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

ប៉ុន្តែពេលគាត់ជិះទៅដល់ចំណុចកើតហេតុ ឃើញមនុស្សប្រុសម្នាក់កំពុងអង្គុយលើម៉ូតូកញ្ចាស់មួយគ្រឿងនៅក្បែរផ្លូវ។ ស្ត្រីរងគ្រោះបានបញ្ជាក់ថា ពេលគាត់ជិះទៅដល់ ស្រាប់តែជននោះងើបពីម៉ូតូដើរសំដៅមកកាក់គាត់ ហើយវាយក្បាលគាត់មួយដៃរបណ្ដាលឱ្យគាត់ធ្លាក់ពីលើម៉ូតូ រួចទាញម៉ូតូគាត់ជិះចេញទៅបាត់ តែជននោះបានទុកម៉ូតូកញ្ចាស់ដែលជននោះជិះមក នៅកន្លែងកើតហេតុ។ ក្រោយពីត្រូវជននោះនោះប្លន់យកទៅបាត់ គាត់ក៏បានរាយការណ៏ប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ។
ពាក់ព័ន្ធនឹងករណីចោរជិះម៉ូតូចាស់មកប្លន់យកម៉ូតូថ្មីរបស់ស្ត្រីលក់ចង្រិតខាងលើនេះ លោក វ៉េ គឹមចត់ អធិការរងស្រុកសង្កែ បានប្រាប់កោះសន្តិភាពថា លោកបានដឹងរឿងនេះហើយ តែមិនទាន់បានចុះពិនិត្យនៅឡើយទេ។ ព្រោះលោកកំពុងជាប់ប្រជុំនៅឡើយ ប៉ុន្តែកម្លាំងនគរបាលប៉ុស្តិ៍កំពុងចុះសួរនាំនៅកន្លែងនោះហើយ។

គួរកត់សម្គាល់ផងដែរ ចំពោះអំពើចោរកម្មដែលកំពុងកើតឡើងនៅពេលនេះ ហាក់កំពុងផុសផុលស្ទើរគ្រប់ទីកន្លែង មិនថា នៅក្នុងក្រុង ឬ នៅតាមបណ្ដាស្រុកនានានោះទេ។ ប៉ុន្តែបទល្មើសមួយចំនួនត្រូវបានមន្ត្រីមូលដ្ឋានព្យាយាមលាក់បាំងមិនរាយការណ៍ទៅការិយាល័យជំនាញ ឬ ថ្នាក់លើបានជ្រាបឡើយ។ ព្រោះខ្លាចមានការរិះគន់ថា មូលដ្ឋានខ្លួនមានបទល្មើសច្រើន ឬ មន្ត្រីមូលដ្ឋានអន់មិនអាចទប់ស្កាត់ឬបង្ក្រាបមិនបាន។

អំពើចោរកម្មដែលកំពុងកើតឡើងយ៉ាងកក្រើកនៅពេលនេះ ដូចជា៖ ចោរលួច ចោរឆក់ ចោរកាច់សោរលួចម៉ូតូ និង ចោរគាស់លំនៅឋានលួចទ្រព្យសម្បត្តិល។ល។ ប៉ុន្តែវិធានការទប់ស្កាត់ ឬ ការបង្ក្រាបរបស់សមត្ថកិច្ចហាក់គ្មានប្រសិទ្ធភាព ឬ នៅទ្រឹងតែម្ដង ដែលធ្វើឱ្យអំពើចោរកម្មនេះ រីករាលដាលកាន់តែកក្រើកស្ទើរគ្រប់ទីកន្លែង។
ទោះយ៉ាងណា ជុំវិញករណីលោកចោរជិះម៉ូតូកញ្ចាស់មកស្ទាក់ប្លន់យកម៉ូតូថ្មី របស់ស្ត្រីលក់ចង្រិតខាងលើនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចមានតម្រុយហើយឬយ៉ាងណានោះទេ ? ក្រោយពីបានពិនិត្យភិនភាគម៉ូតូកញ្ចាស់មួយគ្រឿងដែលលោកចោរដ៏ព្រហើន បានបន្សល់ទុកនៅកន្លែងកើតហេតុ សម្រាប់ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ៕
ចែករំលែកព័តមាននេះ