រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA Novosti បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី បានអះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលជារបស់ប្រទេសនេះផ្ទាល់ កំពុងដំណើរការចុះបញ្ជីហើយ។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលក្រោមអធិបតីភាពរបស់ ប្រធានាធិបតី Vladimir Putin ឧបនាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ី លោក Tatyana Golikova ដែលកំពុងមើលការខុសត្រូវលើការឆ្លើយតបនឹងមេរោគកូវីដ១៩ បាននិយាយថា ប្រទេសនេះ គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងចំនួនពីរនៅក្នុងខែកញ្ញា និងខែតុលា។

ប្រទេសរុស្ស៊ី មិនបានបញ្ចេញទិន្នន័យវិទ្យាសាស្ត្រស្តីពីការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនទេ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងថា ដំណាក់កាលនៃការធ្វើតេស្តវ៉ាក់សាំងរបស់មនុស្សមិនពេញលេញទេ។
ក្រុមអ្នករិះគន់និយាយថា ការជម្រុញវ៉ាក់សាំងរបស់ទីក្រុងម៉ូស្គូ កើតឡើងនៅពេលដែលសម្ពាធនយោបាយកើនឡើង ដែលចង់បង្ហាញរុស្ស៊ីជាអ្នកខ្លាំងខាងវិទ្យាសាស្ត្រពិភពលោក។ លោក Golikova បាននិយាយថា ប្រទេសនេះ មានវ៉ាក់សាំងជោគជ័យបំផុតចំនួនពីរ។

លោកបាននិយាយថា៖ «មួយក្នុងចំណោមទាំងពីរនេះ ត្រូវបានបង្កើតរួមគ្នាដោយវិទ្យាស្ថានGamaleya របស់ក្រសួងសុខាភិបាល និងវិទ្យាស្ថានស្រាវជ្រាវទី ៤៨ នៃក្រសួងការពារជាតិ។ ខែសីហានេះ យើងគ្រោងនឹងចុះឈ្មោះវាក្នុងល័ក្ខខណ្ឌមួយមានន័យថា បន្ទាប់ពីការចុះឈ្មោះវា ហើយនឹងមានការសាកល្បងព្យាបាលលើមនុស្សចំនួន ១៦០០នាក់។ ការផលិតវ៉ាក់សាំងនេះ ត្រូវបានគ្រោងទុកសម្រាប់ខែកញ្ញា ឆ្នាំ២០២០»។
ថ្នាំវ៉ាក់សាំងមួយទៀត ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Vektor នៃ Rospotrebandzor បានចាប់ផ្តើមសាកល្បងគ្លីនិករួមគ្នា ដែលនឹងត្រូវបញ្ចប់នៅដើមខែកញ្ញា ហើយនៅក្នុងខែកញ្ញា វានឹងត្រូវបានចុះបញ្ជីរដ្ឋ ដែលនឹងត្រូវផលិតចាប់ពីខែតុលា៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ